បើកឡានទំនើបបុកអ្នកជិះម៉ូតូ ជួយដឹកទៅកាន់មន្ទីរពេទ្យ ហើយគេចខ្លួនបាត់ស្រមោល

ខេត្ដរតនគិរី ៖ អ្នកដំណើរ ២នាក់ ត្រូវជាកូននិងម្តាយ ពេលកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដឡិចស៊ីស RX ៣៣០ មួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលទៅបុកយ៉ាងពេញទំហឹង នៅចំណុចផ្លូវបំបែក កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី៣០ ខែឧសភា មុខសណ្ឋាគាររតនស៊ីធី ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល។
ជនរងគ្រោះមានឈ្មោះ តុលា អាយុ ១៨ឆ្នាំ ត្រូវជាកូន និងម្ដាយឈ្មោះ កោះ ផ្លែ ជាជនជាតិព្រៅ រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ទាំង ២នាក់ ម្ដាយនិងកូន បានធ្វើដំណើរ តាមម៉ូតូមួយគ្រឿងម៉ាក វ៉េវ KS ពណ៌ខៀវ គ្មានស្លាកលេខ ហើយចំណែក រថយន្ដបង្ក ម៉ាកឡិចស៊ីស RX៣៣០ ពុំមានស្លាកលេខនោះទេ ។
ក្រោយពេលកើតហេតុ គេឃើញអ្នកបើករថយន្ដឡិចស៊ីស បានឈប់ ហើយលើកជនរងគ្រោះម្ដាយនិងកូន ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដ រួចហើយក៏បើករថយន្ដ គេចខ្លួនបាត់ស្រមោល មិនដឹងថា អ្នកបើករថយន្ដបង្កហេតុ មានឈ្មោះអ្វី និងរស់នៅទីណានោះទេ។ ស្ដ្រីរងគ្រោះត្រូវ រថយន្ដបុក បណ្ដាលឱ្យបាក់ឆ្មេញ បែកក្បាល និងបាក់ដៃខាងស្ដាំ ចំណែកកូនប្រុស រងរបួសស្រាលប៉ុណ្ណោះ៕
Source from: watphnom-news.com