កណ្តាប់ដៃបុរសខ្លាំងបរាជ័យក្នុងការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចូលលេងក្នុងបនល្បែងកាស៊ីណូ

រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី បានផ្តល់អាជ្ញាប័ណ្ណដល់ឈ្មួញបង្កើតបនល្បែងស៊ីសងកាស៊ីណូ(Casino)ជាច្រើនកន្លែង ទាំងនៅរាជធានីភ្នំពេញ(Naga World) និងនៅតាមបណ្តាខេត្តមួយចំនួនទៀតជាប់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ ដោយបានហាមប្រាមប្រជាពលរដ្ឋខ្មែរមិនឲ្យចូលលេងល្បែងក្នុងកាស៊ីណូឡើយ ពោលគឺសម្រាប់តែជនបរទេសចូលលេងប៉ុណ្ណោះ ក្នុងន័យដើម្បីទប់ស្កាត់អំពើចោរកម្មផ្សេងៗ (Sic!) ។
ទោះបីមានការហាមប្រាមប្រជាពលរដ្ឋខ្មែរមិនឲ្យចូលលេងក្នុងបនល្បែងកាស៊ីណូក្តី ប៉ុន្តែព័ស្តុតាងជាក់ស្តែងបានបង្ហាញថា បណ្តាបនល្បែងកាស៊ីណូទាំងអស់នោះសុទ្ធតែមានប្រជាពលរដ្ឋខ្មែរចូលលេងសឹងជាប្រចាំ បូករួមទាំងមន្ត្រីរាជរដ្ឋាភិបាលរបស់បុរសខ្លាំងផង ដោយមិនមានការទប់ស្កាត់ ឬហាមឃាត់អ្វីឡើយ ខណៈដែលបនល្បែងកាស៊ីណូត្រូវបានគេកត់សម្គាល់ឃើញថា ជាទីតាំងដ៏សំខាន់សម្រាប់ធ្វើការលាងលុយកខ្វក់ឲ្យពួកមន្ត្រី និងឈ្មួញពុករលួយយ៉ាងសកម្ម ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ Page មួយនៃបណ្តាញព័ត៌មានសង្គម Faecbook ដ៏ពេញនិយមនៅកម្ពុជាប្រើប្រាស់ឈ្មោះ និងរូបថតបុរសខ្លាំងធ្វើជា Profile និងមានអ្នក Like Page ចំនួន 327.535 Accounts ដែលគេសន្និដ្ឋានថា គ្រប់គ្រងដោយមនុស្សដង្ហែគាំទ្របុរសខ្លាំងនោះ បាន Post អត្ថបទទាក់ទងនឹងរឿងបនល្បែងកាស៊ីណូ មិនមែនសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរចូលលេងទេ ហើយបើម្ចាស់កាស៊ីណូប្រព្រឹត្តល្មើស អាចប៉ះពាល់ដល់ License (អាជ្ញាប័ណ្ណ) ដែលការ Post នេះទទួលបានអ្នក Comments ចំនួន177Comments ពីប្រិយមិត្តអ្នកលេង Facebook ។ ក្នុងចំណោម Comments ទាំងអស់ដែលមានចំនួន 177 Comments នោះ គឺមានចំនួនជាង 150 Comments ទៅហើយដែលមិនបានជឿទៅលើវិធានការតបស់បុរសខ្លាំងទេ ដោយពួកគេអះអាងថា មានប្រជាពលរដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូយ៉ាងគគ្រឹកគគ្រេង រួមទាំងក្នុងកាស៊ីណូណាហ្គាវើល ឋិតក្បែរភូមិគ្រឹះរបស់បុរសខ្លាំងនៅរាធានីភ្នំពេញផង ។
លើសពីនេះ បណ្តាប្រិយមិត្តអ្នកលេង Facebook បាន Comments ថា រាល់ល្បែងស៊ីសងទាំងអស់ពាក់ព័ន្ធនឹងការប្រព្រឹត្តដោយប្រជាពលរដ្ឋខ្មែរ ដូចជាល្បែងភ្នាល់បាល់ទាត់ ល្បែងឆ្នោតកន្ទុយលេខ និងល្បែងជល់មាន់…គឺប្រមូលផ្តុំនៅក្នុងកាស៊ីណូតែម្តង ដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកជាមួយថៅកែកាស៊ីណូទាំងនោះឡើយ ហើយមន្ត្រីក្រោមឱវាទរបស់បុរសខ្លាំងបានត្រឹមតែប្រើអំណាចគំរាម ដើម្បីប្រមូលយកលុយកាក់ដាក់ហោប៉ៅប៉ុណ្ណោះ ។
ដូច្នេះ សរុបសេចក្តីមក កណ្តាប់ដៃរបស់បុរសខ្លាំងបាននិងកំពុងទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាស់ ដោយវាយមិនចំគោលដៅលើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចូលលេងក្នុងបនល្បែងកាស៊ីណូ ខណៈដែលមន្ត្រីក្រោមឱវាទរបស់បុរសខ្លាំងកំពុងកើបប្រមូលផលប្រយោជន៍ពីថៅកែកាស៊ីណូដាក់ក្នុងហោប៉ៅជាប្រចាំ និងសកម្ម តាមរយៈអំពើចេញមុខកាងឲ្យបនល្បែងកាស៊ីណូទាំងនោះ ៕
Source from: www.dtn7.com
No comments:
Post a Comment