វីរនារីប្រឆាំងការជួញដូរមនុស្សនិងទាសករផ្លូវភេទរបស់កម្ពុជាប្រកាសលាលែងពីតំណែង

បន្ទាប់ពីមានការចុះផ្សាយបកអាក្រាតទម្លាយអាថ៌កំបាំងដោយសារព័ត៌មាន News Week ដ៏ល្បីកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤រួចមក លោកស្រី ម៉ម សុម៉ាលី (Mam Somaly) វីរនារីដ៏ល្បីល្បាញរបស់កម្ពុជាលើកឆាកអន្តរជាតិផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទាសករផ្លូវភេទ ជានាយិកាអង្គការជួយស្ត្រីរងគ្រោះដោយអំពើផ្លូវភេទ (AFESIP) និងជាប្រធានមូលនិធិម៉ម សុម៉ាលី (Somaly Mam Foundation) បានប្រកាសលាលែងពីមុខតំណែងដ៏មានកិត្តិយសនេះហើយៗត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន CNN នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ ។
លោកស្រី ម៉ម សុម៉ាលី អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តមណ្ឌលគិរី ធ្លាប់បានរៀបការជាមួយលោក Pierre Legros ជាជនជាតិបារាំង បន្ទាប់ពីនាងបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំងនាអំឡុងឆ្នាំ១៩៩៣ ។ ក្រៅពីទទួលបានពានរង្វាន់ឯទៀតៗ លោកស្រីធ្លាប់បានទទួលពានរង្វាន់ "ភាពថ្លៃថ្នូរនៃមនុស្សជាតិ"លើកដំបូងបង្អស់ដែលផ្តល់ដោយមូលនិធិ Roland Berger Foundation របស់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងទឹកប្រាក់ចំនួន១លានអឺរ៉ូពីលោកស្រីអធិការបតីអាល្លឺម៉ង់ដោយផ្ទាល់កាលពីចុងឆ្នាំ២០០៨នៅទីក្រុងប៊ែរឡាំង ៕
Source from: www.dtn7.com