ខឹងកូនស្រីដើរលេងជាមួយប្រុសស្នេហ៍ ដល់យប់ជ្រៅទូន្មានលែងស្តាប់ ចងកសម្លាប់ខ្លួន

រាជធានីភ្នំពេញ ៖ ស្ត្រីជាមា្តយសង្ស័យមានវិបតិ្ត ដោយសាររឿងរ៉ាវក្នុងគ្រួសារ បានសម្រេចចិត្តចងក ប៉ុនប៉ងធ្វើអត្តឃាត តែត្រូវអ្នករស់នៅជិតខាង ឃើញទាន់ក៏នាំគ្នាស្រាយចំណង ហើយហៅរថយន្តសាមុយ ដឹកបញ្ជូនចូលទៅ សង្គ្រោះបនា្ទន់ នៅមន្ទីរពេទ្យព្រះកុសុមៈ កាលពី វេលាម៉ោង ៦និង៣០ នាទីព្រលប់ថ្ងៃទី៣០ ខែឧសភា ២០១៤ នៅក្នុងភូមិអូរអណ្តូង សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលគិតខ្លីនោះ មានឈ្មោះ ប៉ាន់ ស៊ីផុន អាយុ ៣៩ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ កែវ មុនី អាយុ ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានកូនប្រុសស្រី ៧នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុគាត់បាន ប្រើកូនប្រុសអាយុ ១៥ឆ្នាំ ទៅយកខ្សែពណ៌ខ្មៅឲ្យគាត់ តែមិនបានដឹងថាម្តាយ យកទៅចងកធ្វើអត្តឃាត នោះទេ ទាល់តែឃើញម្តាយ ទម្លាក់ខ្លួនស្តោកចុះមកក្រោម ដោយចងកជាប់និងខ្សែ ដែលយកអោយនោះ ជាមួយឃ្នៀបផ្ទះធ្វើពីឈើ មានកម្ពស់ទាប ក៏បានស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាង រត់មកជួយកាត់ខ្សែទម្លាក់ចុះ មិនទាន់ដាច់ខ្យល់ស្លាប់នៅឡើយទេ គ្រាន់តែសន្លប់ប៉ុណ្ណោះ ។
អ្នកភូមិបានទូរស័ព្ទទំនាក់ទំនង ហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង មកដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ភា្លមៗតែម្តង ដែលរហូតមកដល់ពេលនេះ ស្ត្រីរងគ្រោះបានរួចចាកពីសេចក្តីសា្លប់ហើយ។ ប្រភពពីកូនប្រុសស្រីក្នុងគ្រួសារ បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលស្ត្រីរងគ្រោះ ដាច់ចិត្តចងកធ្វើអត្ថឃាតនេះ ព្រោះតែគាត់ខឹងនឹងកូនស្រីច្បង ដែលចូលចិត្តដើរលេង ជាមួយប្រុសស្នេហ៍យប់ៗជ្រៅទើបចូលមកដល់ផ្ទះ ហើយនិយាយណែនាំមិនសា្តប់ ទើបគាត់សម្រេចចិត្តចងកធ្វើ តែម្តងទៅ ។ សំណាងល្អបានកូនឃើញទាន់ និងអ្នកភូមិជួយដឹកទៅពេទ្យទាន់ពេលវេលា៕
Source from: watphnom-news.com