រយៈពេលត្រឹមកន្លះឆ្នាំរាជរដ្ឋាភិបាលបុរសខ្លាំងមានទីប្រឹក្សាចំនួនជិត២០០នាក់

គិតចាប់តាំងពីថ្ងៃតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់នីតិកាលទី៥នៃរដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា មានតំណាងរាស្ត្រចំនួន៦៨នាក់នោះ រហូតមកដល់ត្រឹមខែមីនា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ គឺមានរយៈពេលចំនួន០៦ខែ(កន្លះឆ្នាំ)ហើយៗអ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍ខ្លាំងនៅត្រង់ថា ត្រឹមរយៈពេលកកើតបានចំនួនកន្លះឆ្នាំសោះ រាជរដ្ឋាភិបាលរបស់បុរសខ្លាំងមានទីប្រឹក្សាដល់ជិត២០០នាក់ ។
ក្នុងចំណោមទីប្រឹក្សារាជរដ្ឋាភិបាលបុរសខ្លាំងទាំង១៨៦នាក់ក្នុងរយៈពេល០៦ខែនោះ មាន៣នាក់ឋានៈស្មើឧបនាយករដ្ឋមន្ត្រី, មាន៤នាក់ឋានៈស្មើទេសរដ្ឋមន្ត្រី, មាន៧៣នាក់ឋានៈស្មើរដ្ឋមន្ត្រី, មាន៣១នាក់ឋានៈស្មើរដ្ឋលេខាធិការ និងមាន៧៥នាក់ឋានៈស្មើអនុរដ្ឋលេខាធិការ ហើយមានចំនួនតែ២នាក់ប៉ុណ្ណោះដែលមិនទទួលប្រាក់បៀវត្សរ៍ ។
អ្នកដែលទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលបុរសខ្លាំងសម្រាប់នីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជានោះ គឺភាគច្រើនជាមន្ត្រីធ្លាប់បម្រើការងារនៅតាមបណ្តាក្រសួងនានាកាលពីអាណត្តិទី៤ ដែលលែងបានកាន់តំណែងក្នុងក្រសួងតទៅទៀត និងអ្នកមួយចំនួនចេញពីប្រភពគណបក្សនយោបាយសម្ព័ន្ធមិត្តគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយប្រឆាំង ឬស្ថាប័នប្រឆាំង(សមាគម សហជីព…)ចុះចូលដង្ហែគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានបុណ្យស័ក្តិលាភសក្ការៈ រីឯអ្នកដែលមានសមត្ថភាពធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលពិតប្រាកដនោះ គឺមានចំនួនតិចតួចបំផុត ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ថវិការបស់រដ្ឋត្រូវបានចំណាយអស់ចំនួនជិត២០ម៉ឺនដុល្លារអាមេរិកក្នុង១ខែៗ ទៅលើទីប្រឹក្សារាជរដ្ឋាភិបាលដែលមានក្នុងរយៈពេល០៦ខែកន្លងមក ហើយចំនួនទីប្រឹក្សានេះអាចនឹងកើនឡើងថែមទៀត ទម្រាំដល់រយៈពេល៥ឆ្នាំនៃអាណត្តិរបស់រាជរដ្ឋាភិបាល ដោយមិនទាន់គិតទៅដល់ទីប្រឹក្សាប្រធានព្រឹទ្ធសភារាប់រយនាក់, ទីប្រឹក្សាប្រធានរដ្ឋសភារាប់រយនាក់, ទីប្រឹក្សានាយករដ្ឋមន្ត្រីរាប់រយនាក់ និងទីប្រឹក្សាអមក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលមានចំនួនរាប់រយនាក់ទៀតផងនោះនៅឡើយ ៕
Source from: www.dtn7.com