មេខ្យល់ម្នាក់ដែលនាំពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃត្រូវបានចាប់ឃាត់ខ្លួន

បុរសជាមេខ្យល់ម្នាក់ដែលនាំពលករខ្មែរឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញ ខណៈបុរសរូបនេះមានគម្រោងនាំពលករខ្មែរចំនួន២០នាក់ចេញតាមច្រករបៀងឲ្យទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ។
សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បុរសជាមេខ្យល់ដែលមានគម្រោងនាំពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃត្រូវបានចាប់ឃាត់ខ្លួននោះ មានឈ្មោះ ថម ធឿម អាយុ៣៦ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ពលករខ្មែរទាំង២០នាក់នោះ គឺមេខ្យល់បាននាំពីស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមុនដំបូងគេបម្រុងនាំចេញតាមច្រករបៀងក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ប៉ុន្តែដោយសារច្រករបៀងក្នុងភូមិសាស្ត្រនោះមានការរឹតបន្តឹងមិនអាចចេញរួច ទើបមេខ្យល់ដឹកពង្វាងពលករទាំង២០នាក់មកចេញតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែតវិញ និងត្រូវបែកការណ៍ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។ ក្នុងចំណោមពលករខ្មែរទាំង២០នាក់នោះ គឺមានចំនួន១០នាក់បានបង់ប្រាក់ឲ្យមេខ្យល់រួចរាល់ហើយក្នុងម្នាក់ៗចំនួន២.៥០០បាត(លុយថៃ) ឬស្មើនឹងជិត៣០ម៉ឺនរៀល ។ រីឯពលករចំនួនជិត១០នាក់ទៀតមិនទាន់បានបង់ប្រាក់នៅឡើយទេ ដោយរង់ចាំបង់ប្រាក់នៅពេលទៅដល់ប្រទេសថៃ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ថម ធឿម ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់ ខណៈពលករខ្មែរទាំង២០នាក់នោះត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញហើយ បន្ទាប់ពីធ្វើការអប់រំរួច ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា រឿងក្រុមមេខ្យល់អាចនាំពលករខ្មែរឲ្យទៅធ្វើការខុសច្បាប់នៅប្រទេសថៃបាន គឺដោយសារមានការសមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយមន្ត្រីប្រចាំការនៅតាមបណ្តាច្រករបៀងនានា ។ ដូច្នេះ រាជរដ្ឋាភិបាលគួរតែមានវិធានការស៊ើបអង្កេតឈានទៅរកមុខមន្ត្រីពុករលួយឈរជើងនៅតាមច្រករបៀងទាំងនោះដែលបានទទួលលុយកាក់ពីពួកមេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់ ទើបបញ្ហាអសកម្មនានាត្រូវបានដោះស្រាយ ៕
Source from: www.dtn7.com