ឡានបើកបុកម៉ូតូពីក្រោយ ស្លាប់ប្តីនិងប្រពន្ធ កំពុងមានផ្ទៃពោះ ៧ខែ កណ្តាលភ្លៀងជោកជាំ

ខេត្តរតនគិរី ៖ យ៉ាងហោចណាស់មនុស្ស ២នាក់ ជាប្តីប្រពន្ធកំពុងមានផ្ទៃពោះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ឌ្រីមសង់ពីក្រោយ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
លោកអនុសេនីយ៍ឯក ផាន់ តិ អធិការរង ស្រុកកូនមុំ បានអោយដឹងថា ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរ ក្នុងទិសដៅពីក្រុងបានលុង មកស្រុកកូនមុំ លុះមកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តបុកពីក្រោយ ក្នុងទិសដៅស្របគ្នាបណ្តាលឲ្យអ្នកដែលជិះម៉ូតូ ដួលបោកនិងផ្លូវជាតិ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ តែម្តង។ ចំណែករថយន្តបង្កបានបើករត់គេច បាត់ស្រមោល ស្របពេលមេឃ កំពុងភ្លៀងខ្លាំងផងនោះ។
លោក ផាន់ តិ បានបន្តទៀតថា ជនរងគ្រោះជាប្តី មានឈ្មោះ ជៃ រ៉ាត អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ បានស្លាប់បាត់បងជីវិត នៅនឹងកន្លែង និងអ្នករួមដំណើរ ជាប្រពន្ធឈ្មោះ ធីង សុផាត អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិត ខណៈមានកូន ៧ខែ នៅក្នុងពោះផងនោះ អ្នកទាំងពីរមានទីលំនៅ ក្នុងភូមិ២ ឃុំត្រពាំក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន និងប៉ូលិសចរាចរណ៍ បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងធ្វើ កំណត់ហេតុយកម៉ូតូ និងសាកសពមកតំកល់ទុក នៅអធិការនគរបាល ស្រុកកូនមុំ ដើម្បីរងចាំក្រុមគ្រូសារ សាច់ញាតិយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក ដែលរត់គេចបាត់នោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមរកអោយទាល់តែឃើញ ដើម្បីអោយម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ បានលុង
Source from: watphnom-news.com