រយៈពេល​ត្រឹម​កន្លះ​ឆ្នាំ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​មាន​ទីប្រឹក្សា​ចំនួន​ជិត​២០០​នាក់​

រយៈពេល​ត្រឹម​កន្លះ​ឆ្នាំ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​មាន​ទីប្រឹក្សា​ចំនួន​ជិត​២០០​នាក់​

​គិត​ចាប់តាំងពី​ថ្ងៃ​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​តំណាងរាស្ត្រ​ចំនួន​៦៨​នាក់​នោះ​ រហូត​មក​ដល់​ត្រឹម​ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​មាន​រយៈពេល​ចំនួន​០៦​ខែ​(​កន្លះ​ឆ្នាំ​)​ហើយៗ​អ្វី​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ត្រង់​ថា​ ត្រឹម​រយៈពេល​កកើត​បាន​ចំនួន​កន្លះ​ឆ្នាំ​សោះ​ រាជរដ្ឋាភិបាល​របស់​បុរស​ខ្លាំង​មាន​ទីប្រឹក្សា​ដល់​ជិត​២០០​នាក់​ ។​

​ក្នុង​ចំណោម​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំង​១៨៦​នាក់​ក្នុង​រយៈពេល​០៦​ខែ​នោះ​ មាន​៣​នាក់​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​,​ មាន​៤​នាក់​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​,​ មាន​៧៣​នាក់​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​,​ មាន​៣១​នាក់​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​មាន​៧៥​នាក់​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ហើយ​មាន​ចំនួន​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​មិន​ទទួល​ប្រាក់បៀវត្សរ៍​ ។​

​អ្នក​ដែល​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ គឺ​ភាគច្រើន​ជា​មន្ត្រី​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​បណ្តា​ក្រសួង​នានា​កាលពី​អាណត្តិ​ទី​៤​ ដែល​លែង​បាន​កាន់​តំណែង​ក្នុង​ក្រសួង​តទៅ​ទៀត​ និង​អ្នកមួយ​ចំនួន​ចេញពី​ប្រភព​គណបក្ស​នយោបាយ​សម្ព័ន្ធមិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​នយោបាយ​ប្រឆាំង​ ឬ​ស្ថាប័ន​ប្រឆាំង​(​សមាគម​ សហជីព​…)​ចុះចូល​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទទួល​បាន​បុណ្យស័ក្តិ​លាភសក្ការៈ​ រីឯ​អ្នក​ដែល​មាន​សមត្ថភាព​ធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ពិតប្រាកដ​នោះ​ គឺ​មាន​ចំនួន​តិចតួច​បំផុត​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថវិកា​របស់​រដ្ឋ​ត្រូវ​បាន​ចំណាយ​អស់​ចំនួន​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែៗ​ ទៅ​លើ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ក្នុង​រយៈពេល​០៦​ខែ​កន្លង​មក​ ហើយ​ចំនួន​ទីប្រឹក្សា​នេះ​អាច​នឹង​កើនឡើង​ថែម​ទៀត​ ទម្រាំ​ដល់​រយៈពេល​៥​ឆ្នាំ​នៃ​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ ដោយ​មិន​ទាន់​គិត​ទៅ​ដល់ទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា​រាប់រយ​នាក់​,​ ទីប្រឹក្សា​ប្រធានរដ្ឋសភា​រាប់រយ​នាក់​,​ ទីប្រឹក្សានាយករដ្ឋមន្ត្រី​រាប់រយ​នាក់​ និង​ទីប្រឹក្សា​អម​ក្រសួង​-​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​មាន​ចំនួន​រាប់រយ​នាក់​ទៀត​ផង​នោះ​នៅឡើយ​ ៕​

Hun-Sen-112.jpg-Dollars


Source from: www.dtn7.com

No comments:

Post a Comment