ដឹងឮដែរតែគ្មានឆន្ទៈទប់ស្កាត់បទល្មើសបំផ្លាញមច្ឆាជាតិក្នុងបឹងទន្លេសាបព្រោះរុំព័ទ្ធដោយអំពើពុករលួយ

បឹងទន្លេសាបនៃព្រះរាជាណាចក្រកម្ពុជាដែលល្បីល្បាញខាងសម្បូរណ៌ត្រីជាងគេនោះ នាពេលបច្ចុប្បន្ននេះកំពុងប្រឈមនឹងការថយចុះ និងបាត់បង់ប្រភេទពូជត្រីខ្នាតធំៗដូចជា បបែលយក្ស ត្រីរាជ និងត្រីគល់រាំង… ជាដើម ដោយសារការនេសាទហួសកំណត់ និងអំពើល្មើសនេសាទខុសច្បាប់ ដោយប្រើមង អួន សំណាញ់ធំៗ និងគ្រឿងប្រដាប់ឆក់ ព្រមទាំងការកាប់បំផ្លិចបំផ្លាញរុក្ខជាតិដែលជាជម្រកត្រីនៅតាមដងទន្លេធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការបន្តពូជត្រី។
លទ្ធផលនៃការហិនហោចមច្ឆាជាតិខ្នាតធំៗនេះ (ត្រីគល់រាំងត្រូវបានចាត់ទុកជាប្រភេទមច្ឆាសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥) គឺមន្ត្រីក្រោមឱវាទ និងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រាកដជាបានដឹង បានឮយ៉ាងច្បាស់ ដ្បិតសូម្បីតែ Page មួយនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដែលប្រើប្រាស់ឈ្មោះ និងរូបថតបុរសខ្លាំងធ្វើជា Profile និងមានអ្នក Likes Page ចំនួន៣៣០.៨២៦ Accounts ដែលគេអាចសន្និដ្ឋានថា គ្រប់គ្រងដោយមន្ត្រីដង្ហែ និងគាំទ្របុរសខ្លាំងនោះបាន Post ចាប់អារម្មណ៍អំពីបញ្ហានេះដែរ ដោយផ្តល់ជាគំនិតយោបល់ថា «ដើម្បីការពារកុំឲ្យមានការបាត់បង់ពូជត្រីដ៏កម្រពីប្រទេស និងទប់ស្កាត់នូវការនេសាទដែលបំផ្លាញដល់ការបន្តពូជត្រីគ្រប់ប្រភេទ ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែរឹតបន្តឹង និងឃ្លាំមើលជាប្រចាំចំពោះការចូលនេសាទដោយខុសច្បាប់នៅតាមទីតាំងហាមឃាត់ ដើម្បីការពារមច្ឆាជាតិគ្រប់ប្រភេទឲ្យបានគង់វង្ស»។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ចំណាត់ការរបស់បុរសខ្លាំងទៅលើបទល្មើសនានា ក្នុងព្រះរាជាណាចក្រកម្ពុជាទី២នេះ គឺបានត្រឹមអំពាវនាវ និង«សូមអង្វរករ» តែប៉ុណ្ណោះ គឺមិនមានប្រសិទ្ធភាពឡើយ ពីព្រោះសង្គមក្រោមការដឹកនាំរបស់បុរសខ្លាំងបច្ចុប្បន្នបាននិងកំពុងរុំព័ទ្ធយ៉ាងជុំជិតដោយអំពើពុករលួយពីលើដល់ក្រោមជាប្រព័ន្ធយ៉ាងរឹងមាំអស់ទៅហើយ៕
Source from: www.dtn7.com