ផ្កាយ​៤​ អ៊ី​ ឈាន​ ត្រូវ​បាន​បញ្ចប់​តំណែង​ពី​អភិបាលខេត្ត​ប៉ៃលិន​ដោយសារ​តែ​ដល់​អាយុ​ចូល​និវត្តន៍​

ផ្កាយ​៤​ អ៊ី​ ឈាន​ ត្រូវ​បាន​បញ្ចប់​តំណែង​ពី​អភិបាលខេត្ត​ប៉ៃលិន​ដោយសារ​តែ​ដល់​អាយុ​ចូល​និវត្តន៍​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ អាយុ​៦០​ឆ្នាំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៨០៤​ និង​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ ដែល​ល្បីល្បាញ​ខាង​ជាប់​ឈ្មោះ​ជា​គ្រួសារ​មហាអំណាច​ស្តេចត្រាញ់​ប្រចាំ​ខេត្ត​ប៉ៃលិន​ ដ្បិត​មាន​ភរិយា​ឈ្មោះ​ បាន​ ស្រី​មុំ​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/២១១​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​លើស​ពី​នេះ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ ក៏​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ផង​ដែរ​ បន្ទាប់​ពី​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ ហើយ​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ នឹង​ត្រូវ​ផ្លាស់​ចេញ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៤​ខាង​មុខ​ ដោយ​លោក​ កើត​ សុធា​ ត្រូវ​ឡើង​កាន់​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ជំនួស​វិញ​ម្តង​ ។​

​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​បញ្ចប់​មុខ​តំណែង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​នោះ​ គឺ​ដោយសារ​ឯកឧត្តម​រូប​នេះ​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​ចូល​និវត្តន៍​រួចរាល់​ប៉ុណ្ណោះ​ តែ​ប្រសិនបើ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ មិន​ទាន់​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ ឬ​មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​ ទំនងជា​ឯកឧត្តម​រូប​នេះ​នឹង​បន្ត​កាន់​អំណាច​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​តទៅ​ទៀត​គ្មាន​ពេល​សម្រាក​ឡើយ​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​រួច​ហើយ​ក៏​ដោយ​ ជា​ពិសេស​មន្ត្រី​អតីត​ជា​អភិបាលខេត្ត​-​រាជធានី​ដ៏​មាន​ឥទ្ធិពល​ គឺ​បន្ទាប់​ពី​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ ប្រសិនបើ​មិន​ជាប់​ឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​ ក៏​អាច​បន្ត​ទទួល​បាន​ងារ​ និង​ឋានៈ​ជា​ឯកឧត្តម​តទៅ​ទៀត​ដែរ​ ដោយ​អាច​តែងតាំង​ឲ្យ​មានមុខ​តំណែង​នយោបាយ​ ដូច​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ រដ្ឋលេខាធិការ​ក្រសួង​ ទីប្រឹក្សា​ក្រសួង​ ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ ឬ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​…​។​ល​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ ព្រមទាំង​អ្នក​ប្រកបរ​បរមុខ​ជំនួញ​ផ្សេងៗ​នៅ​ខេត្ត​ប៉ៃលិន​ បាន​លើក​ឡើង​ថា​ ក្នុង​ករណី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ បញ្ចប់​មុខ​តំណែង​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ គឺ​អាច​កាត់​បន្ថយឥទ្ធិពល​គ្រួសារ​មហាអំណាច​នេះ​បាន​ខ្លះៗ​ ដ្បិត​កន្លង​មក​ គ្រួសារ​នេះ​ប្តី​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ចំណុះ​ក្រសួងមហាផ្ទៃ​ រីឯ​ប្រពន្ធ​ជា​អ្នកតំណាង​រាស្ត្រ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ៕​

Y-Chhean.jpgssssBan-Serymom-&-I-Chhean-YYY Y-Chhean-Letter


Source from: www.dtn7.com

No comments:

Post a Comment