លិខិតចុងក្រោយរបស់ក្មេងស្រីម្នាក់មុននឹងស្លាប់បន្សល់ទុកនូវក្តីសង្វេគញាប់ញ័រពន់ពេក

លិខិតចុងក្រោយមួយច្បាប់របស់កុមារីខ្មែរម្នាក់ ដែលបន្សល់ទុកមុនពេលនាងទទួលមរណភាពដោយជំងឺមហារីកឆ្អឹង បានអង្រួនអារម្មណ៍ប្រិយមិត្តអ្នកលេងក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ឲ្យមានក្តីសង្វេគញាប់ញ័រពន់ពេកណាស់ ជាមួយនឹងការសោកស្តាយរកទីបំផុតគ្មាន ។
លិខិតរបស់នាងសរសេរនៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០១៤ ក្នុងឃ្លាដំបូងបានសរសេររៀបរាប់ថា "ពេលនេះខ្ញុំកំពុងមានជំងឺ ខ្ញុំពិតជាចង់ទៅរៀន ចង់ឃើញមិត្តភក្តិ ចង់ឃើញប៉ាម៉ាក់មានស្នាមញញឹម ។ មិនចង់ឃើញប៉ាម៉ាក់មានទុក្ខលំបាក ខ្ញុំតែងតែព្យាយាមមិនសម្រក់ទឹកភ្នែក ព្រោះការយកទឹកភ្នែកមកដោះស្រាយបញ្ហាក៏មិនមែនជារឿងល្អដែរ ។ ខ្ញុំស្រឡាញ់ប៉ាម៉ាក់ ព្រោះគាត់សន្យាថាមើលជំងឺខ្ញុំឲ្យជា គាត់ជាម្លប់ត្រជាក់របស់ខ្ញុំ ខ្ញុំសប្បាយចិត្តណាស់នៅពេលឃើញលោកគ្រូ និងមិត្តភក្តិរបស់ខ្ញុំមកជួយលើកទឹកចិត្តបែបនេះ" ។
នាងបានសរសេររៀបរាប់នៅក្នុងលិខិតចុងក្រោយរបស់នាងទៀតថា "នៅពេលខ្ញុំឈឺខ្លាំងម្តងៗ ខ្ញុំតែងតែនិយាយផ្តេសផ្តាសថា ត្រូវតែកាត់ជើងខ្ញុំចេញទៅ ព្រោះវាឈឺខ្លាំងពេក ។ ប៉ុន្តែម៉ាក់តែងប្រាប់កូនថា កូនជា កូនល្អ បន្តិចទៀតកូនជា កូននឹងបានទៅរៀន ចង់ធ្វើអ្វីក៏បាន ។ អរគុណទឹកចិត្តអ្នកទាំងអស់គ្នា" ។
កុមារីដែលបានលាចាកលោកដ៏គួរឲ្យសោកស្តាយនេះ ត្រូវគេដឹងថា មានឈ្មោះ វិច្ឆិកា រៀនសូត្រនៅសាលាបឋមសិក្សាវត្តបូព៌ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្តែគេមិនបានដឹងថា នាងរៀនថ្នាក់ទីប៉ុន្មាន និងមានអាយុប៉ុន្មានពិតប្រាកដឡើយ គឺបានត្រឹមឃើញរូបថតនាងប៉ុណ្ណោះ ។
ប្រិយមិត្តអ្នកលេង Facebook បានបញ្ចេញមតិ Comments យ៉ាងច្រើនក្នុងន័យសោកស្តាយចំពោះការបាត់បង់រូបនាង សរសើររូបនាងថា ជាក្មេងឆ្លាត និងសម្តែងនូវសន្តានចិត្តជួយរំលែកទុក្ខសោកជាមួយក្រុមគ្រួសាររបស់នាង ។ អ្នកលេង Facebook បាន Comments ទៀតថា "សូមវិញ្ញាណក្ខន្ធក្មួយស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយបើមានជាតិក្រោយ សូមក្មួយស្រីមានអាយុវែង សុខភាពល្អ ប្រាជ្ញាវាងវៃ និងជាមនុស្សល្អនៅក្នុងសង្គម" ៕
Source from: www.dtn7.com