ទំនងជាស្រវឹងស្រាដើរធ្លាក់អណ្តូងលូ បាត់មួយយប់ប្រទះឃើញ លង់ទឹកស្លាប់គួរឲ្យសង្វេគ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋបានប្រទះឃើញ សពយុវជនមានសតិមិនល្អម្នាក់ ស្លាប់ក្នុងអណ្តូងទឹកលូក្បែរផ្ទះ គ្មានមនុស្សនៅ ស្ថិតក្នុងភូមិពន្លៃ ស្រុកបរិបូណ៌ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៤ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះទំនងស្រវឹងស្រា ស្រេកទឹកដើរមកអើតអណ្តូង ឬដើរមកដួលលើមាត់អណ្តូង បណ្តាលឱ្យធ្លាក់លង់ស្លាប់ មិនមែនជាករណីឃាតកម្មទេ។
សពយុវជនរងគ្រោះ មានឈ្មោះ នាថ អាយុ ២៥ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី និងមានទីលំនៅមិនពិតប្រាកដ ហើយច្រើនតែមកដេក ស្នាក់នៅផ្ទះកើតហេតុ ដែលគ្មានមនុស្សរស់នៅ។ រៀងរាល់ថ្ងៃយុវជនរងគ្រោះ តែងតែដើរសុំទាន និងសុំបាយអ្នកស្រុកហូប ហើយជួនកាលពេលសុំគេបានលុយ យកទៅទិញស្រាផឹក ស្រវឹងស្ទើរមិនលស់ថ្ងៃណាឡើយ មិនដឹងជាជនរងគ្រោះ តូចចិត្តរឿងអ្វីនោះទេ។
រហូតដល់ល្ងាចថ្ងៃទី២៩ ខែឧសភា គេបានឃើញយុវជនរងគ្រោះ ផឹកស្រាស្រវឹងនៅជិត បន្ទាយកងរាជអាវុធហត្ថ ស្រុកបរិបូណ៌។ រហូតដល់វេលាម៉ោង ១១ព្រឹកថ្ងៃទី៣០ ខែឧសភា ដោយមិនឃើញជនរងគ្រោះ ចេញទៅសុំទានគេដូចសព្វដង ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាទៅអើតមើល អណ្តូងទឹក ស្រាប់តែប្រទះឃើញ យុវជនរងគ្រោះស្លាប់ក្នុងអណ្តូងទឹក មិនដឹងតាំងពីពេលណាទេ ក៏រាយការណ៍ទៅសមត្ថកិច្ច ឱ្យចុះមកពិនិត្យ៕
Source from: watphnom-news.com