ក្រុមមេធាវីទម្លាយនូវល្បិចឆបោករបស់ជនបោកប្រាស់ជ្រកកោននៅកម្ពុជាលើជនជាតិជប៉ុនជិត១០០នាក់មានទំហំទឹកប្រាក់ប្រមាណ២០លានដុល្លារ

កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមមេធាវីជប៉ុន(ការិយាល័យមេធាវី Warnomori) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ទម្លាយចេញនូវល្បិចឆបោកទៅលើពលរដ្ឋជនជាតិជប៉ុនចំនួន៩៩នាក់ ស្មើនឹងទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក បង្កដោយជនបោកប្រាស់កំពុងរស់នៅលើទឹកដីនៃប្រទេសកម្ពុជា ដែលមានចំនួនរហូតដល់៤៤នាក់ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា មានសញ្ជាតិខ្មែរដែរឬយ៉ាងណានោះទេ ។ ក្រុមមេធាវីដដែលនេះ បានបញ្ជាក់ទៀតថា ជនរងគ្រោះជាពលរដ្ឋជប៉ុនអាចមានចំនួនច្រើនជាងហ្នឹង និងមានទំហំទឹកប្រាក់ដែលត្រូវបានគេបោកប្រាស់រហូតដល់ចំនួន១០០ដុល្លារអាមេរិក ដ្បិតមានជនរងគ្រោះមិនបានមកប្រឹក្សាដើម្បីដាក់ពាក្យបណ្តឹង ។
លោក Katsuta Isao បានមានប្រសាសន៍ឲ្យដឹងថា សំណុំរឿងក្តីឆបោកនេះបានក្លាយទៅជាករណីដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅប្រទេសជប៉ុន ដោយសារវត្តមានជនឆបោកត្រូវបានសាក្សីបញ្ជាក់ថា កំពុងរស់នៅលើទឹកដីកម្ពុជា និងមានចំនួនជាក្រុមរហូតដល់៤៥នាក់ ។
របៀបនៃការឆបោកទៅលើជនជាតិជប៉ុនដែលមានទំហំទឹកប្រាក់រហូតដល់រាប់សិបលានដុល្លារអាមេរិកនេះ ត្រូវបានលោក Katsuta Isao ចង្អុលបង្ហាញថា ក្រុមជនបោកប្រាស់បានយកប្លង់ Apartment ឬខុនដូជាដើម នៅប្រទេសកម្ពុជាបញ្ជូនទៅឲ្យពលរដ្ឋជប៉ុនមួយចំនួននៅប្រទេសជប៉ុនដើម្បីលក់ដូរ ។ ក្នុងចំណោមប្លង់ដែលជនបោកប្រាស់យកទៅ ក៏មានអចលនវត្ថុខ្លះៗតិចតួចផងដែរ គឺឧទាហរណ៍មានចំនួនតែ៥ គេលក់ដូរបានរហូតដល់៦០កន្លែង ដោយប្រាប់ក្រុមហ៊ុនមួយចំនួនឲ្យទិញអចលនវត្ថុទាំងនោះ ហើយប្រាប់ថា នឹងអាចបានចំណេញពី៣ទៅ៤ដង ។
លោក Katsuta Isao បានថ្លែងថា ក្នុងចំណោមជនបោកប្រាស់ប្រមាណ៤៥នាក់ ដែលធ្វើឲ្យពលរដ្ឋជប៉ុន និងជាជនចាស់ជរានៅប្រទេសជប៉ុនរងគ្រោះនោះ គឺលោក កូណូអ៊ី កាអូ បាននិយាយដោយខ្លួនឯង រួមទាងសក្ខីកម្មផ្សេងទៀតផង បានបញ្ជាក់ថា កំពុងរស់នៅប្រទេសកម្ពុជា ហើយលំនៅឋានរបស់គាត់(លោក កូណូអ៊ី កាអូ) នៅប្រទេសជប៉ុនក៏ត្រូវបានផ្លាស់ប្តូរមករស់នៅប្រទេសកម្ពុជាដែរ ។
ទាក់ទងនឹងសំណុំរឿងឆបោកមានទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមមេធាវីជប៉ុនបានសំណូមពរឲ្យអាជ្ញាធរកម្ពុជាជូនសហការ និងអន្តរាគមន៍វែកមុខ និងចាប់ខ្លួនក្រុមជនឆបោកយកមកផ្តន្ទាទោសតាមច្បាប់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ប្រាប់សារព៏ត៌មានក្នុងស្រុកកាលពីថ្ងៃម្សិលមិញថា ក្រសួងមហាផ្ទៃមិនទាន់បានឃើញសំណុំរឿង និងសំណើសុំជួយអន្តរាគមន៍ពីក្រុមមេធាវីជប៉ុននោះនៅឡើយទេ ៕
Source from: www.dtn7.com
No comments:
Post a Comment