ឯកឧត្តម ជីវ កេង ជាប់ឈ្មោះក្នុងបញ្ជីខ្មៅបុរសខ្លាំងនិងមេទាហានជាចៅក្រមមានឥទ្ធិពលធ្វើឲ្យអ្នកមានរឿងក្តីមិនចេះចាញ់

សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជ្រាបរួចហើយនូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងលោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) និងអតីតជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើរដ្ឋលេខាធិការ ជាមួយឯកឧត្តមចៅក្រម ជីវ កេង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ (បច្ចុប្បន្នជាអនុប្រធានតុលាការកំពូល) និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទើបធ្វើឲ្យលោក ឌឿន សុវណ្ណ មានឥទ្ធិពលដ៏ខ្លាំងក្លានៅក្នុងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ទទួលបានការឈ្នះក្តីទៅលើលោកឧត្តមសេនីយ៍ទោ (ផ្កាយ២) ជា តារា នាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១០០៨៩ ទាំងអយុត្តិធម៌ តាមរបាយការណ៍ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល បញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សដឹងឮដោយឯកឧត្តមនាយឧត្តមសេនីយ៍យោធា ហ៊ុយ ពិសិដ្ឋ, ឯកឧត្តមនាយឧត្តមសេនីយ៍យោធា ហ៊ីង ប៊ុនហៀង និងឯកឧត្តមនាយឧត្តមសេនីយ៍យោធា ប៉ុល សារឿន ។
របាយការណ៍លេខពិសេសចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់មេទាហានជាកម្លាំងស្រួចរបស់បុរសខ្លាំង ដែលគោរពជូនបុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ភរិយាបុរសខ្លាំងនោះ មានបង្ហាញឲ្យឃើញថា អតីតនាយនគរបាលជាតិក្រសួងមហាផ្ទៃ មានកំហុសឈ្មោះ ឌឿន សុវណ្ណ មានឥទ្ធិពលខ្លាំងក្នុងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដោយសារលោក ឌឿន សុវណ្ណ មានការស្និទ្ធស្នាលជាមួយឯកឧត្តម ជីវ កេង ទើបមានប្រៀបឈ្នះក្តីទៅលើលោកឧត្តមសេនីយ៍ទោយោធា ជា តារា និងក៏មានន័យថា ឲ្យតែមនុស្សណាមានទំនាក់ទំនងស្និទ្ធស្នាលខ្លាំងជាមួយឯកឧត្តម ជីវ កេង គឺប្រាកដជាមានឥទ្ធិពលក្នុងស្ថាប័នតុលាការក្តីក្តាំមិនចេះចាញ់ឡើយ (សូមចូលអានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤បន្ថែម) ។
ទោះយ៉ាងណា របាយការណ៍របស់មេទាហានដែលបានគោរពជូនបុរសខ្លាំងនោះ មិនបានបញ្ជាក់ថា តើការទំនាក់ទំនងស្និទ្ធស្នាលរវាងលោក ឌឿន សុវណ្ណ និងឯកឧត្តមចៅក្រម ជីវ កេង តាមរបៀបណាឡើយ (តាមលុយកាក់ ឬតាមញាតិសន្តាន…?) ។
មជ្ឈដ្ឋានទូទៅបានចោទជាសំណួរថា តើឯកឧត្តម ជីវ កេង ជានរណា និងហេតុអ្វីបានជាឯកឧត្តមចៅក្រមរូបនេះមានឥទ្ធិពលខ្លាំងក្លាម្ល៉េះក្នុងស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជា ? ចម្លើយដូចខាងក្រោម ៖
ឯកឧត្តម ជីវ កេង អាយុ៦៣ឆ្នាំ ទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា របស់ឯកឧត្តមបណ្ឌិតឧកញ៉ា ជា ចំរើន និងបានចូលបម្រើការងាររដ្ឋនាអំឡុងឆ្នាំ១៩៧៩ ។ បច្ចុប្បន្ន ឯកឧត្តម ជីវ កេង ត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីបានកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលជិត១០ឆ្នាំ ពោរពេញដោយអំណាច និងទ្រព្យសម្បត្តិមហាសាលរួចមក ។
ថ្បីដ្បិតឯកឧត្តម ជីវ កេង មានអាយុលើសពី៦០ឆ្នាំ ជាអាយុត្រូវដល់ពេលដាក់ចូលនិវត្តន៍ យោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៣ (២០០៣-២០០៨)ក៏ដោយ ប៉ុន្តែឯកឧត្តមចៅក្រមរូបនេះមិនត្រូវបានដាក់ឲ្យចូលនិវត្តន៍ឡើយ ហើយបែរជាត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀតរហូតដល់ទៅ២លើក ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ (លើកទី១) និងព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៧ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤(លើកទី២) ។
មុនពេលមកទទួលតំណែងថ្មីជាអនុប្រធានតុលាការកំពូលដ៏ហ៊ឺហា ទាំងមានអាយុ៦៣ឆ្នាំនោះ ឯកឧត្តមចៅក្រម ជីវ កេង បានកាន់កាប់មុខតំណែង និងតួនាទីយ៉ាងច្រើនសំពីងសំពោងប្លែកពីគេឯង ដូចតទៅ ៖
១-ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤១៧ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥) មានរយៈពេលជិត១០ឆ្នាំមកហើយ មិនដែលផ្លាស់ប្តូរប៉ុស្តិ៍ម្តងណាសោះ ។
២-ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមរូបភាពចាត់តាំង (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៤០ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧) មានរយៈពេលជិត៧ឆ្នាំមកហើយ ។
៣-ជាទីប្រឹក្សាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី (តែងតាំងសាជាថ្មីដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៩/៥៧១ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩) ។
៤-ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០) ។
៥-ជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៦៩ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៩) ។
៦-ជាសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ (តែងតាំងដោយអនុក្រឹត្យលេខ៩១អនក្រ.តត ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩) ។
៧-ជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (តែងតាំងដោយអនុក្រឹត្យលេខ១៤៤អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២) ។
៨-ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ៨៤៨ (ធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២) ។
ចំណុចដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយទៀតនោះ គឺកន្លងមក ឯកឧត្តម ជីវ កេង ក្នុងនាមជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងស្ថាប័នតុលាការ ដែលតម្រូវឲ្យមានអំណាចឯករាជ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បែរជាឯកឧត្តមចៅក្រមរូបនេះប្រើប្រាស់យានជំនិះទំនើបម៉ាក Range Rover ពាក់ស្លាកលេខរដ្ឋ 05.2-9595 ជាប្រភេទយានយន្តសម្រាប់ប្រើប្រាស់នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃស្ថាប័ននីតិប្រតិបត្តិទៅវិញ ពោលគឺហាក់ចង់សម្ញែងថា ខ្លួនឯងជាមន្ត្រីរាជការបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី (Sic!) ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ប្រសិនបើឯកឧត្តម ជីវ កេង នៅតែមានឥទ្ធិពលខ្លាំងតទៅទៀត គឺឯកឧត្តមចៅក្រមរូបនេះ ក្នុងមានជាអនុប្រធានតុលាការកំពូល អាចនឹងត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការដំឡើងថ្នាក់និងឋានន្តរស័ក្តិចៅក្រម ស្របតាមមាត្រា៣៣នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញានៅពេលខាងមុខជាក់ជាមិនខាន ។
ទាក់ទងនឹងស្ថានភាពគ្រួសារ គឺឯកឧត្តម ជីវ កេង បានបណ្តុះបណ្តាល និងជួយជ្រោមជ្រែងទំនុកបម្រុងឲ្យកូន និងក្មួយប្រុស-ស្រីបានធ្វើជាចៅក្រម-ព្រះរាជអាជ្ញា អនុប្រធានតុលាការ ព្រះរាជអាជ្ញារង និងមេធាវី ជាច្រើននាក់រួចហើយៗកូន និងក្មួយៗរបស់ឯកឧត្តម ជីវ កេង ទាំងនោះក៏មានឥទ្ធិពលខ្លាំងក្នុងស្ថាប័នតុលាការដូចឪពុក និងមារបស់ពួកគេដែរ ។
សរុបសេចក្តីមក ឯកឧត្តម ជីវ កេង បានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់បុរសខ្លាំង និងមេទាហានគ្រាក់ៗរបស់បុរសខ្លាំងថា ជាចៅក្រមមានឥទ្ធិពលខ្លាំង អាចធ្វើឲ្យអ្នកមានរឿងក្តីក្តាំមិនចេះចាញ់ឡើយនៅស្ថាប័នតុលាការ ដូចករណីលោក ឌឿន សុវណ្ណ ជាដើម ប៉ុន្តែគេមិនទាន់បានដឹងថា តើបុរសខ្លាំងនឹងមានវិធានការយ៉ាងណាទៅលើឯកឧត្តមចៅក្រមដ៏មានឥទ្ធិពលជីវ កេង នោះទេ៕
Source from: www.dtn7.com