ព្រោះតែស្រឡាញ់ប្តីពេកនិងពិបាកចិត្តដ្បិតប្តីចាកចេញពីផ្ទះ ភរិយាវ័យក្មេងស្រស់សោភាម្នាក់ក៏ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន

មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារស្ត្រីជាភរិយាវ័យក្មេងមានសម្រស់ស្រស់សោភាម្នាក់ ព្រោះតែខឹងប្តីជាទីស្រឡាញ់ចុះចាកចេញពីផ្ទះ ក៏ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនដោយកាន់រូបថតអាពាហ៍ពិពាហ៍អនុស្សាវរីយ៍ជាមួយស្វាមីនៅជាប់នឹងដៃមិនខ្វីលែងរហូតដល់មន្ទីរពេទ្យ ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ស្រស់ អាយុ២៣ឆ្នាំ មុខរបរលក់ខោអាវតាមផ្ទះ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាភរិយាវ័យក្មេងស្រស់សោភាដែលលេបថ្នាំប៉ងសម្លាប់ខ្លួននោះ មានឈ្មោះ ពេជ្រ ច័ន្ទសូនីតា អាយុ២០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ស្ត្រីឈ្មោះ ស្រស់ បានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា នាងទើបតែបានស្គាល់ជាមួយឈ្មោះ ពេជ្រ ច័ន្ទសូនីតា តាមរយៈរូបនាងជាម៉ូយទិញខោអាវ ហើយក៏ក្លាយជាមិត្តភក្តិរាប់អានគ្នា និងបានដឹងថា នាង ពេជ្រ ច័ន្ទសូនីតា ទើបតែរៀបការបានប្រមាណ៦ខែប៉ុណ្ណោះ ដោយម្តាយរបស់នាងបានទិញផ្ទះមួយល្វែងជាផ្ទះកើតហេតុខាងលើ ឲ្យនាងរស់នៅជាមួយស្វាមី គឺនាងជាមេផ្ទះ ឯប្តីរបស់នាងទៅធ្វើការ ។
ព័ត៌មានពីស្ត្រីឈ្មោះ ស្រស់ ដដែលបានឲ្យដឹងថា នាង ពេជ្រ ច័ន្ទសូនីតា តែងបានប្រាប់នាងថា ប្តីប្រពន្ធមួយគូនេះចេះតែរស់នៅមិនចុះសម្រុងគ្នា ទោះបីនាង ពេជ្រ ច័ន្ទសូនីតា បានបង្ហាញនូវទឹកចិត្តស្រឡាញ់ចំពោះប្តីនាងក៏ដោយ គឺនាងតែងតែពិបាកចិត្តជាញឹកញាប់ ។ មុនពេលកើតហេតុ នាង ពេជ្រ ច័ន្ទសូនីតា បានទូរស័ព្ទប្រាប់មិត្តភក្តិថា ប្តីរបស់នាងឈ្លោះប្រកែកគ្នា ហើយប្តីនាងបានចុះចេញពីផ្ទះ នាងពិបាកចិត្តណាស់ នាងនឹងលេបថ្នាំសម្លាប់ខ្លួនហើយ ។ មិត្តភក្តិរបស់នាងឮពាក្យនាងនិយាយនេះស្មានតែជាការលេងសើច មិត្តភក្តិរបស់នាងក៏បានលួងលោមមិនឲ្យនាងធ្វើដូច្នោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏ជួបនឹងហេតុការណ៍នាង ពេជ្រ ច័ន្ទសូនីតា លេបថ្នាំសម្លាប់ខ្លួនប្រាកដមែន និងត្រូវបានអ្នកជិតខាងដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ទើបក្រុមមិត្តភក្តិរបស់នាងបានដឹង និងបានជួយមើលដល់មន្ទីរពេទ្យ ។
ចំណុចដែលគួរឲ្យអាណិតអាសូរនោះ គឺនាង ពេជ្រ ច័ន្ទសូនីតា ទោះបីបានសម្រេចចិត្តលេបថ្នាំធ្វើអត្តឃាតក៏ដោយ ក៏នាងនៅតែមិនដាច់អាល័យពីប្តី ដោយនាងបានកាន់រូបថតអាពាហ៍ពិពាហ៍ជាមួយស្វាមីមួយសន្លឹកនឹងចាប់នឹងដៃ សូម្បីក្រុមសង្គ្រោះដឹកតាមរថយន្តសង្គ្រោះពីលំនៅឋានទៅដល់មន្ទីរពេទ្យ និងព្យួរសេរ៉ូមជាប់នឹងដៃ ក៏នាងកាន់ឱបរូបថតនោះជាប់នឹងខ្លួនទាំងទឹកភ្នែកហូររហាមជោកថ្ពាល់ទាំងសងខាង ។ លើសពីនេះ នាង ពេជ្រ ច័ន្ទសូនីតា ភរិយាកម្សត់បានពោលពាក្យថា "បើសិនជានាងស្លាប់ទៅហើយ មិនបានយកប្តីទៅជាមួយ ក៏អាចយករូបថតប្តីទៅជាមួយដែរ" ។
ទោះយ៉ាងណា នាង ពេជ្រ ច័ន្ទសូនីតា ត្រូវបានក្រុមគ្រូពេទ្យធ្វើការលាងក្រពះជម្រះជាតិពុលសង្គ្រោះបានធូរស្រាល និងរស់រានមានជីវិតចាកផុតពីសេចក្តីស្លាប់ហើយ ប៉ុន្តែស្ត្រីជាភរិយាវ័យក្មេងស្រស់សោភារូបនេះមិនបាននិយាយស្តីអ្វីទាំងអស់ សូម្បីតែឈ្មោះប្តី និងមុខរបរធ្វើការងាររបស់ប្តីក៏នាងមិនប្រាប់ដែរ ខណៈប្តីរបស់នាងក៏គ្មានវត្តមាននៅមន្ទីរពេទ្យមកថែទាំនាង គឺមានត្រឹមក្រុមគ្រួសារដែលធ្វើដំណើរមកពីស្រុកកំណើត និងមិត្តភក្តិជួយមើលថែទាំប៉ុណ្ណោះ ៕
Source from: www.dtn7.com