រយៈពេលត្រឹម៤ខែ កូនប្រុសឯកឧត្តម ចម ប្រសិទ្ធ បានឡើងឋានៈពីអគ្គាធិការរង ទៅជាអគ្គាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម

មិនមែនជារឿងសាមញ្ញពេកទេដែលត្រឹមរយៈពេល៤ខែសោះ កូនប្រុសម្នាក់របស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មត្រូវបានដំឡើងឋានៈ តួនាទីពីអគ្គាធិការរង ទៅជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានងារត្រូវហៅថា "ឯកឧត្តម" ដើម្បីជួយការងារដល់ឪពុករបស់ខ្លួន ។
លោក ចម បូរិទ្ធ ជាកូនប្រុសរបស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម(ក្រសួងទើបបង្កើតថ្មី ដែលបានពុះបំបែកចេញពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយព្រះរាជក្រមលេខនស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣) ធ្លាប់ទទួលបានការតែងតាំងជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១០៤អនក្រ.តត ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ។
បច្ចុប្បន្ន លោក ចម បូរិទ្ធ ត្រូវទទួលបានការតែងតាំងជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៦០១ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ពោលគឺមានងារជាឯកឧត្តមក្នុងរយៈពេលប្រមាណ៤ខែក្រោយមក ។
តាមការកត់សម្គាល់ជាក់ស្តែង បានបង្ហាញថា របៀបរបបធ្វើការនៅក្នុងរាជការនៃព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ជារឿយៗ ត្រូវពឹងផ្អែកជាពិសេសទៅលើលុយកាក់ និងបក្ខពួកនិយម សែស្រឡាយ ទើបអាចឡើងបុណ្យស័ក្តិ អាចទទួលបានលាភសក្ការៈ ផលប្រយោជន៍ ។ ដូច្នេះហើយ ទើបតាមបណ្តាស្ថាប័ន ក្រសួង មន្ទីរនានា តែងមានកូនចៅ បងប្អូន សាច់ញាតិក្រុមគ្រួសារយិតយោងគ្នាឲ្យឡើងកាន់តំណែង និងមានតួនាទីជាបន្តបន្ទាប់ ដែលជាបច្ច័យអាក្រក់បំផុត ប៉ះពាល់ដល់ដំណើរការអភិបាលកិច្ចល្អ ឲ្យក្លាយទៅជាអភិបាលកិច្ចមហាអាក្រក់ ៕
Source from: www.dtn7.com