ទៅឆ្លុះចាប់កង្កែបនៅក្រោយផ្ទះត្រូវពស់ចឹកស្លាប់ ទុកឲ្យប្រពន្ធនិងកូនតូច ៣នាក់នៅកំព្រា

ខេត្តបាត់ដំបង ៖ បុរសម្នាក់ចេញពីផ្ទះ ទៅឆ្លុះចាប់សត្វកង្កែប រួចបត់ជើងធំ ត្រូវសត្វពស់ចឹកជើងសងខាង ៤ចង្កូម បណ្តាលឲ្យដេកដួលស្លាប់ យ៉ាងអាណោចអាធ័ម នៅចម្ងាយពីផ្ទះជាង ១០០ម៉ែត្រ ត្រូវបានប្រពន្ធតាមរកប្រទះឃើញ នៅវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បុរសរងគ្រោះ ដែលស្លាប់ដោយសត្វពស់ចឹក មានឈ្មោះ សន ឈឿប ហៅ វ៉ិត អាយុ ៤០ឆ្នាំ របួសជើងសងខាង ដោយម្ខាង ២ចង្កូម មានមុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងប្រពន្ធឈ្មោះ ស៊ិន មុំ អាយុ ៣០ឆ្នាំ មានកូន តូច ៣នាក់ ប្រុស ២នាក់ ស្រីម្នាក់ក្នុងបន្ទុក ។
ឈ្មោះ ស៊ិន មុំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅវេលាព្រលប់ម៉ោង ១៩យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ប្តីគាត់បានហូបបាយ ហើយក៏ទាញឧបករណ៍ និងពិលពាក់ទៅឆ្លុះកង្កែបបាត់ មិនឃើញត្រឡប់មកវិញទេ អស់ពេលមួយយប់ទល់ភ្លឺ ។ លុះព្រឹកឡើងវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ខ្លួនបានដើរទៅរកមើលប្តី នៅវាលស្រែចម្ងាយ ១០០ម៉ែត្រ ក៏ប្រទះឃើញ ប្តីដេកស្លាប់ម្នាក់ឯង រួចក៏ស្រែកហៅអ្នកភូមិ និងប្តឹងទៅសមត្ថកិច្ច ឲ្យចុះមកត្រួតពិនិត្យ៕
Source from: watphnom-news.com