អណ្តូងមរណៈឆក់យកជីវិត បងប្អូនប្រុសស្រី ៧នាក់ ដោយសារតែតាមរកលុយ ៣ពាន់រៀល

ខេត្តសៀមរាប ៖ មនុស្សប្រុសស្រី ៧នាក់ ត្រូវបានស្លាប់ក្នុងអណ្តូងលូ ក្នុងពេលតែមួយ និងម្នាក់ទៀត ត្រូវអ្នកស្រុកជួយសង្គ្រោះ រួចផុតពីសេចក្តីស្លាប់ ខណៈដែលពួកគេបានចុះ ទៅយកលុយដែលបានធ្លាក់ក្នុងអណ្តូង ចំនួន ៣ពាន់រៀលប៉ុណ្ណោះ កាលពីវេលាម៉ោង ៥និង២៥ នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សាក្សីបានឲ្យដឹងថា ដំបូងឡើយឪពុកជនរងគ្រោះទាំងនោះ បានធ្លាក់ដែកកេះ និងលុយចំនួន៣ពាន់រៀល ហើយក៏បានចុះស្រង់ដែកកេះនោះ នៅសល់តែលុយ ហើយនៅពេលកូនៗមកដល់ផ្ទះ ដឹងពីការបាត់លុយក្នុងអណ្តូងនេះ ក៏ចុះទៅស្រង់ ស្រាប់តែបាត់មាត់បាត់.ក មិនបានឆ្លើយតបមកវិញ រហូតអ្នកទី២ ចុះទៅទៀតក៏បាត់ទៀត បន្តបន្ទាប់មកអ្នកទី ៣-៤ រហូតដល់៧នាក់ ក្នុងនោះមានស្រីម្នាក់ផង បានស្លាប់ក្នុងអណ្តូងទាំងអស់ បង្កឲ្យមានការផ្អើលឆោឡោ ដល់អ្នកភូមិ មកចោមរោមមើល និងជួយសង្គ្រោះមនុស្សម្នាក់ រួចផុតពីក្នុងអណ្តូង។
ជនរងគ្រោះប្រុសស្រី ៧នាក់ មានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៣០ឆ្នាំ នៅក្នុងគ្រួសារតែមួយ ត្រូវអណ្តូងមរណៈ ឆក់យកអាយុជីវិត យ៉ាងអាណោចអាធ័មបំផុត។ សាក្សីបានបញ្ជាក់ថា នៅពេលដែលឪពុកជនរងគ្រោះ ដាក់បង្អោងចុះស្រង់យកដែកកេះ ក៏បានទុកបង្អោងក្នុងអណ្តូង ដែលមានជម្រៅលូប្រមាណ ៥កង់ ហើយនៅពេលដែលកូនៗ ដឹងពីការបាត់លុយ ក៏ចុះតាមបង្អោងទៅស្វែងរកលុយនោះ រហូតបាត់បង់ជីវិត ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង៕
Source from: watphnom-news.com