ករណីយន្តហោះម៉ាឡេស៊ីបាត់ខ្លួននឹងចាប់ផ្តើមបន្តតាមរកសាជាថ្មីនៅខែសីហាក្នុងរយៈពេលមួយឆ្នាំទៀត

ឧបនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី គឺលោក Warren Truss បានអះអាងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះថា ដំណើរការតាមរុករកយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់ ដែលបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤នោះ ក្រុមការងារនឹងបន្តបេសកកម្មស្វែងរកតទៅទៀត ដោយងាកឆ្ពោះទៅផ្នែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា ក្នុងដែនទឹកអូស្ត្រាលី ជាតំបន់ប្រហែលមានបំណែករសាត់ ខណៈអ្នកជំនាញបានវាយតម្លៃថា យន្តហោះនោះអាចត្រូវបានបញ្ជាឲ្យហោះហើរដោយស្វ័យប្រវត្តិរហូតដល់អស់សាំង ហើយធ្លាក់ក្នុងមហាសមុទ្រតែម្តង ។
ដំណាក់កាលថ្មីនៃការតាមរុករកយន្តហោះម៉ាឡេស៊ីបាត់ខ្លួននេះ ត្រូវបានលោក Warren Truss បញ្ជាក់ថា នឹងចាប់ផ្តើមក្នុងខែសីហាខាងមុខ ហើយមានរយៈពេល១ឆ្នាំ គ្របដណ្តប់លើផ្ទៃទឹកទំហំប្រមាណជាង៦០.០០០គីឡូម៉ែត្រក្រឡា ដោយត្រូវចំណាយថវិកាប្រហែល៦០លានដុល្លារអូស្ត្រាលី ។
សូមរំលឹកជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សចំនួន២៣៩នាក់ក្នុងយន្តហោះ មកពីជាង១០ជាតិសាសន៍ ដែលហោះហើរចេញពីទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិននោះ បានបាត់ខ្លួនចេញពីរ៉ាដាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤កន្លងមក ខណៈដែលការរុករកអស់រយៈពេលជិត៤ខែកន្លងទៅគ្មានទទួលបានលទ្ធផលអ្វីឡើយ ពោលគឺបានត្រឹមឋិតនៅជាអាថ៌កំបាំង និងមានភាពមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារសាច់ញាតិទាំងឡាយរបស់អ្នកដំណើរក្នុងយន្តហោះ ព្រមទាំងមានការវិភាគអំពីការបាត់ខ្លួននៃយន្តហោះនេះផ្សេងៗពីគ្នាតែប៉ុណ្ណោះ ៕
Source from: www.dtn7.com