លោក ជាប សៅ មេគយចល័តលើផ្ទៃសមុទ្រ ដែលពូកែប្រមូលលុយពីទំនិញគេចពន្ធ ជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់លោក កើត សុធារ៉ា

រាជធានីភ្នំពេញ ៖ ក្នុងតួនាទីជាមេគយចល័ត បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រលោក ជាប សៅ បានប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យក្រុមឈ្មួញ ទាំងតូចទាំងធំ រកស៊ីដឹកជញ្ជូនទំនិញ គេចពន្ធខុសច្បាប់តាមដែនសមុទ្រ យ៉ាងអនាធិបតេយ្យមិនដែលមានការ បង្ក្រាបម្តងណាឡើយ ហើយបើទោះបីជាមានការផ្លាស់ប្តូរ មេគយចល័តរួចហើយក៏ដោយ ក៏លោក ជាប សៅ នៅតែជាមនុស្សត្រូវប៉ាន់ ដែលលោក កើត សុធារ៉ា ជាមេគយចល័ត ទើបឡើងថ្មីត្រូវការ ព្រោះលោក ជាប សៅ ជាមន្ត្រីដែលពូកែកាប់ដាវ កៀងគរក្រុមឈ្មួញឲ្យចូលបង់លុយ យកទៅផ្គត់ផ្គង់ឆ្នាំងបាយថ្នាក់លើ។
លោក ជាប សៅ កំពុងសុខស្រួលក្នុងការ ប្រមូលលាភសក្ការៈ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន តាមរយៈការឃុបឃិត បើកដៃឲ្យក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចូលប្រទេសកម្ពុជា យ៉ាងអនាធិបតេយ្យដូចជា នៅចំណុចផែឯកជននៅកោះខ្យង ខេត្តព្រះសីហនុ គេសង្កេតឃើញឈ្មួញ ដែលរកស៊ីដុះស្លែនៅទីនោះ បាននាំចូលទំនិញគេចពន្ធ រួមមានសាំងគេចពន្ធ ប្រេងម៉ាស៊ីន ទំនិញចម្រុះ គ្រឿងចាប់ហួយ និងភេសជ្ជៈជាដើម ដឹកជញ្ជូនតាមទូកធំៗ មកឡើងផែផ្ទាល់ខ្លួននៅក្រោយផ្ទះ។
ទូកធំៗមួយជើងៗរបស់ក្រុមឈ្មួញ ផ្ទុកទំនិញជាច្រើនប្រភេទ ដូចជាប្រេងសាំង និងប្រេងម៉ាស៊ីន បើគេវាយតម្លៃជាប្រាក់ពន្ធវិញ មិនតិចម៉ឺនដុល្លារអាមេរិកនោះទេ ហើយទូកដឹកទំនិញទាំងនោះ បានចូលចតផែនៅក្រោយផ្ទះ របស់ក្រុមឈ្មួញ ជារៀងរាល់ថ្ងៃ ដូច្នេះក្នុងមួយខែៗ មិនដឹងជាខាតបង់ចំណូលពន្ធ ប៉ុន្មាននោះទេ ប៉ុន្តែលោក ជាប សៅ បែរជាកាក់កប និងមានចំណូលច្រើនសន្ធឹកសន្ធាប់ ពីការឃុបឃិតឈ្មួញ នាំចូលទំនិញគេចពន្ធ។ នៅចំណុចកោះខ្យង និងកោះរ៉ុង គឺជាទីតាំងដែលក្រុមឈ្មួញ ទាំងតូចទាំងធំ នាំទំនិញគេចពន្ធគ្រប់ប្រភេទ មកស្តុកទុកនៅទីនោះ ហើយបន្តនាំចូលខេត្តព្រះសីហនុ ដោយដឹកតាមទូកធំៗ ដោយគ្មានការត្រួតពិនិត្យពីជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ ។
ជំនាញគយរបស់លោក ជាប សៅ និងសមត្ថកិច្ចពាក់ព័ន្ធ ក្តាប់បានមុខសញ្ញាក្រុមឈ្មួញ ដែលរកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ចូលខេត្តព្រះសីហនុ តាមដែនសមុទ្រ យ៉ាងច្បាស់ដូចថ្ងៃរះ។ ហើយឈ្មួញធំៗជាច្រើន ត្រូវតែទំនាក់ទំនងដោយផ្ទាល់ ក្នុងការបង់លុយឬសុំការយោគយល់ ពីលោក ជាប សៅ ឲ្យជួយសម្របសម្រួល ការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់របស់ពួកគេ រីឯលោក កើត សុធារ៉ា ដែលជាមេគយចល័ត ក៏បានដឹងពីបញ្ហានេះផងដែរ ព្រោះអីគាត់ធ្លាប់កាន់តំណែង ជាប្រធានសាខាគយខេត្តព្រះសីហនុ ទីដែលមានអំពើរត់ពន្ធទំនិញ ឡើងដុះស្លែទៅហើយ។
គេចង់ឃើញអង្គភាព ប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតស្រាវជ្រាវ ពីភាពមានបានរបស់លោក ជាប សៅ ឡើងវិញផង ព្រោះអំឡុងពេលដែលលោក ជាប សៅ កាន់តំណែងជាមេគយចល័ត ទទួលផែនបង្ក្រាបបទល្មើសលើផ្ទៃទឹក គាត់បានប្រើប្រាស់តួនាទី ទៅប្រព្រឹត្តអំពើពុករលួយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន មានដីផ្ទះវីឡា និងឡានប្រើប្រាស់មិនខ្វះ តាមរយៈការឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ ចូលខ្លួនទៅបង់លុយ ជាថ្នូរនៃការមិនបង្ក្រាប អំពើរត់ពន្ធទំនិញខុសច្បាប់ ហើយគាត់អាចទប់តំណែងជាមេគយចល័ត ប្រចាំដែនសមុទ្រ គ្មាននរណាហ៊ានប្រជែងទេ ។
គេចង់ឃើញអគ្គនាយកគយ និងរដ្ឋាករពិនិត្យមើល បញ្ហានេះឡើងវិញផង ព្រោះអ្វីដែលលោក ជាប សៅ កំពុងប្រព្រឹត្តបាននាំឲ្យ ខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការឡើងកាន់តំណែង ជាមេគយចល័ត បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ របស់លោក ជាប សៅ ក៏មានការជួយជ្រោមជ្រែង ពីអតីតមេគយចល័ត ព្រោះលោក ជាប សៅ ជាមនុស្សដែលពូកែ ប្រមូលផលប្រយោជន៍ យកទៅសែនព្រេនថ្នាក់លើ។ ដូច្នេះហើយបានជាលោក ជាប សៅ បានក្លាយជាគ្រាប់ពេជ្រ ដ៏មានតម្លៃដែល មេគយចល័តទើបឡើងថ្មី គឺលោក កើត សុធារ៉ា ត្រូវអោបក្រសោប ទាំងការងារជំនាញ និងការងារសេដ្ឋកិច្ចប្រមូលលុយ៕
Source from: watphnom-news.com
No comments:
Post a Comment