Video Clip សឹងអាក្រាតរបស់មហេសីបុត្រាស្តេចថៃផ្តើមកម្រើកសាជាថ្មីក្នុងគេហទំព័រល្បីរបស់អង់គ្លេស(មានវីដេអូ)

ស្របពេលដែលមានព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ Prayuth Chan-Ocha អគ្គមេបញ្ជាការកំពូល និងជាមេបញ្ជាការកងទ័ពជើងគោកស្និទ្ធនឹងរាជវាំងអស់រយៈពេលជិតមួយសប្តាហ៍មកហើយនោះ ស្រាប់តែវីដេអូឃ្លីប(Video Clip)មួយថតក្នុងរាជវាំងថៃក្នុងទីក្រុងបាងកក បង្ហាញអំពីរូបសឹងអាក្រាតរបស់មហេសីរាជទាយាទថៃ ត្រូវបានគេហទំព័រដ៏ល្បីឈ្មោះមួយរបស់អង់គ្លេសយកមកបង្ហោះឡើងវិញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់ប្រជារាស្ត្រថៃ ជាពិសេសព្រះបរមរាជវាំង រហូតដល់ថ្នាក់អាជ្ញាធរយោធាថៃសម្រេច Block គេហទំព័រអង់គ្លេសដែលចុះផ្សាយរឿងអាស្រូវដ៏ចម្រូងចម្រាសអំពីរាជទាយាទថៃនេះយ៉ាងតក់ក្រហល់ នៅវេលារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញ (មិនឲ្យប្រជារាស្ត្រនៅស្រុកថៃមើលឃើញ) ។
គេហទំព័រល្បីរបស់អង់គ្លេសឈ្មោះ Mail Online ដែលបានបង្ហោះនូវវីដេអូឃ្លីបបង្ហាញអំពីរូបសឹងអាក្រាតទាំងស្រុងរបស់មហេសីបុត្រាស្តេចថៃឡើងវិញនោះ បានបញ្ជាក់ថា គឺជាវីដេអូឆ្លុះបញ្ចាំងឲ្យឃើញនូវភាពអាប់ឱនសីលធម៌ បង្កដោយព្រះអង្គម្ចាស់ Maha Vajiralongkorn ជារាជទាយាទស្នងរាជពីបិតារបស់ទ្រង់ គឺស្តេច Bhumibol Adulyadej ព្រះជន្ម៨៦ព្រះវស្សា និងព្រះអង្គម្ចាស់ក្សត្រី Srirasmi ជាមហេសីរបស់ទ្រង់ គ្រងសម្លៀកបំពាក់ឈុតដ៏ស្តើងឆ្លុះសាច់បញ្ចេញល្វែងលើយ៉ាងច្បាស់ក្រឡែត និងសល់តែខោទ្រនាប់នៅល្វែងខាងក្រោមចំពោះមុខអ្នកបម្រើប្រុស-ស្រី នាថ្ងៃរៀបចំពិធីខួបកំណើតឲ្យសុនខរបស់ទ្រង់មួយក្បាលឈ្មោះ Foo Foo អមជាមួយបទចម្រៀងច្រៀងផ្ទាល់ Happy Birthday ដល់សត្វឆ្កែក្នុងរាជវាំងទីក្រុងបាងកក ។
ព្រះអង្គម្ចាស់ Maha Vajiralongkorn ជារាជទាយាទថៃ ធ្លាប់មានមហេសីមុនទទួលបានបុត្រាចំនួន៤អង្គ តែត្រូវបាននិរទេសខ្លួនតាំងពីឆ្នាំ១៩៩៦ ហើយកំពុងរស់នៅឯសហរដ្ឋអាមេរិក ។ ក្រោយមក រាជទាយាទថៃអង្គនេះបានរៀបអភិសេកជាមួយមហេសីថ្មី គឺព្រះអង្គម្ចាស់ក្សត្រី Srirasmi នាឆ្នាំ២០០១ ដោយទទួលបានបុត្រាមួយអង្គព្រះជន្ម៩ព្រះវស្សា ។
Mail Online បានឲ្យដឹងដែរថា ព័ត៌មានមួយពីអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកម្នាក់ប្រចាំទីក្រុងបាងកក ធ្លាប់បានបង្ហើបអំពីរឿងសម្ងាត់ដែលព្រះអង្គម្ចាស់ក្សត្រី Srirasmi ឲ្យលោកដឹងក្នុងពេលទទួលទានអាហារពេលល្ងាចថា ឆ្កែ Foo Foo "កាន់តំណែងជាអគ្គសេនាប្រមុខជើងអាកាស" ។ ព័ត៌មានដែលលេចធ្លាយពីមន្ត្រីការទូតសហរដ្ឋអាមេរិក បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូបមានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីរាជទាយាទថៃអង្គនេះ និងមហេសីរបស់ទ្រង់ ។
ព័ត៌មានពី Mail Online បានឲ្យដឹងទៀតថា រាជទាយាទថៃ និងមហេសីរបស់ទ្រង់ទើបបានចាកដេញពីសណ្ឋាគារផ្កាយ៥ Tylney Hall ក្នុងទីក្រុង Hampshire របស់អង់គ្លេសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ជាទីដែលទ្រង់ទាំង២ និងអ្នកហែហមប្រមាណ៣០នាក់ស្នាក់នៅជិតមួយសប្តាហ៍មកហើយ ។
ប្រភពព័ត៌មានមួយពីក្នុងប្រទេសថៃ ដែលសុំមិនបញ្ចេញឈ្មោះ ដ្បិតខ្លាចមានការសងសឹកក្រៅប្រព័ន្ធច្បាប់ បាននិយាយឲ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ថា "មានមនុស្សច្រើនណាស់មិនចង់ឲ្យរាជទាយាទអង្គនេះយាងវិលត្រឡប់មកស្រុកវិញទេ" ៕
Source from: www.dtn7.com