បែកធ្លាយ​អំពើ​ពុក​រលួយ​និង​បក្ខពួក​គ្រួសារ​និយម​របស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​

បែកធ្លាយ​អំពើ​ពុក​រលួយ​និង​បក្ខពួក​គ្រួសារ​និយម​របស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​

​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ ដែល​មាន​លោក​ ឈឹ​ម​ សំអាត​ ជា​ប្រធាន​មន្ទីរ​ដុះ​ស្លែ​ និង​មាន​អាយុ​ជិត​ចូល​និវត្តន៍​នោះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​ទម្លាយ​ចេញ​នូវ​របៀបរបប​នៃ​ការ​ដឹកនាំ​តាម​បែប​បក្ខពួក​គ្រួសារ​និយម​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើង​កក្រើក​មន្ទីរ​ ក្នុង​រឿង​កិបកេង​ប្រាក់​មន្ត្រី​មាន​ជំងឺ​,​ ប្រាក់​សោហ៊ុយ​ចំណាយ​បេសកកម្ម​,​ ប្រាក់​ឧបត្ថម្ភ​មន្ត្រី​ជា​ស្ត្រី​សម្រាលកូន​,​ ប្រាក់​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​សម្ភារៈ​រដ្ឋបាល​,​ ប្រាក់​ជួសជុល​អគារ​,​ ប្រាក់​កសាង​ផ្លូវ​បេតុង​ចូល​មន្ទីរ​,​ ប្រាក់​សម្ភារៈ​និង​បរិក្ខារ​រួម​,​ ប្រាក់​ទិញ​គ្រឿង​សង្ហា​រឹម​ និង​ប្រេងឥន្ធនៈ​ …​ ដោយ​រួមដៃគ្នា​យ៉ាង​សកម្ម​ជាមួយ​លោក​អនុប្រធាន​មន្ទីរ​ និង​អតីត​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​ និង​គណនេយ្យ​ម្នាក់​ទៀត​ឈ្មោះ​ យ៉ែ​ម​ ឆ​ន​ ព្រមទាំង​បក្ខពួក​ ។​

​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ ឈឹ​ម​ សំអាត​ និង​លោក​អនុប្រធាន​មន្ទីរ​ យ៉ែ​ម​ ឆ​ន​ ព្រមទាំង​គូកន​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​ទម្លាយ​ឲ្យ​បែកធ្លាយ​ចេញ​មក​ក្រៅ​ដូច​តទៅ​ ៖

១-​ប្រាក់​សម្រាប់​ជួសជុល​អគារ​ក្នុង​ឆ្នាំ​២០១៣​មាន​ចំនួន​១៨៧.២០០.០០០​រៀល​ ប៉ុន្តែ​ជាក់ស្តែង​បាន​ចំណាយ​លើ​ការ​ដាក់​ពិតាន​ និង​លាបថ្នាំ​តួ​អគារ​របស់​មន្ទីរ​អស់​មិន​លើស​ពី​ចំនួន​៤០​លាន​រៀល​ទេ​ ។​ ដូច្នេះ​ទឹកប្រាក់​នៅ​សល់​ប្រមាណ​ជាង​១៤០​លាន​រៀល​ទៀត​ ត្រូវ​បាន​សមគំនិត​គ្នា​កិបកេង​យក​មក​ដាក់​ហោប៉ៅ​ ។​

២-​ប្រាក់​សោហ៊ុយ​ទូទាត់​ក្នុង​ប្រទេស​(​បេសកកម្ម​)​មាន​ចំនួន​២៩.៣៥៤.០០០​រៀល​ ប៉ុន្តែ​រូបភាព​ជាក់ស្តែង​ មន្ត្រី​ដែល​ចុះ​បេសកកម្ម​បាន​ទទួល​ប្រាក់​ក្នុង​ខ្ទង់​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ឬ​សឹង​គ្មាន​ទម្លាក់​ប្រាក់​ឲ្យ​តែ​ម្តង​ ។​

៣-​ប្រាក់​សម្រាប់​មន្ត្រី​មាន​ជំងឺ​ និង​ប្រាក់​ឧបត្ថម្ភ​មន្ត្រី​ជា​ស្ត្រី​សម្រាលកូន​ មាន​ចំនួន​១៨.៨៤៩.០០០​រៀល​ ប៉ុន្តែ​ជាក់ស្តែង​មន្ត្រី​ដែល​មាន​ជំងឺ​ពិតប្រាកដ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​មិន​លើស​ពី​៤​នាក់​ទេ​ ក្នុង​ចំណោម​មន្ត្រី​ជាង​៣០​នាក់​ក្នុង​មន្ទីរ​ ហើយ​ការ​ទទួល​បាន​នោះ​ទៀត​សោត​ គឺ​មិន​លើស​ពី​៤០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ឡើយ​ ។​ មាន​ន័យ​ថា​ ប្រាក់​ក្នុង​ខ្ទង់​នេះ​ត្រូវ​បាន​ស៊ីដាច់​ស្ទើរ​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៣​ ។​

៤-​ប្រេងឥន្ធនៈ​ និង​ប្រេងរំអិល​ក្នុង​ឆ្នាំ​២០១៣​ មន្ទីរ​បាន​ចំណាយ​ប្រាក់​អស់​ចំនួន​៣៦.៣៦០.២០០​រៀល​ ប៉ុន្តែ​របប​ប្រេងឥន្ធនៈ​ត្រូវ​បាន​ស៊ីដាច់​អស់យ៉ាង​តិច​ប្រមាណ​៧០%​ទៅះ​ហើយ​ ពីព្រោះ​ពេល​ចុះ​បេសកកម្ម​ម្តងៗ​ មន្ទីរ​ផ្តល់​ឲ្យ​តែត្រឹម​ពី​៥​លី​ត្រ​ទៅ​១០​លី​ត្រ​ប៉ុណ្ណោះ​ ។​

៥-​ប្រាក់​ទិញ​សង្ហា​រឹម​នៅ​ឆ្នាំ​២០១៣​ មន្ទីរ​បាន​ចំណាយ​អស់​ចំនួន​៣៣.៨៩២.០០០​រៀល​ ប៉ុន្តែ​ការ​ពិត​មិន​បាន​ទិញ​សង្ហា​រឹម​ទេ​ គឺ​មន្ទីរ​ប្រើប្រាស់​សង្ហា​រឹម​ដែល​ទទួល​បាន​ពី​ក្រសួងផែនការ​ឧបត្ថម្ភ​ទៅ​វិញ​ ។​ ដូច្នេះ​ប្រាក់​ក្នុង​ខ្ទង់​នេះ​ត្រូវ​បាន​ស៊ីដាច់​ ។​

៦-​ប្រាក់​ចំណាយ​លើ​ការ​សម្ភារៈ​បរិក្ខារ​សម្រាប់​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​ក្នុង​ឆ្នាំ​២០១៣​ អស់​ចំនួន​៤៣.៧៤៣.៥០០​រៀល​ ប៉ុន្តែ​ការ​ពិត​សូ​ម្បី​តែ​ក្រដាស​ ប៊ិក​ សៀវភៅ​ ក៏​មិនសូវ​មាន​សម្រាប់​ចែក​ជូន​មន្ត្រី​ប្រើប្រាស់​ដែរ​ រហូត​មាន​មន្ត្រី​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ខ្លួនឯង​ ។​

៧-​គ្រប់ការ​ចំណាយ​របស់​មន្ទីរ​មិន​ត្រូវ​បាន​លាតត្រដាង​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​ដឹង​ទាំងអស់​គ្នា​ទេ​ សូ​ម្បី​តែ​អនុប្រធាន​មួយ​ចំនួន​ក៏​មិន​បាន​ដឹងផង​ គឺ​អាច​ដឹង​បាន​ត្រឹម​អនុប្រធាន​មន្ទីរ​ម្នាក់​ឈ្មោះ​ យ៉ែ​ម​ ឆ​ន​ និង​ម្នាក់​ទៀត​ឈ្មោះ​ សំ​ លាស់​ ក្នុង​ចំណោម​អនុប្រធាន​មន្ទីរ​ទាំង​៥​នាក់​ និង​កូនប្រសា​ប្រុស​របស់​លោក​ប្រធាន​មន្ទីរ​ឈ្មោះ​ ហាក់​ ចិ​ត្រា​ ព្រមទាំង​កូនស្រី​របស់​លោក​ប្រធាន​មន្ទីរ​ម្នាក់​ទៀត​ឈ្មោះ​ ឈឹ​ម​ ស្រី​ទូច​ ប៉ុណ្ណោះ​ ។​

​ក្រុម​មន្ត្រី​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​ មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​បាន​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​៦៨៦.៤៤០.៩៦០​រៀល​ ក្នុង​នោះ​ចំណាយ​លើ​ជំពូក​៦០​អស់​ចំនួន​២២១.៣៧៤.០២០​រៀល​,​ ជំពូក​៦១​អស់​ចំនួន​២០៩.៤០០.០០០​រៀល​,​ ជំពូក​៦២​អស់​ចំនួន​ ៤០.៣៧០.៨០០​រៀល​ និង​ចំណាយ​លើ​ជំពូក​៦៤​ អស់​ចំនួន​ ២១៥.២៩៦.១៤០​រៀល​ ។​

​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ ឆាយ​ ថន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងផែនការ​ និង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ទៅ​លើ​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ ឈឹ​ម​ សំអាត​ និង​បក្ខពួក​នោះ​ផង​ ដ្បិត​សំអាង​លើ​ជិត​ដល់​ពេល​ចូល​និវត្តន៍​ លោក​ប្រធាន​មន្ទីរ​រូប​នេះ​ប្រឹង​ប្រមូលប្រាក់​ដាក់​ហោប៉ៅ​សម្បើម​ណាស់​ ហើយ​កំពុង​ផ្ចុងផ្តើម​ដល់​កូនប្រសា​ប្រុស​ និង​កូនស្រី​របស់​ខ្លួន​ថែម​ទៀត​ ៕​

Chhay-Than


Source from: www.dtn7.com

No comments:

Post a Comment