មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​

មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​

​បុរស​ជា​មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ នា​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ខណៈ​បុរស​រូប​នេះ​មាន​គម្រោង​នាំ​ពលករ​ខ្មែរ​ចំនួន​២០​នាក់​ចេញ​តាម​ច្រករបៀង​ឲ្យ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ។​

​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​មេខ្យល់​ដែល​មាន​គម្រោង​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ ថម​ ធឿ​ម​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​ ឃុំ​ស្វាយ​ពោធិ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ពលករ​ខ្មែរ​ទាំង​២០​នាក់​នោះ​ គឺ​មេខ្យល់​បាន​នាំ​ពី​ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ ដោយ​មុន​ដំបូង​គេ​បម្រុង​នាំ​ចេញ​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ប៉ុន្តែ​ដោយសារ​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​នោះ​មានការ​រឹត​បន្តឹង​មិន​អាច​ចេញ​រួច​ ទើប​មេខ្យល់​ដឹក​ពង្វាង​ពលករ​ទាំង​២០​នាក់​មក​ចេញ​តាម​ច្រករបៀង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ​ និង​ត្រូវ​បែក​ការណ៍​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។​ ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង​២០​នាក់​នោះ​ គឺ​មាន​ចំនួន​១០​នាក់​បាន​បង់ប្រាក់​ឲ្យ​មេខ្យល់​រួចរាល់​ហើយ​ក្នុង​ម្នាក់ៗ​ចំនួន​២.៥០០​បាត​(​លុយ​ថៃ​)​ ឬ​ស្មើនឹង​ជិត​៣០​ម៉ឺន​រៀល​ ។​ រីឯ​ពលករ​ចំនួន​ជិត​១០​នាក់​ទៀត​មិន​ទាន់​បាន​បង់ប្រាក់​នៅឡើយ​ទេ​ ដោយ​រង់ចាំ​បង់ប្រាក់​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ថម​ ធឿ​ម​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ខណៈ​ពលករ​ខ្មែរ​ទាំង​២០​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ​ បន្ទាប់​ពី​ធ្វើការ​អប់រំ​រួច​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រឿង​ក្រុម​មេខ្យល់​អាច​នាំ​ពលករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​បាន​ គឺ​ដោយសារ​មានការ​សមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួយ​មន្ត្រី​ប្រចាំការ​នៅ​តាម​បណ្តា​ច្រករបៀង​នានា​ ។​ ដូច្នេះ​ រាជរដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ស៊ើបអង្កេត​ឈាន​ទៅ​រកមុខ​មន្ត្រី​ពុក​រលួយ​ឈរជើង​នៅ​តាម​ច្រករបៀង​ទាំងនោះ​ដែល​បាន​ទទួល​លុយកាក់​ពី​ពួក​មេខ្យល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ទើប​បញ្ហា​អសកម្ម​នានា​ត្រូវ​បាន​ដោះស្រាយ​ ៕​

Worker.jpgsss


Source from: www.dtn7.com

No comments:

Post a Comment