បើជឿជាក់លើរបាយការណ៍មេទាហានរបស់ខ្លួនហើយ តើបុរសខ្លាំងត្រូវមានវិធានការយ៉ាងណាចំពោះចៅក្រមពុករលួយ ?

បន្ទាប់ពីបានចុះហត្ថលេខានៅលើលិខិតរាជរដ្ឋាភិបាលកម្ពុជាលេខ៥១១លស ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលបានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះរាជទានទោសឲ្យទណ្ឌិតឈ្មោះ ជា តារា ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ(ផ្កាយ២)មានតួនាទីជានាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្សប្រចាំការដឹកនាំបញ្ជាអាវុធគាំទ្រនៅទិសជួរមុខសមរភូមិប្រាសាទព្រះវិហារនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រាកដជាបានអានខ្លឹមសាររបសយការណ៍លេខពិសេស ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ តុល មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស ដោយមានការដឹងឮពីឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, ពីឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យបុរសខ្លាំង និងពីឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានគោរពរាយការណ៍ជូនបុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាបុរសខ្លាំង ទាក់ទងនឹងការចាប់ខ្លួនលោកឧត្តមសេនីយ៍យោធា ជា តារា ក្នុងរឿងជម្លោះក្តីក្តាំជាមួយលោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក(ផ្កាយ៣)និងជាអតីតទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការរួចហើយ ។
របាយការណ័លេខពិសេសចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់បញ្ជាការដ្ឋានអង្គរក្ស ដែលបានគោរពរាយការណ៍ជូនបុរសខ្លាំង និងភរិយានោះ បានបញ្ជាក់យ៉ាងច្បាស់ថា "ការពិតឧត្តមសេនីយ៍ទោ ជា តារា ជាអ្នករងគ្រោះ ព្រោះបានយកលុយកាក់ប្រគល់ឲ្យឈ្មោះ ឌឿន សុវណ្ណ ហើយ បែរជាត្រូវមានទោសរហូតជាប់ពន្ធនាគារ និងត្រូវសងជំងឺចិត្តដល់ឈ្មោះ ឌឿន សុវណ្ណ ទៀត ពិតជាអយុត្តិធម៌ណាស់ ។ នេះថ្នាក់ឧត្តមសេនីយ៍ទោក្នុងកងយោធពលខេមរភូមិន្ទ ចុះទម្រាំប្រជាជនសុទ្ធសាធ ឬអ្នកវិនិយោគនោះ តើត្រូវទទួលរងនូវភាពអយុត្តិធម៌យ៉ាងណា ? ឌឿន សុវណ្ណ ដែលត្រូវបានរាជរដ្ឋាភិបាលដកបុណ្យស័ក្តិ និងបណ្តេញចេញពីកងនគរបាលជាតិ នៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ព្រោះជាមនុស្សដែលមានការស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយឯកឧត្តម ជីវ កេង ដូច្នេះហើយទើបរឿងអ្វី្ៗដែល ឌឿន សុវណ្ណ បានប្តឹងពុំដែលទទួលបរាជ័យទេ ។ កន្លងមក ឌឿន សុវណ្ណ បានបោកប្រាស់ទៅលើជនបរទេសយ៉ាងច្រើន និងបានប្រព្រឹត្តអំពើខុសច្បាប់ ដូចជាក្លែងបន្លំឯកសារសាធារណៈផ្សេងៗ ធ្វើឯកសារសុំហត្ថលេខាពីសម្តេចប្រធានរដ្ឋសភា ស្នើសុំដំឡើងឋានន្តរស័ក្តិផ្ទាល់ខ្លួនដោយមិនបានឆ្លងតាមរយៈរាជរដ្ឋាភិបាលនោះទេ ។ ជាងនេះ ឈ្មោះ ឌឿន សុវណ្ណ ហ៊ានបញ្ជាឲ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោចុះវាស់វែងដីធ្លីឲ្យប្រពន្ធខ្លួនឯងទៀតផង ។" ។
យោងតាមអង្គហេតុនៃសាច់រឿង តួនាទីរបស់ឯកឧត្តម ជីវ កេង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ (បច្ចុប្បន្នជាអនុប្រធានតុលាការកំពូល) និងរបាយការណ៍របស់បញ្ជាការដ្ឋានអង្គរក្ស គឺធ្វើឲ្យមជ្ឈដ្ឋាននានាជឿជាក់ថា លោក ឌឿន សុវណ្ណ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់តាមរយៈឯកឧត្តម ជីវ កេង ជាចៅក្រមដ៏មានអំណាច ចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល អាចច្នៃរឿងពីសទៅជាខ្មៅ និងពីឈ្នះទៅជាចាញ់ ឬពីចាញ់ទៅជាឈ្នះវិញបាន ។
ទោះយ៉ាងណាក៏ដោយ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្ទាប់ពីបានពិនិត្យលើរបាយការណ៍ និងការផ្តល់យោបល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ និងបានអានរបាយការណ៍របស់បញ្ជាការដ្ឋានអង្គរក្ស ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤រួចមក ព្រះករុណាព្រះមហាក្សត្រទ្រង់បានត្រាស់បង្គាប់លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ជា តារា ដែលស្ថាប័នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់០៨ខែ និងសងជំងឺចិត្តចំនួន២០លានរៀល ឲ្យទៅឈ្មោះ ឌឿន សុវណ្ណ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣០០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់តុលាការកំពូលរួចហើយ តាមព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៧៣ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ប្រសិនបើមានការជឿជាក់លើរបាយការណ៍មេទាហានរបស់ខ្លួនរួចហើយនោះ គួរតែបុរសខ្លាំងចាត់ការបង្គាប់ឲ្យមានការស៊ើបអង្កេតទៅលើក្រុមចៅក្រមពុករលួយ ដែលបានកាត់ក្តីផ្តល់នូវភាពអយុត្តិធម៌ដល់លោកឧត្តមសេនីយ៍ទោយោធា ជា តារា ផង ជាពិសេសត្រូវតែមានវិធានការទៅលើឯកឧត្តម ជីវ កេង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ (បច្ចុប្បន្នជាអនុប្រធានតុលាការកំពូល)តែម្តង ដើម្បីបោសសម្អាតក្រុមចៅក្រមខិលខូច ក្នុងន័យពង្រឹងប្រព័ន្ធតុលាការ និងយុត្តិធម៌ឡើងវិញ ៕
Source from: www.dtn7.com