ករណី​មនុស្ស​ស្លាប់​ពេល​ឆ្លង​ស្រឡាង​កំពង់ចម្លង​អ្នក​លឿង​ មន្ត្រី​បែរជា​គ្មាន​ការ​ទទួលខុសត្រូវ​ខ្ពស់​

ករណី​មនុស្ស​ស្លាប់​ពេល​ឆ្លង​ស្រឡាង​កំពង់ចម្លង​អ្នក​លឿង​ មន្ត្រី​បែរជា​គ្មាន​ការ​ទទួលខុសត្រូវ​ខ្ពស់​

​កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់​ នា​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងលិច​ ឋិត​ក្នុងភូមិ​កំពង់ចម្លង​ ឃុំ​ព្រែក​ទម្លាប់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ អ្នកដំណើរ​តាម​រថយន្ត​ចំនួន​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ដោយសារ​រថយន្ត​១​គ្រឿង​ម៉ាក​ Toyota​ Hilux​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 2A-0199​ បើក​ឡើង​ដល់​លើ​ស្រឡាង​អ្នក​លឿង​ រួច​ហើយ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ ខណៈ​ដែល​អ្នកគ្រប់គ្រង​ស្រឡាង​មានការ​ធ្វេសប្រហែស​មិន​ដាក់​កំណល់​កល់​កង់​រថយន្ត​នៅ​លើ​ស្រឡាង​ បូក​រួម​រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ទៀត​ ។​

​ជន​រង​គ្រោះ​ឆ្លង​ស្រឡាង​អ្នក​លឿង​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ​ ងី​ សា​រុន​ ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​កំពង់លាវ​ ក្រុង​ព្រៃវែង​ ខេត្តព្រៃវែង​ ជា​ភរិយា​របស់​ឯកឧត្តម​ ទូច​ ស័ក្តិ​ អតីត​សមាជិក​ព្រឹទ្ធសភា​ និង​ឈ្មោះ​ ភាព​ ទូច​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជា​ភរិយា​ថៅកែ​កាស៊ីណូ​មួយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចក្រី​ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្សាយ​(​ខ​)​ ឃុំ​ព្រែក​ខ្សាយ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ។​ ចំណែក​អ្នកបើកបរ​រថយន្ត​ដែល​ធ្លាក់ទឹក​ទន្លេមេគង្គ​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ Toyota​ Hilux​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 2A-0199​ បើកបរ​ពី​រាជធានី​ភ្នំពេញ​ទៅ​អ្នក​លឿង​ ។​ លុះដល់​កំពង់ចម្លង​អ្នក​លឿង​ក៏​ឆ្លង​ស្រឡាង​ ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី​ និង​ដោយសារ​អ្នកគ្រប់គ្រង​ស្រឡាង​ខ្ជីខ្ជា​ធ្វេសប្រហែស​មិន​យក​កំណល់​មក​កល់​កង់​រថយន្ត​ផង​ ទើប​បណ្តាល​ឲ្យ​រថយន្ត​នោះ​ជ្រុល​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​តែ​ម្តង​ ។​

​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កំពង់ចម្លង​អ្នក​លឿង​តែង​បាន​ធ្វើការ​រិះគន់​ទៅ​លើ​អ្នកគ្រប់គ្រង​ស្រឡាង​អ្នក​លឿង​ថា​ ជា​រឿយៗ​ដឹង​តែ​ប្រជែង​គ្នា​យក​លុយ​ពី​អ្នកដំណើរ​ រីឯ​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​ទទួលខុសត្រូវ​ចំពោះ​អ្នកដំណើរ​នៅ​លើ​ស្រឡាង​ហាក់​មិនសូវ​គិតគូរ​យកចិត្តទុកដាក់​ឡើយ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ កំពង់ចម្លង​អ្នក​លឿង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឯកឧត្តម​ សេង​ ឈួ​ន​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ប្រធាន​កំពង់ចម្លង​អ្នក​លឿង​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១០/២៨២​ ចុះ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១០​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ករណី​មាន​មនុស្ស​ស្លាប់​ពេល​ឆ្លង​ស្រឡាង​អ្នក​លឿង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ និង​ល្អិតល្អន់​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​មានការ​ពាក់ព័ន្ធ​នឹង​កំហុស​បច្ចេកទេស​នៃ​ការ​ធ្វេសប្រហែស​របស់​អ្នកគ្រប់គ្រង​ស្រឡាង​ដែរ​ឬទេ​ ?​ ប្រសិនបើ​រក​ឃើញ​កំហុសឆ្គង​មែន​ ដូច្នេះ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​កំពង់ចម្លង​អ្នក​លឿង​ គឺ​ឯកឧត្តម​ សេង​ ឈួ​ន​ ត្រូវ​តែ​មាន​ចំណែក​ទទួលខុសត្រូវ​ខ្ពស់​ពាក់ព័ន្ធ​នឹង​ករណី​សោកនាដកម្ម​នេះ​ ៕​

Neak-Loeung-3 Neak-Loeung-(1) Seng-Chhuon


Source from: www.dtn7.com

No comments:

Post a Comment