ប្រិយមិត្តអ្នកលេង Facebook ជជែកគ្នារឿងផ្សារទំនើបជប៉ុន AEON នៅកម្ពុជាដែលមិនប្រើប្រាស់អក្សរខ្មែរ

ផ្សារទំនើបរបស់ជប៉ុនមួយបានសាងសង់ឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មានឈ្មោះ AEON MALL ក្រោមការវិនិយោគរបស់ក្រុមហ៊ុនឈ្មោះ AEON MALL (Cambodia) Co.,Ltd. លើផ្ទៃដីទំហំប្រមាន៦៨.០០០ម៉ែត្រក្រឡា (ហាងទំហំប្រមាណ៦៦.០០០ម៉ែត្រក្រឡា និងទំហំអគារទាំងមូលប្រមាណ១០៨.០០០ម៉ែត្រក្រឡា) និងអាចចតរថយន្តបានចំនួន១.៤០០គ្រឿង ព្រមទាំងអាចចតទោចក្រយានយន្តចំនួន១.៦០០គ្រឿង ឋិតនៅវិថីសុធារស ចន្លោះស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញនោះ បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ដ្បិតផ្សារទំនើបរបស់ជប៉ុននេះមិនបានប្រើប្រាស់អក្សរខ្មែរ។
ក្នុងចំណោម Comments ចំនួនរាប់រយ គឺអ្នកលេង Facebook ភាគច្រើនបានលើកឡើងថា «ត្រូវតែមានសរសេរជាអក្សរខ្មែរ។ មិនថាមានកម្មសិទ្ធិមកពីប្រទេសណាទេត្រូវតែមានឈ្មោះខ្មែរ ព្រោះឋិតក្នុងប្រទេសខ្មែរ។ មិនថាជនជាតិណាក៏ដោយបើមានបង្កើតក្រុមហ៊ុន ជាផ្សារ ជារោងចក្រ ត្រូវគិតដល់អត្តសញ្ញាណ ឬវប្បធម៌របស់ម្ចាស់ប្រទេសផង។ ទាមទារឲ្យមានសរសេរជាអក្សរខ្មែរដាច់ខាត…»។ រីឯអ្នកខ្លះបានលើកឡើងថា «ជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន AEON» និងអ្នកខ្លះទៀតបានលើកឧទាហរណ៍ថា «ផ្សារទំនើប Lotus នៅប្រទេសថៃក៏មិនមានសរសេរជាអក្សរថៃដែរ…»។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា អនុលោមតាមមាត្រា៥នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ភាសានិងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ» ម្យ៉ាងទៀតសូម្បីតែមាត្រា១៨ នៃច្បាប់ស្តីពីគ្រប់គ្រងរោងចក្រ និងសិប្បកម្មដែលប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខនស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ បានចែងថា «រោងចក្រនីមួយៗត្រូវមានឈ្មោះរោងចក្រ ហើយស្លាកឈ្មោះរោងចក្រត្រូវសរសេរជាអក្សរខ្មែរ មានទំហំធំជាង និងនៅពីលើអក្សរផ្សេងទៀត…» ដូច្នេះរាល់ឈ្មោះក្រុមហ៊ុន ឬឈ្មោះផ្សារទំនើបក្តីក៏គួរតែឲ្យមានសរសេរជាអក្សរខ្មែរផងដែរទើបជាការត្រឹមត្រូវក្នុងន័យលើកស្ទួយតម្លៃនៃអក្សរសាស្ត្ររបស់ជាតិ។
សូមស្ថាប័នមានសមត្ថកិច្ចមេត្តាធ្វើការពិចារណា និងមានវិធានការក្នុងករណីនេះផង ដើម្បីលើកស្ទួយតម្លៃកិត្យានុភាពរបស់ជាតិខ្មែរយើងទាំងមូល៕
Source from: www.dtn7.com