តារាចម្រៀង អ៊ីវ៉ា និងឪពុករួមគ្នាមិនទទួលខុសត្រូវករណីអំពើហិង្សាលើជីដូននិងម្តាយក្មេក

ថ្វីដ្បិតតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា ឃិន ស្រីនាថ (ហៅអ៊ីវ៉ា) មិនបានប្រព្រឹត្តអំពើហិង្សាទៅលើជីដូនឈ្មោះ សួង តុំ អាយុ៧២ឆ្នាំ ដោយផ្ទាល់ ដែលបង្កដោយតារាចម្រៀងឈ្មោះ អ៊ូ ចន្ថា អាយុ៤៨ឆ្នាំ ត្រូវជាឪពុកពោះម៉ាយរបស់នាង លើម្តាយក្មេក(យាយ សួង តុំ)កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤កន្លងក៏ដោយ ក៏ប៉ុន្តែមជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកគាំទ្ររូបនាងបាននាំគ្នារិះគន់អំពើរបស់កញ្ញា អ៊ីវ៉ា ដែលបានធ្វើសកម្មភាពទៅជម្លៀសរំដោះយកជីដូនរបស់នាង និងត្រូវជាម្តាយក្មេករបស់ឪពុកនាងជាជនរងគ្រោះចេញពីខេត្តកំពង់ស្ពឺមករាជធានីភ្នំពេញ បាត់ស្រមោលកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ដើម្បីបំបាត់ដានក្នុងន័យគេចវេះពីការទទួលខុសត្រូវក្នុងសំណុំរឿងឪពុកពោះម៉ាយរបស់នាង គឺលោក អ៊ូ ចន្ថា វាយទៅលើម្តាយក្មេកផ្អើលពេញភូមិ ព្រោះតែមិនព្រមស្តីដណ្តឹងប្រពន្ធឲ្យនោះ ។
លោកយាយ សួង ឌីម អាយុ៧២ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប្អូនបង្កើតលោកយាយ សួង តុំ (ជនរងគ្រោះ) និងជាត្រូវជាជីដូនរបស់កញ្ញា អ៊ីវ៉ា បានប្រាប់ឲ្យដឹងថា បងស្រីរបស់គាត់ធ្លាប់បានប្រាប់គាត់ថា ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤មក កូនប្រសារបស់គាត់ឈ្មោះ អ៊ូ ចន្ថា ត្រូវជាឪពុករបស់ចៅស្រីនាថ(ហៅអ៊ីវ៉ា) បានវាយធ្វើបាបនិងច្របាច់កគាត់ ព្រមទាំងប្រមូលខោអាវរបស់គាត់(ជនរងគ្រោះ)យកទៅដុតចោល ដោយទាំងប្រាក់ចំនួន១០ម៉ឺនរៀលទៀតផង ព្រោះតែខឹងសម្បានឹងគាត់មិនព្រមស្តីដណ្តឹងប្រពន្ធឲ្យ ។ ដើម្បីគេចពីការធ្វើបាបនេះ បងស្រីក៏បានរត់មកសុំរស់នៅជាមួយគាត់មួយរយៈពេល ស្រាប់តែវេលាព្រឹកនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ឈ្មោះ អ៊ូ ចន្ថា បានយកពិលមានប្រដាប់ឆក់តាមមកវាយលើម្តាយក្មេក ព្រមទាំងជេរប្រមាថនូវពាក្យអសុរោះជាច្រើន ធ្វើឲ្យផ្អើលពេញភូមិ ។
លោកយាយ សួង ឌីម បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា បងស្រីគាត់(ជនរងគ្រោះ)បានប្រាប់គាត់ថា ការណ៍ដែលគាត់មិនព្រមស្តីដណ្តឹងប្រពន្ធឲ្យកូនប្រសាគាត់ត្រូវជាឪពុករបស់ចៅស្រីនាថ និងចៅស្រីនួន (ឃិន ស្រីនួនជាប្អូនកញ្ញា អ៊ីវ៉ា)នោះ ដោយសារចៅទាំង២នាក់បានហាមប្រាមរួចហើយ ដោយប្រាប់ថា បើឪពុកចៅខឹងគឺស្រេចនៅលើចៅ ។
លោក លាស់ ឡឹង អាយុ៦២ឆ្នាំ ជាមេភូមិព្រៃកោះ បានអះអាងបញ្ជាក់ថា ករណីកូនប្រសាឈ្មោះ អ៊ូ ចន្ថា ជាអ្នកចម្រៀង ត្រូវជាឪពុករបស់កញ្ញា អ៊ីវ៉ា វាយទៅលើម្តាយក្មេក គឺលោកយាយ សួង តុំ ពិតជាមានកើតឡើងមែន ហើយជនរងគ្រោះក៏ធ្លាប់បានមកពឹងពាក់គាត់ឲ្យសរសេរពាក្យបណ្តឹងប្តឹងទៅសមត្ថកិច្ចផងដែរ ។
ប្រភពព័ត៌មានពីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាព្រឹកនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ គេបានឃើញកញ្ញា ឃិន ស្រីនាថ ហៅអ៊ីវ៉ា និងកញ្ញា ឃិន ស្រីនួន បងប្អូនស្រីទាំង២នាក់ អមជាមួយមនុស្សប្រុសចំនួន២នាក់ផ្សេងទៀត បានជិះរថយន្តមួយគ្រឿងទៅបង្ខំនាំជីដូនរបស់ខ្លួន និងត្រូវជាម្តាយក្មេករបស់ឪពុកខ្លួនចេញពីផ្ទះនៅខេត្តកំពង់ស្ពឺ ខណៈដែលកញ្ញា អ៊ីវ៉ា មិនបានចុះពីលើរថយន្តទេ ទំនងជាខ្លាចគេថតរូបភាពបាន ។
ដោយឡែក ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា កញ្ញា អ៊ីវ៉ា បានធ្វើការបដិសេធអំពីរឿងរ៉ាវឪពុករបស់ខ្លួនដែលបានវាយទៅលើម្តាយក្មេក ព្រោះតែមិនព្រមស្តីដណ្តឹងប្រពន្ធឲ្យនោះទាំងស្រុង ។
ក្រុមអ្នកគាំទ្រតារាចម្រៀង អ៊ីវ៉ា និងតារាចម្រៀង អ៊ូ ចន្ថា ជាឪពុកនិងកូនទាំង២នាក់ប្រចាំផលិតកម្មសាន់ដេ បានសម្តែងការខកចិត្តថា ប្រសិនបើរឿងនេះកើតឡើងពិតមែន គឺទាំងឪពុក ទាំងកូន កំពុងរួមដៃគ្នាមិនទទួលខុសត្រូវតាមផ្លូវច្បាប់ករណីអំពើហិង្សាលើជីដូន និងម្តាយក្មេករបស់ខ្លួនទាល់តែសោះ ។
សូមរំលឹកជូនថា អ្នកស្រី ភួង សុខា ជាប្រពន្ធរបស់លោក អ៊ូ ចន្ថា និងជាម្តាយរបស់កញ្ញា អ៊ីវ៉ា បានទទួលមរណភាពកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ជាហេតុអ្វើឲ្យឪពុកកញ្ញា អ៊ីវ៉ា ឋិតនៅពោះម៉ាយ ហើយក៏ទំនងជានឹកភ្នកចង់បានប្រពន្ធថ្មីទៀត តែត្រូវកូនៗមិនអនុញ្ញាត រួចប្រាប់ទៅជីដូនត្រូវជាម្តាយក្មេករបស់លោក អ៊ូ ចន្ថា ទើបកើតមានរឿងរ៉ាវ អំពើហិង្សាក្នុងគ្រួសារកញ្ញា អ៊ីវ៉ា បែបនេះ ៕
Source from: www.dtn7.com