សម្លាប់បុរសវ័យចំណាស់ នៅក្នុងថ្លុកឈាមក្បែរគុម្ពឫស្សី សង្ស័យប្លន់លុយ ៧០ម៉ឺនរៀល

ខេត្តកំពង់ឆ្នាំង ៖ លោកតាអាយុ ៨៧ឆ្នាំ ម្នាក់ត្រូវបានគេវាយសម្លាប់ នៅក្បែរគុម្ពឫស្សី ដោយក្រុមគ្រួសារសង្ស័យថា ជារឿងវាយសម្លាប់ ប្លន់យកប្រាក់ ៧០ម៉ឺនរៀល ដែលគាត់បានលាក់ទុក ក្នុងហោប៉ៅខោខ្លី ត្រូវបានកូនដើររក និងប្រទះឃើញសព នៅខាងលិចផ្ទះចម្ងាយ ២០០ម៉ែត្រ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បន្ទាប់ពីជនរងគ្រោះបានបាត់ខ្លួន ពេញមួយយប់រួចមក។
លោកតារងគ្រោះ មានឈ្មោះ ឃឹម ស្រ៊ុន អាយុ ៨៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ហើយជារៀងរាល់ថ្ងៃរសៀល គាត់តែងតែទៅសម្រាកលេង ក្នុងផ្ទះមួយខ្នង ដែលគេបោះបង់ចោល នៅក្បែរព្រៃពីងពង់ កន្លែងកើតហេតុ រហូតដល់ពេលល្ងាច តែងត្រលប់មកផ្ទះវិញ។ ប៉ុន្តែនៅល្ងាចថ្ងៃទី២៥ ខែឧសភាមិនឃើញគាត់ត្រឡប់មកផ្ទះ ដូចសព្វដងទេ ហើយក្នុងល្ងាចនោះដែរ កូនចៅបានដើររកពេញភូមិ តែរកគាត់មិនឃើញទេ ។ លុះព្រឹកឡើង ក៏បានប្រទះឃើញ ជនរងគ្រោះដេកស្លាប់ នៅក្នុងព្រៃពីងពង់ ដោយត្រូវគេវាយត្រូវក្បាល ភ្នែក និងមានឈាមហូរដក់នៅពេញដី។
បន្ទាប់មកកូនចៅ បានសែងយកសពជនរងគ្រោះ មកតម្កល់ទុកនៅផ្ទះ និងបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអោយជួយស្រាវជ្រាវ វែកមុខជនល្មើស នាំទៅផ្តន្ទាទោស។ ជនរងគ្រោះបានលាក់លុយ ទុកជាប់ខ្លួនចំនួន ៧០ម៉ឺនរៀល ជាយូរមកហើយ នៅពេលគាត់ស្លាប់ លុយនៅក្នុងហោប៉ៅ ក៏បាត់អស់ដែរ ដែលករណីនេះ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិសង្ស័យថា ជាករណីប្លន់សម្លាប់ យកលុយ ៧០ម៉ឺនរៀល តែសមត្ថកិច្ចមិនទាន់ ធ្វើការសន្និដ្ឋាន បែបណានៅឡើយទេ៕
Source from: watphnom-news.com