ករណីមនុស្សស្លាប់ពេលឆ្លងស្រឡាងកំពង់ចម្លងអ្នកលឿង មន្ត្រីបែរជាគ្មានការទទួលខុសត្រូវខ្ពស់

កាលពីវេលាម៉ោង២១និង៤៥នាទីយប់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចកំពង់ចម្លងអ្នកលឿងត្រើយខាងលិច ឋិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល អ្នកដំណើរតាមរថយន្តចំនួន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសាររថយន្ត១គ្រឿងម៉ាក Toyota Hilux ពណ៌ស ពាក់ស្លាកលេខព្រៃវែង 2A-0199 បើកឡើងដល់លើស្រឡាងអ្នកលឿង រួចហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេ ខណៈដែលអ្នកគ្រប់គ្រងស្រឡាងមានការធ្វេសប្រហែសមិនដាក់កំណល់កល់កង់រថយន្តនៅលើស្រឡាង បូករួមរថយន្តហ្វ្រាំងមិនស៊ីទៀត ។
ជនរងគ្រោះឆ្លងស្រឡាងអ្នកលឿងដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ងី សារុន ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាភរិយារបស់ឯកឧត្តម ទូច ស័ក្តិ អតីតសមាជិកព្រឹទ្ធសភា និងឈ្មោះ ភាព ទូច ភេទស្រី អាយុ៥៣ឆ្នាំ ជាភរិយាថៅកែកាស៊ីណូមួយនៅច្រកទ្វារអន្តរជាតិចក្រី មានទីលំនៅភូមិព្រែកខ្សាយ(ខ) ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ចំណែកអ្នកបើកបររថយន្តដែលធ្លាក់ទឹកទន្លេមេគង្គនោះបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក Toyota Hilux ពណ៌ស ពាក់ស្លាកលេខព្រៃវែង 2A-0199 បើកបរពីរាជធានីភ្នំពេញទៅអ្នកលឿង ។ លុះដល់កំពង់ចម្លងអ្នកលឿងក៏ឆ្លងស្រឡាង ស្រាប់តែរថយន្តដាច់ហ្វ្រាំងជាន់មិនស៊ី និងដោយសារអ្នកគ្រប់គ្រងស្រឡាងខ្ជីខ្ជាធ្វេសប្រហែសមិនយកកំណល់មកកល់កង់រថយន្តផង ទើបបណ្តាលឲ្យរថយន្តនោះជ្រុលធ្លាក់ចូលក្នុងទឹកទន្លេ បង្កឲ្យមានមនុស្សស្លាប់ចំនួន២នាក់ និង៣នាក់ទៀតរងរបួសធ្ងន់តែម្តង ។
អ្នកធ្វើដំណើរឆ្លងកាត់កំពង់ចម្លងអ្នកលឿងតែងបានធ្វើការរិះគន់ទៅលើអ្នកគ្រប់គ្រងស្រឡាងអ្នកលឿងថា ជារឿយៗដឹងតែប្រជែងគ្នាយកលុយពីអ្នកដំណើរ រីឯការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវចំពោះអ្នកដំណើរនៅលើស្រឡាងហាក់មិនសូវគិតគូរយកចិត្តទុកដាក់ឡើយ ។
សូមបញ្ជាក់ជូនថា កំពង់ចម្លងអ្នកលឿងត្រូវបានគ្រប់គ្រងដោយឯកឧត្តម សេង ឈួន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានកំពង់ចម្លងអ្នកលឿង មានឋានៈស្មើរដ្ឋលេខាធិការ តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១០/២៨២ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ករណីមានមនុស្សស្លាប់ពេលឆ្លងស្រឡាងអ្នកលឿងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវតែធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់ និងល្អិតល្អន់ ដើម្បីឲ្យដឹងថា តើមានការពាក់ព័ន្ធនឹងកំហុសបច្ចេកទេសនៃការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងស្រឡាងដែរឬទេ ? ប្រសិនបើរកឃើញកំហុសឆ្គងមែន ដូច្នេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានកំពង់ចម្លងអ្នកលឿង គឺឯកឧត្តម សេង ឈួន ត្រូវតែមានចំណែកទទួលខុសត្រូវខ្ពស់ពាក់ព័ន្ធនឹងករណីសោកនាដកម្មនេះ ៕
Source from: www.dtn7.com