មេឈ្មួញដុះស្លែឈ្មោះ ធី ដឹកឈើធ្នង់លើសទម្ងន់ ខូនគោយន្តតាមផ្លូវ គ្មាននរណាហ៊ានក្អក

ខេត្ដរតនគីរី ៖ មេឈ្មួញរកស៊ីឈើដ៏ល្បី នៅខេត្ដរតនគីរី ដែលគេស្គាល់ថា ឈ្មោះ ធី បានប្រើប្រាស់គោយន្តច្នៃ ដឹកជញ្ជូនឈើធ្នង់ ដែលមានមុខកាត់ធំៗ ទំហំចាប់ពី៣០ សង់ទីម៉ែត្រគុណ៣ ម៉ែត្រ ផ្ទុកលើសទម្ងន់ បណ្តាលឱ្យខូចគោយន្ដទាំងព្រឹក នៅកណ្ដាលផ្លូវ ប៉ុន្ដែសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ មិនបានអើពើយកចិត្ដទុកដាក់ ទៅសួរនាំឬបង្ក្រាប ទៅតាមតួនាទីរបស់ពួកគេនោះទេ បើទោះជាដឹងថា ឈើធ្នង់មួយគោយន្ដកែច្នៃនេះ មិនមានលិខិតស្នាមត្រឹមត្រូវក៏ដោយ ។
ប្រជាពលរដ្ឋបានរាយការណ៍ កាលពីវេលាម៉ោង ៩និង២៥ នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ពួកគាត់បានឃើញគោយន្ដកែច្នៃ មួយគ្រឿងផ្ទុកឈើធ្នង់ ដែលមានមុខកាត់ ធំៗចំនួន ២៧ដុំ ត្រូវបានឈ្មួញឈ្មោះ ធី ដឹកមកដល់ត្រង់ចំណុច អូរតាង ភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្ដរតនគីរី គោយន្ដនោះ បានខូចនៅចំកណ្ដាលផ្លូវ ហើយពុំឃើញសមត្ថកិច្ចណាមួយ មកបង្ក្រាប រឹបអូសនោះទេ បន្ទាប់ពីដឹងថា ឈើទាំងនោះជារបស់ឈ្មោះ ធី ជាអ្នករកស៊ីឈើខុសច្បាប់ ទ្រង់ទ្រាយធំ នៅខេត្ដរតនគីរី ដែលពូកែយកឈ្មោះអ្នកធំ មកប្រើប្រាស់គំរាមមន្ត្រីតូចតាច ហើយឈ្មោះ ធី បាន អះអាងថា ខ្លួនបានបង់ប្រាក់ឱ្យអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ ទើបគ្មានរណាហ៊ានប៉ះពាល់ ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃដដែលនេះ ឃើញមានមន្ដ្រីរដ្ឋបាល ព្រៃឈើ២នាក់ ជាកូនចៅលោក គាំ សីហា នាយផ្នែករដ្ឋបាលព្រៃឈើអូរជុំ ទៅដល់កន្លែងកើតហេតុប៉ុន្ដែពុំដឹងថា មកពិនិត្យច្បាប់ ឬមកការពារឈ្មួញ ដឹកឈើខុសច្បាប់ ឬមួយយ៉ាងណានោះទេ ព្រោះថា ការដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងខេត្តរតនគិរី នេះ មិនសូវមានការបង្ក្រាបទេ ទាំងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងប៉ូលីសសេដ្ឋកិច្ចខេត្ត ទំនងជាមិនហ៊ាន បំបែកឆ្នាំងបាយរបស់ខ្លួននោះទេ៕
Source from: watphnom-news.com