រុស្ស៊ីនិងប្រទេសលោកខាងកើតអាចនឹងចាប់ដៃគ្នាបោះបង់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែឧសភា ឆ្នាំ២០១៤កន្លងមក លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន Xi Jinping ដោយភាគីទាំង២បានឯកភាពគ្នាបោះបង់ចោលការទូទាត់ទំនិញពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិក ត្រឡប់មកប្រើប្រាស់ប្រាក់យន់(Yuan) របស់ចិន និងប្រាក់រូប្លិ៍ (Ruble) របស់រុស្ស៊ីជំនួសវិញ ហើយកំណត់ហេតុនៃការសម្រេចរបស់មេដឹកនាំទាំងពីរត្រូវបានចុះហត្ថលេខា ដោយអនុប្រធានទី១នៃធនាគារជាតិរុស្ស៊ី និងធនាគារចិន ។
ដោយឡែក នៅក្នុងកិច្ចប្រជុំលើកទី៦នៃគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាប្រទេសរុស្ស៊ីនិងប្រទេសកូរ៉េខាងជើង កាលពីដើមខែមិថុនា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នាយកប្រាក់ Ruble របស់រុស្ស៊ីសម្រាប់ធ្វើការទូទាត់ថ្លៃទំនិញផ្សេងៗ ខណៈដែលកូរ៉េខាងជើងសង្ឃឹមថា អ្នកវិនិយោគិនរុស្ស៊ីនឹងមកកាន់កូរ៉េខាងជើងកើនឡើង ។
ក្រោមសម្ពាធទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនោះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានធ្វើការប្រកាសតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកថា រុស្ស៊ីនឹងទូទាត់ថ្លៃទំនិញពាណិជ្ជកម្មជាមួយប្រាក់Ruble របស់រុស្ស៊ី ជំនួសប្រាក់ដុល្លារអាមេរិក ជាមួយបណ្តាប្រទេសលោកខាងកើត ។
កាលពីដើមខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះដែរ ប្រាក់ដុល្លារអាមេរិកក៏ត្រូវបានទាត់ចោលពីការទូទាត់រវាងពាណិជ្ជកម្មចិននិងជប៉ុន ហើយបច្ចុបុ្បន្នរាល់តម្លៃពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមិនចាំបាច់ប្តូរទៅជាប្រាក់ដុល្លារអាមេរិក នោះឡើយ ខណៈដែលការប្តូរប្រាក់ Yuan របស់ចិនទៅជាប្រាក់យ៉េន (Yen) ជប៉ុន និងផ្ទុយមកវិញ ត្រូវបានអនុវត្តន៍នៅលើទីផ្សាររូបិយវត្ថុទីក្រុងតូក្យូ និងទីក្រុងសៀងហៃ ។
លោកបណ្ឌិតសេដ្ឋកិច្ច Andrei Ostrasky អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវមកពីលោកខាងកើតបានលើកឡើងថា ការដោះដូរពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី មានទំហំទឹកប្រាក់រហូតដល់ជិត១០០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ហើយចំនួននេះ នឹងកើនឡើងដល់ទៅ២០០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ។ ដូច្នេះ ប្រសិនបើចិននិងរុស្ស៊ី សម្រេចទូទាត់ប្រាក់Ruble និងប្រាក់ Yuan នោះនឹងធ្វើឲ្យប្រាក់ដុល្លារអាមេរិក ទទួលរងផលប៉ះពាល់នឹងការបាត់តម្លៃជាច្រើន ។
ក្រុមអ្នកឯកទេសពាណិជ្ជកម្មមួយចំនួនបានព្យាករណ៍ទុកថា តំណែងប្រាក់ដុល្លារអាមេរិក នៅលើពិភពលោកកំពុងតែធ្លាក់ចុះ ហើយនឹងអាចបាត់បង់នៅពេលអនាគតដ៏ខ្លី ៕
Source from: www.dtn7.com
No comments:
Post a Comment