យន្តហោះចម្បាំងចិនហោះប្រកិតយន្តហោះយោធាជប៉ុនចម្ងាយ៣០ម៉ែត្រលើដែនតំបន់មានជម្លោះ

តាមការចុះផ្សាយរបស់សារព័ត៌មាន CHANNEL NEWS ASIA បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ម្សិលមិញ ជប៉ុនបានធ្វើការចោទប្រកាន់ទៅលើអាជ្ញាធរចិន ដែលបានប្រើប្រាស់យន្តហោះចម្បាំងនៅលើតំបន់ដែនសមុទ្រកំពុងមានជម្លោះយ៉ាងប្រកៀកប្រកិត ត្រឹមចម្ងាយប្រមាណ៣០ម៉ែត្រ ប៉ុណ្ណោះ ពីយន្តហោះយោធាជប៉ុន ដែលអាចប្រឈមឲ្យមានការប៉ះទង្គិចគ្នារវាងយន្តហោះយោធារបស់ប្រទេសទាំង២ជាយថាហេតុ។
អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ យន្តហោះចម្បាំងរបស់ចិនធុន SU-27 បានហោះហើរទៅក្បែរយន្តហោះយោធាជប៉ុនធុន OP-3C ក្នុងចម្ងាយ៣០ម៉ែត្រ នៅលើដែនទឹកនៃសមុទ្រចិនភាគខាងកើត ដែលកំពុងមានជម្លោះ ខណៈដែលយន្តហោះចម្បាំងរបស់ចិនធុន SU-27 ដដែលនេះ ក៏បានហោះហើរទៅក្បែរយន្តហោះយោធាជប៉ុនធុន YS-11 EB លើដែនតំបន់កំពុងមានជម្លោះគ្រប់គ្រងដោយទីក្រុង TOKYO ផងដែរ។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ យន្តហោះឈ្លបយកការណ៍កម្រិតខ្ពស់រយៈកម្ពស់ហោះហើរ១៨គីឡូម៉ែត្រគ្មានមនុស្សបើកបរធុន GLOBAL HAWK របស់សហរដ្ឋអាមេរិក ដែលអាចហោះហើរបានរយៈពេល៣០ម៉ោង បានចាប់ផ្តើមប្រតិបត្តិការលើកដំបូងនៅជប៉ុនរហូតដល់ខែតុលា ឆ្នាំ២០១៤ ខាងមុខ ដោយការដាក់យន្តហោះឈ្លបយកការណ៍នេះត្រូវបានមន្ត្រីអាមេរិក អះអាងថា ក្នុងគោលបំណងតាមដានដំណើរខ្យល់ព្យុះទីហ្វុង ដែលអាចវាយប្រហារ GUAM នៅរដូវក្តៅ។
ដោយឡែកសារព័ត៌មានអន្តរជាតិនានា ក៏ដូចជាមជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយយោធាអន្តរជាតិបានចុះផ្សាយ និងលើកឡើងថា ការដាក់យន្តហោះគ្មានមនុស្សបើកបរឈ្លបយកការណ៍របស់អាមេរិកនេះ អាចជាការតាមដានកូរ៉េខាងជើង និងចិន នៅពេលដែលទីក្រុងព្យុងយ៉ាងកំពុងអភិវឌ្ឍន៍នុយក្លេអ៊ែរ ហើយទីក្រុងប៉េកាំងកំពុងពង្រីកកម្លាំងយោធា លើដែនសមុទ្រមានជម្លោះទាំងភាគខាងកើត ទាំងភាគខាងត្បូង៕
Source from: www.dtn7.com