អធិការប៉ូលិសក្រុងបាវិតខេត្តស្វាយរៀងសម្រាន្តលង់លក់យ៉ាងរំភើយក្នុងអង្គប្រជុំ

មិនត្រឹមតែសមាជិកអង្គប្រជុំទាំងមូលទេ សូម្បីតែប្រិយមិត្តអ្នកអានដែលបានឃើញរូបភាពនេះក៏នឹងអាចសម្តែងនូវការហួសចិត្តដែរ ដោយសារក្នុងកិច្ចប្រជុំពិភាក្សាមួយក្នុងការស្វែងរកដំណោះស្រាយលើករណីកូដកម្មរបស់កម្មករ កម្មការិនីបម្រើការងារនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង នាពេលកន្លងទៅថ្មីៗ បែរជាលោកអធិការនគរបាលក្រុងបាវិតសម្រាន្តលង់លក់យ៉ាងស្រួល និងយ៉ាងរំភើយក្នុងអង្គប្រជុំ បង្ហាញអំពីការមិនចាប់អារម្មណ៍ក្នុងកិច្ចប្រជុំទាល់តែសោះទៅវិញ ។
អធិការនគរបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលសម្រាន្តលង់លក់យ៉ាងរំភើយក្នុងអង្គប្រជុំនោះ គឺវរសេនីយ៍ត្រី កែវ គង់ អតីតជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានធ្វើការរិះគន់ថា ប្រសិនបើមន្ត្រីនគរបាលជាអ្នកមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋធ្វើតែរបៀបដូចលោកអធិការនគរបាលក្រុងបាវិតដែលសម្រាន្តលង់លក់មិនខ្វល់អំពីកិច្ចប្រជុំនោះ គឺមិនអាចផ្តល់នូវភាពកក់ក្តៅយ៉ាងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋឡើយ រីឯនយោបាយភូមិ-ឃុំមានសុវត្ថិភាពក៏រលាយសាបសូន្យដែរ ៕
Source from: www.dtn7.com