ម៉ូតូ ២គ្រឿងបើកហួសល្បឿន បោលបុកគ្នាលាន់ដូចរន្ទះ របួសធ្ងន់ម្នាក់ និងស្រាល ២នាក់

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានរងរបួសធ្ងន់ និង ២នាក់ទៀត រងរបួសស្រាល ដោយសារតែម៉ូតូពីរគ្រឿង បោលបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៦និង៤០ នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលំក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ហើយជនរងគ្រោះ ត្រូវសមត្ថកិច្ចបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ អាយុជីវិតភ្លាមៗផងដែរ។
មុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CB-1454 បើកបរដោយឈ្មោះ វ៉ា សឹង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម បានរងរបួសធ្ងន់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ 1BH-0743 បើកបរដោយ បុរសម្នាក់ឈ្មោះ ញ៉ែម សារ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ាក់ សុក ភេទស្រី អាយុ ៦០ឆ្នាំ មានរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
Source from: watphnom-news.com