អគ្គាធិការ​ក្រសួង​ហិរញ្ញវត្ថុ​ជា​កូនប្រុស​ឯកឧត្តម​ ឯក​ សំ​អុល​ រង​ការ​ចោទប្រកាន់​ថា​ក្រៅពី​ពុក​រលួយ​បាន​ប្រើប្រាស់​មន្ត្រី​លម្អៀង​ថែម​ទៀត​

អគ្គាធិការ​ក្រសួង​ហិរញ្ញវត្ថុ​ជា​កូនប្រុស​ឯកឧត្តម​ ឯក​ សំ​អុល​ រង​ការ​ចោទប្រកាន់​ថា​ក្រៅពី​ពុក​រលួយ​បាន​ប្រើប្រាស់​មន្ត្រី​លម្អៀង​ថែម​ទៀត​

​មន្ត្រីរាជការ​បម្រើ​ការ​នៅ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​និង​កំពុងធ្វើការ​ចោទប្រកាន់​ទៅ​លើ​ឯកឧត្តម​បណ្ឌិត​ ឯក​ វីរ​ដេ​ដ្ឋ​ ជា​អគ្គាធិការ​ថា​ ក្រៅពី​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លើ​ការ​រៀបចំ​ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រីរាជការ​ក្នុង​អគ្គាធិការដ្ឋាន​ ចាប់ពី​ថ្នាក់​អនុប្រធាន​ការិយាល័យ​ រហូត​ដល់​ថ្នាក់​អគ្គាធិការ​រង​ ត្រូវ​ចាយ​លុយ​ក្នុង​រង្វង់​ពី​១៧.០០០​ដុល្លារ​អា​មេ​រិ​ក​ ទៅ​៦០.០០០​ដុល្លារ​អា​មេ​រិ​ក​ តាម​កម្រិត​នៃ​ឋានៈ​និង​មុខ​តំណែង​ ព្រមទាំង​ប្រមូលប្រាក់​ចំនួន​ប្រមាណ​៨.៦០០​ដុល្លារ​អា​មេ​រិ​ក​ ដោយ​អះអាង​ថា​ យក​ទៅ​រត់ការ​នៅ​ក្រសួង​មុខងារសាធារណៈ​ ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​មុខ​តំណែង​ តួនាទី​ និង​កាំ​ប្រាក់បៀវត្សរ៍​មន្ត្រី​នោះ​ គឺ​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ចាត់ចែង​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​បំពេញបេសកកម្ម​តាម​បណ្តា​ខេត្ត​មាន​ភាព​លម្អៀង​ អនុលោម​តាម​បក្ខពួក​និយម​ថែម​ទៀត​ ។​

​ក្រុម​មន្ត្រី​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទាំងមូល​ គឺ​មាន​មនុស្ស​តែ​២​នាក់​គត់​ដែល​ឯកឧត្តម​អគ្គាធិការ​ ឯក​ វីរ​ដេ​ដ្ឋ​ ប្រើប្រាស់​ឲ្យ​ដឹកនាំ​ប្រតិភូ​ចុះ​បំពេញបេសកកម្ម​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​នាម​ជា​ប្រធាន​ និង​អនុប្រធាន​ប្រតិភូ​ ជា​អាទិ៍​ លោក​ ឈឹ​ម​ សំណាង​ ជា​អគ្គាធិការ​រង​ និង​លោក​ ទូច​ ស្រេង​ ជា​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ហិរញ្ញវត្ថុ​ថ្នាក់​ជាតិ​ ហើយ​ក៏​មនុស្ស​២​នាក់​នេះ​ដែរ​ដែល​ដើរតួ​យ៉ាង​សកម្ម​ជំនួស​ឯកឧត្តម​អគ្គាធិការ​ខាង​រករឿង​ និង​គំរាមកំហែង​ទៅ​លើ​មន្ត្រី​រូប​ណា​ដែល​បាន​និយាយ​បកអាក្រាត​អំពើ​ពុក​រលួយ​របស់​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ ។​

​រឿង​ពាក់ព័ន្ធ​នឹង​ការ​ប្រមូលប្រាក់​យក​ទៅ​រត់ការ​នៅ​ក្រសួង​មុខងារសាធារណៈ​ ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​មុខ​តំណែង​ តួនាទី​ និង​កាំ​ប្រាក់​មន្ត្រី​នៅ​ក្នុង​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​ក្រុម​មន្ត្រី​បញ្ជាក់​ឲ្យ​ដឹង​ដូច​ខាងក្រោម​ ៖

១-​អគ្គាធិការ​រង​ចំនួន​៣​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ គឺ​សរុប​ចំនួន​៩០០​ដុល្លារ​អា​មេ​រិ​ក​ ។​

២-​ប្រធាន​នាយកដ្ឋាន​ចំនួន​៣​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ គឺ​សរុប​ចំនួន​៩០០​ដុល្លារ​អា​មេ​រិ​ក​ ។​

៣-​អនុប្រធាន​នាយកដ្ឋាន​ចំនួន​១០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ គឺ​សរុប​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

៤-​ប្រធាន​ការិយាល័យ​ចំនួន​១២​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ចំនួន​១៥០​ដុល្លារ​អា​មេ​រិ​ក​ គឺ​សរុប​ចំនួន​១.៨០០​ដុល្លារ​អា​មេ​រិ​ក​។​

៥-​អនុប្រធាន​ការិយាល័យ​ចំនួន​២០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ គឺ​សរុប​ចំនួន​២.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដូច្នេះ​ សរុប​ទឹកប្រាក់​ដែល​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ ត្រូវ​ប្រមូល​ពី​មន្ត្រី​ក្រោម​ឱវាទ​ ដើម្បី​យក​ទៅ​រត់ការ​នៅ​ក្រសួង​មុខងារសាធារណៈ​ គឺ​មាន​ចំនួន​៨.៦០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ក្រុម​មន្ត្រីរាជការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​បណ្ឌិត​ អូន​ ព័​ន្ទ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ទៅ​លើ​អំពើ​អសកម្ម​របស់​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ ដ៏​មហិមា​នោះ​ផង​ ពីព្រោះ​បើ​បណ្តែតបណ្តោយ​ឲ្យ​អគ្គាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​លទ្ធភាព​ និង​មានឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​ហើយ​នោះ​ គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទាំងមូល​នឹង​ក្លាយជា​ស្ថាប័ន​ពុក​រលួយ​ទាំងស្រុង​តែ​ម្តង​ ។​

​ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​អំពី​រឿងអាស្រូវ​ពុក​រលួយ​ និង​ការ​ចោទប្រកាន់​របស់​មន្ត្រី​ក្រោម​ឱវាទ​បាន​នៅឡើយ​ត្រឹម​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ ពីព្រោះ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ឯកឧត្តម​ ឯក​ វីរ​ដេ​ដ្ឋ​ គឺជា​កូនប្រុស​របស់​ឯកឧត្តម​ ឯក​ សំ​អុល​ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​តែងតាំង​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១០៤៧​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ដោយសារ​ឯកឧត្តម​បណ្ឌិត​ ឯក​ វីរ​ដេ​ដ្ឋ​ ជា​កូនប្រុស​របស់​ឯកឧត្តម​ ឯក​ សំ​អុល​ ហើយ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ និង​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ឋិត​ក្រោម​ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​ ឯក​ សំ​អុល​ ក្នុង​ក្របខ័ណ្ឌ​គណបក្ស​ ទើប​ធ្វើ​ឲ្យ​អំណាច​ឯកឧត្តម​បណ្ឌិត​ ឯក​ វីរ​ដេ​ដ្ឋ​ នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ គឺ​មហិមា​ របៀប​"​ជិះសេះ​លែងដៃ​"​តែ​ម្តង​ ៕​

Ek-Samol-34


Source from: www.dtn7.com

No comments:

Post a Comment