គ្រូប្រចាំថ្នាក់រៀបរាប់រឿងពិតរបស់កុមារីដែលបន្សល់ទុកលិខិតចុងក្រោយដ៏សង្វេគនិងអាឡោះអាល័យមុនពេលស្លាប់

បន្ទាប់ពីបណ្តាប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានសម្តែងនូវការកោតសរសើរអំពីគំនិត និងសោកស្តាយចំពោះការបាត់បង់កុមារីម្នាក់ សិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ដែលបានបន្សល់ទុកនូវលិខិតចុងក្រោយសរសេររៀបរាប់ដ៏គួរឲ្យសង្វេគ និងអាឡោះអាល័យនោះ លោកគ្រូប្រចាំថ្នាក់របស់នាងបានរៀបរាប់រឿងពិតរបស់កុមារីរូបនេះដ៏គួរឲ្យចាប់អារម្មណ៍ និងសោកសង្រេង ដូចតទៅ ៖
លោក ឌួង រួម ជាគ្រូប្រចាំថ្នាក់ទី៦ច១ នៃសាលាបឋមសិក្សាវត្តបូព៌ ឋិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មានថា កុមារីរងគ្រោះដ៏គួរឲ្យស្រឡាញ់ អាយុ១២ឆ្នាំ ជាសិស្សសាលាបឋមសិក្សាវត្តបូព៌ រៀនថ្នាក់ទី៦ច១ មានឈ្មោះ ឡុង សិរីវិច្ឆិកា រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ដោយសារជំងឺមហារីកឆ្អឹងជើងខាងស្តាំ ។ ជំងឺមហារីកឆ្អឹងនេះបានឆក់យកជីវិតនាងទាំងនៅក្មេងខ្ចី ខណៈដែលក្រុមគ្រួសាររបស់នាងបានព្យាយាមយកនាងទៅព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង រួមទាំងនៅមន្ទីរពេទ្យកុមារគន្ធបុបា្ផផង ប៉ុន្តែគ្រូពេទ្យអស់លទ្ធភាពព្យាបាល ។
លោកគ្រូប្រចាំថ្នាក់របស់កុមារី ឡុង សិរីវិច្ឆិកា បានរៀបរាប់ឲ្យដឹងថា កុមារីដ៏អភ័ព្វរូបនេះជាក្មេងឧស្សាហ៍រៀនសូត្រខ្លាំងណាស់ ហើយមុនទៅព្យាបាលជំងឺនាងបានចូលមកសាលារៀនសិន និងបានសួររកសៀវភៅតាមដានការសិក្សាពីអ្នកម្តាយរបស់នាង ហើយបន្ទាប់មកនាងក៏ដាច់ខ្យល់ស្លាប់តែម្តង ដោយបន្សល់ទុកនូវលិខិតចុងក្រោយរបស់នាងចំនួន១ច្បាប់ដែលអានទៅគួរឲ្យមានអារម្មណ៍សង្វេគខ្លោចចិត្ត និងអាឡោះអាល័យបំផុត ។
លោកគ្រូ ឌួង រួម បានរៀបរាប់បន្ថែមទៀតថា លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាវត្តបូព៌ មានការអាឡោះអាល័យខ្លាំងណាស់ចំពោះការបាត់បង់កុមារីជាសិស្សឧស្សាហ៍ព្យាយាមរៀនសូត្រឈ្មោះ ឡុង សិរិវិច្ឆិកា និងបានធ្វើបុណ្យឧទ្ទិសកុសលជូនដល់នាងផងដែរ ។
ក្រៅពីសម្តែងនូវការសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ក្រុមអ្នកលេង Facebook បានសម្តែងនូវការកោតសរសើរចំពោះកុមារី ឡុង សិរីវិច្ឆិកា ថា នាងមានអាយុត្រឹម១២ឆ្នាំ និងកំពុងសិក្សារៀនសូត្រត្រឹមថ្នាក់ទី៦សោះ តែនាងមានគំនិតចេះសរសេរសំបុត្រចុងក្រោយចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បង្ហាញនូវសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណ មិត្តភក្តិ និងគ្រូបង្រៀនរបស់នាង ព្រមទាំងបង្ហាញអំពីទឹកចិត្តចង់សិក្សារៀនសូត្ររបស់នាង គឺពិតជាកម្របានជួបប្រទះមែន ។
ប្រិយមិត្តអ្នកលេង Facebook មួយចំនួនបាន Comments ចេញពីទឹកចិត្តរបស់ខ្លួនថា "សូមវិញ្ញាណក្ខន្ធក្មួយស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយបើមានជាតិក្រោយ សូមក្មួយស្រីមានអាយុវែង សុខភាពល្អ ប្រាជ្ញាវាងវៃ និងជាមនុស្សល្អនៅក្នុងសង្គម" ៕
Source from: www.dtn7.com