មន្ត្រីរិះគន់លើបែបបទនីតិវិធីធ្វើការងារនៅក្រសួងសុខាភិបាលថាយឺតដូចកៅស៊ូ

មន្ត្រីរាជការបម្រើការងារនៅក្រសួងសុខាភិបាលអស់រយៈពេលជិត១០ឆ្នាំមួយក្រុម បាននាំគ្នារិះគន់ទៅលើបែបបទនីតិវិធីធ្វើការងាររបស់ក្រសួងដែលមានឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីនោះថា ស៊ីពេលច្រើន យឺតយូរដូចកៅស៊ូ គឺរូបភាពអសកម្មនៃការផ្អឹបឯកសាររបស់ថ្នាក់ក្រោម ឬរបស់សាមីជនដែលត្រូវបញ្ជូនទៅថ្នាក់លើតែម្តង រួមមានជាអាទិ៍ ៖
១-ការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពធ្វើការងារនៅក្រោមឱវាទទីស្តីការក្រសួងត្រូវចំណាយពេលរាប់ខែ និងត្រូវប្រើប្រាស់លុយកាក់ថែមទៀត ទើបចេញជាលទ្ធផល បើមិនដូច្នោះទេ គឺត្រូវ"ដាំចេក"ដេកចាំហើយ ។
២-ការស្នើសុំព្យួរការងារ ឬដាក់ពាក្យសុំចូលបម្រើការងារវិញ ត្រូវចំណាយពេលយូរយារណាស់ ជួនកាលព្យួរទម្រាំចេញប្រកាសជិត១ដល់ពេលចូលធ្វើការវិញក៏មាន ធ្វើឲ្យមន្ត្រីរអ៊ូររទាំ ថ្នាំងថ្នាក់ក្នុងចិត្តយ៉ាងខ្លាំង ។
៣-ការតាំងស៊ប់មន្ត្រីរាជការចូលបម្រើការងារថ្មី ការដំឡើងកម្រិតប្រាក់បំណាច់មុខងារ ឬការដំឡើងកាំប្រាក់បៀវត្សរ៍ ជាដើម គឺត្រូវចំណាយពេលរាប់ខែ ។
៤-មន្ត្រីអសកម្មដែលមិនមកធ្វើការងារ ជាពិសេសមន្ត្រីបម្រើការងារនៅអង្គភាពក្រោមឱវាទក្រសួង ប៉ុន្តែដល់ថ្ងៃបើកលុយបែរជាបង្ហាញវត្តមានដូចគេដូចឯង បង្កនូវអំពើអយុត្តិធម៌ចំពោះមន្ត្រីសកម្មដែលខិតខំបំពេញការងារផ្សេងៗទៀត ។ ឥឡូវថែមទាំងបើកប្រាក់បៀវត្សរ៍តាមរយៈធនាគារទៀត គឺដូចទុកឱកាសឲ្យមន្ត្រីអសកម្មទាំងនោះស្ទើរតែភ្លចកន្លែងធ្វើការងារទៅហើយ ។
៥-ចំពោះមន្ត្រីរាជការថ្មីដែលត្រូវការប្រាក់បៀវត្សរ៍សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះ គឺត្រូវរង់ចាំរហូតដល់ជិតមួយឆ្នាំ សឹងស្កកក្រពះ នាំឲ្យមានពាក្យនិយាយចំអកលេងសើចថា "សំណាងណាស់បានបើកប្រាក់ខែម្តងមួយឆ្នាំ" ។
ក្រុមមន្ត្រីរាជការក្រសួងសុខាភិបាលដែលសកម្មក្នុងការងារ សំណូមពរចំពោះឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី មេត្តាត្រួតពិនិត្យមើលនូវរាល់អំពើអសកម្មរបស់មន្ត្រីរាជការក្រោមឱវាទ ព្រមទាំងមានវិធានការឲ្យបានម៉ឺងម៉ាត់ផង ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការមានឆន្ទៈបម្រើការងាររដ្ឋឯទៀតៗ ៕
Source from: www.dtn7.com
No comments:
Post a Comment