លេចចេញសកម្មភាពក្រុមជនបិទមុខចាប់ក្មេងៗសិស្សសាលាយកទៅលក់នៅប្រទេសថៃ

កាលពីវេលាព្រឹកនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចក្បែរសាលារៀនអង្គការមេគង្គ ឋិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលេចចេញនូវសកម្មភាពរបស់ជនពាក់ម៉ាស់បិទមុខមួយក្រុមស្ទាក់ចាប់ក្មេងសិស្សសាលាចំនួន៣នាក់បងប្អូន ពេលកំពុងជិះកង់មករៀននៅសាលាបឋមសិក្សាអូរអំបិល ដាក់ក្នុងរថយន្តយកទៅក្រុងប៉ោយប៉ែត នាំចេញឆ្ពោះទៅប្រទេសថៃ ក្នុងគោលបំណងជួញដូរកុមារឆ្លងដែន ប៉ុន្តែត្រូវកងតម្រួតថៃទប់ស្កាត់បានប្រគល់មកឲ្យសមត្ថកិច្ចកម្ពុជាវិញ ។
សមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្មេងសិស្សសាលារងគ្រោះទាំង៣នាក់ដែលត្រូវជនបិទមុខចាប់យកទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ មានឈ្មោះ សុខ វិសាល ភេទប្រុស អាយុ១២ឆ្នាំ,សុខ ពិសី ភេទស្រី អាយុ៦ឆ្នាំ និងឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។
ក្រុមក្មេងសិស្សសាលារងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេទាំង៣នាក់បានជិះកង់ឌុបគ្នាបម្រុងទៅរៀននៅសាលាបឋមសិក្សាអូរអំបិល និងមកដល់ចំណុចកើតហេតុ មានសភាពស្ងាត់ ស្រាប់តែមានជនពាក់ម៉ាស់មុខចំនួន៧នាក់ឈប់រថយន្តចាប់ពួកគេ រួមទាំងកង់ដាក់ក្នុងរថយន្តទួរីស ពណ៌ស បិទស្កុតពណ៌ខ្មៅ ។ ពេលនោះ នាង សុខ ពិសី បានស្រែកយំឲ្យគេជួយ ប៉ុន្តែត្រូវបានក្រុមជនល្មើសស្រែកគំរាមសម្លាប់ ទើបនាងឈប់យំ ខណៈដែលនៅក្នុងរថយន្តឃើញមានក្មេងប្រុស-ស្រីតូចៗចំនួន៤នាក់ទៀតកំពុងអង្គុយយំផងដែរ មិនដឹងថា ជនល្មើសចាប់យកពីទីណាទេ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា បន្ទាប់ពីក្រុមជនល្មើសចាប់ក្មេងរងគ្រោះរួចមក ពួកគេបានបើករថយន្តឆ្វែលជុំវិញក្រុងសិរីសោភ័ណ ហើយក៏បើកឆ្ពោះបន្តទៅក្រុងប៉ោយប៉ែត ។ ពេលមកដល់ ចំណុចមុខស្ពាន ក្រុមជនល្មើសបានឲ្យក្មេងសិស្សសាលាទាំង៣នាក់ចុះបណ្តើរកង់ឆ្លងចូលទៅទឹកដីថៃ រួមទាំងបានគំរាមសម្លាប់កុំឲ្យប្តឹងសមត្ថកិច្ច រីឯក្មេង៤នាក់ទៀតនោះ នៅក្នុងរថយន្តដដែល ។ លុះក្មេងរងគ្រោះដើរឆ្លងចូលដល់ផ្សារថៃទល់មុខធនាគារថៃមានស្ត្រីរុញរទេះម្នាក់បានហៅក្មេងប្រុសឈ្មោះ សុខ វិសាល សួរនាំ ហើយក្មេងនោះក៏បានឆ្លើយប្រាប់ថា មានជនមួយក្រុមបានចាប់ពួកគេបញ្ជូនទៅប្រទេសថៃ ។ ក្រោយសួរនាំរួច ស្ត្រីរុញរទេះក៏បាននាំក្រុមក្មេងទាំង៣នាក់ប្រគល់ឲ្យអង្គការមួយក្នុងទឹកដីថៃ ជាហេតុធ្វើឲ្យក្រុមជនល្មើសរត់គេចខ្លួនបាត់ ។ តមកអង្គការនោះក៏បានប្រគល់ក្មេងទាំង៣នាក់ឲ្យទៅកងតម្រួតថៃ ហើយតម្រួតថៃក៏បញ្ជូនក្មេងទាំង៣នាក់ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា ។
ក្មេងៗរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេហើយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ ខណៈដែលក្រុមជនល្មើសសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
Source from: www.dtn7.com