ឡើងផ្សារដែកធ្វើដំបូលរោងឡាន ស្រូបឆក់ផ្ទុះលាន់ដូចរន្ទះ ធ្លាក់ពីកម្ពស់ ៥ម៉ែត្រស្លាប់ភ្លាមៗ

រាជធានីភ្នំពេញ ៖ មេជាងផ្សារដែកម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះ រួមទាំងមិត្តរួមអាជីព បានឡើងផ្សារដែក ធ្វើដំបូលរោងឡាន លើកដែកដោយប្រុងប្រយ័ត្ន ស្រាប់តែស្រូបចរន្តពីខ្សែកាប ឆក់ធ្លាក់ស្លាប់ភ្លាមៗ កាលពីម៉ោង ១និង៣០ នាទីរសៀលនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ នៅមុខសំណង់ អគារផ្ទះល្វែងមួយកន្លែង ជាប់ផ្លូវលេខ២០១១ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សាកសពជនរងគ្រោះ មានឈ្មោះ ឡាង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ភ្នំពេញថ្មី ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើង លើដំបូលផ្សារដែក ដែលនៅសេសសល់កាលពីព្រឹក ខណៈដែលជនរងគ្រោះ ទាញដែកទីបជ្រុង ទំហំប៉ុនមេជើង ដោយប្រយ័ត្នប្រយែង មិនឲ្យប៉ះខ្សែកាបខាងលើទេ ប៉ុន្តែទំនងជាខ្សែកាបនោះ មានថាមពលខ្លាំងពេក បានស្រូបទាញដែក ឆក់ផ្ទុះលាន់ដូចរន្ទះ បណ្ដាលឲ្យឆក់ជនរងគ្រោះ ធ្លាក់ពីលើដំបូលកម្ពស់ប្រហែល ៥ម៉ែត្រ មកដីស្លាប់ភ្លាមៗតែម្តង។
សមត្ថកិច្ចនគរបាល បានហៅឡានពេទ្យ មកជួយសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែនៅពេលគ្រូពេទ្យមកដល់ ឃើញស្ថានភាពធ្ងន់ធ្ងរពេក ក៏បានយកឧបករណ៍ វាស់សង្វាក់បេះដូងពិនិត្យមើល និងធ្វើចលនាជួយសង្គ្រោះបឋម ឲ្យជនរងគ្រោះ ប៉ុន្តែជួយមិនបាន ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សូមបញ្ចាក់ថា ករណីជាងដែក ឡើងផ្សារដំបូលផ្ទះ នៅក្រោមខ្សែកាបអគ្គិសនី តែងតែជួបគ្រោះថ្នាក់ ដល់ជីវិតញឹកញាប់ណាស់ នាពេលកន្លងមក គ្មានរណាជួយរកខុសត្រូវឲ្យទេ៕
Source from: watphnom-news.com