World Cup 2014 ៖ អាល្លឺម៉ង់លេខ១ និងអាមេរិកលេខ២ ក្នុងពូលG ខណៈប៊ែលហ្សិក លេខ១ និងអាល់ហ្សេរី លេខ២ ក្នុងពូលH

ដំណើរការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក(World Cup) លើកទី២០នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤នេះ បានរកឃើញក្រុមធ្លាក់និងក្រុមឆ្លងផុត(ឈ្នះ) ការប្រកួតជម្រុះក្នុងពូលG (អាល្លឺម៉ង់, អាមេរិក, ព័រទុយហ្កាល់ និង ហ្គាណា) និងពូលH ហើយ(ប៊ែលហ្សិក, អាល់ហ្សេរី, រុស្ស៊ី និង កូរ៉េខាងត្បូង) ដោយក្រុមជម្រើសជាតិព័រទុយហ្កាល់ និង ហ្គាណា ក្នុងពូលG ខណៈរុស្ស៊ី និងកូរ៉េខាងត្បូង ក្នុងពូលH ជាក្រុមធ្លាក់ ត្រូវវិលត្រឡប់ទៅស្រុកវិញ ។ រីឯក្រុមជម្រើសជាតិអាល្លឺម៉ង់ និង អាមេរិក ក្នុងពូលG ព្រមទាំងប៊ែលហ្សិក និងអាល់ហ្សេរី ក្នុងពូលH ជាក្រុមឈ្នះ បានឆ្លងផុតវគ្គជម្រុះក្នុងពូលឈានទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ។ ដោយឡែកក្រុមជម្រើសជាតិដែលទទួលបានលេខ១ និងលេខ២ ក្នុងពូលG ព្រមទាំងលេខ១ និងលេខ២ ក្នុងពូលH គឺ ៖
ពូលG ៖ បន្ទាប់ពីលេងឈ្នះព័រទុយហ្កាល់ (៤-០) ស្មើហ្គាណា (២-២) និងឈ្នះអាមេរិក (១-០) ធ្វើឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ទទួលបាន៧ពិន្ទុ ។ ដោយឡែក ក្រុមជម្រើសជាតិអាមេរិក បន្ទាប់ពីលេងឈ្នះហ្គាណា (២-១) ស្មើព័រទុយហ្កាល់ (២-២) និងចាញ់អាល្លឺម៉ង់ (០-១) ទទួលបាន៤ពិន្ទុ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្កាល់ក៏ទទួលបាន៤ពិន្ទុដែរ ប៉ុន្តែការរាប់គ្រាប់បាល់ចាញ់ប្រៀបក្រុមជម្រើសជាតិអាមេរិក(អាមេរិកស៊ុតចូលគេ៤បាល់ និងគេស៊ុតចូលវិញ៤បាល់ រីឯព័រទុយហ្កាល់ស៊ុតចូលគេ៤បាល់ និងគេស៊ុតចូលវិញ៧បាល់) ។ ដូច្នេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់(Germany) ទទួលបានលេខ១ ក្នុងពូល និង អាមេរិក (USA)ទទួលបានលេខ២ក្នុងពូល ។
ពូលH ៖ បន្ទាប់ពីលេងឈ្នះអាល់ហ្សេរី(២-១) ឈ្នះរុស្ស៊ី (១-០) និងឈ្នះកូរ៉េខាងត្បូង (១-០) ធ្វើឲ្យក្រុមជម្រើសជាតិប៊ែលហ្សិកទទួលបាន៩ពិន្ទុ ។ ដោយឡែកក្រុមជម្រើសជាតិអាល់ហ្សេរី បន្ទាប់ពីលេងចាញ់ប៊ែលហ្សិក (១-២) ឈ្នះកូរ៉េខាងត្បូង(៤-២) និងស្មើរុស្ស៊ី(១-១) ទទួលបាន៤ពិន្ទុ ។ ដូច្នេះ ក្រុមជម្រើសជាតិប៊ែលហ្សិក(Belgium) ទទួលបានលេខ១ក្នុងពូល និងអាល់ហ្សេរី (Algeria) ទទួលបានលេខ២ក្នុងពូល ។
សម្រាប់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ (លេខ១ពូលG ) ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិអាល់ហ្សេរី (លេខ២ពូលH) នៅថ្ងៃទី៣០ ខែមិថុនា និងក្រុមជម្រើសជាតិអាមេរិក(លេខ២ពូលG)ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិប៊ែលហ្សិក (លេខ១ពូលH) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខបន្តទៀត ។
សូមបញ្ជាក់ជូនថា ក្រុមជម្រើសជាតិព័រទុយហ្កាល់, ហ្គាណា , រុស្ស៊ី និងកូរ៉េខាងត្បូង ដែលជាក្រុមធ្លាក់ក្នុងការប្រកួតជម្រុះក្នុងពូលG និងពូលH នោះ នឹងទទួលបានទឹកប្រាក់ចំនួន៨លានដុល្លារអាមេរិក សម្រាប់ក្រុមនីមួយៗ ពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ (FIFA) ខណៈក្រុមជម្រើសជាតិអាល្លឺម៉ង់, អាមេរិក , ប៊ែលហ្សិក និងអាល់ហ្សេរី ជាក្រុមឈ្នះ ឆ្លងផុតវគ្គជម្រុះក្នុងពូលG និងពូលH នឹងទទួលបានទឹកប្រាក់ចំនួន៩លានដុល្លារអាមេរិកសម្រាប់ក្រុមនីមួយៗ ៕
Source from: www.dtn7.com