តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​”​ទូរស័ព្ទ​លែង​ចូល​”​បន្ទាប់​ពី​ល្បីឈ្មោះ​ក្លាយជា​តារា​ Facebook

តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​”​ទូរស័ព្ទ​លែង​ចូល​”​បន្ទាប់​ពី​ល្បីឈ្មោះ​ក្លាយជា​តារា​ Facebook

​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ និង​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ គឺ​ឯកឧត្តម​ ឡូយ​ សុ​ផាត​ បាន​ចាប់ផ្តើម​ល្បីឈ្មោះ​ក្លាយជា​តារា​ Facebook​ បាន​មួយ​រយៈពេល​ បន្ទាប់​ពី​ឯកឧត្តម​រូប​នេះ​បាន​លើក​ឡើង​ចំៗ​ក្នុង​កិច្ចប្រជុំ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ រិះគន់​អំពី​ការ​ចំណុចខ្សោយ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ ជា​ពិសេស​លើ​ករណី​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ ដែល​កើតឡើង​គ្មាន​ការ​បង្ក្រាប​ចំពោះ​ក្រុមហ៊ុន​ធំៗ​ និង​បង្ក្រាប​ចំពោះតែ​ប្រជាជន​ក្រីក្រ​តូចតាច​ ។​

​ក្រុម​អ្នកលេង​ Facebook​ មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​រិះគន់​ចំៗ​របស់​ឯកឧត្តម​ ឡូយ​ សុ​ផាត​ ដែល​មាន​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អតីត​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៧​ អតីត​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ និង​អតីត​ជាទី​ប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ អំពី​បញ្ហា​បទល្មើស​ព្រៃឈើ​ គឺ​ហាក់ដូចជា​"​អេះ​ចំ​កន្លែង​រមាស់​"​ របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​មាត់ដាច​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​រិះគន់​របស់​ឯកឧត្តម​ ឡូយ​ សុ​ផាត​ អំពី​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ ស្មើនឹង​ជំរុញ​ឲ្យ​បុរស​ខ្លាំង​"​កាត់​ក​"​ចោល​ ដ្បិត​បុរស​ខ្លាំង​ធ្លាប់​អះអាង​ថា​ បើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​បាន​ នឹង​កាត់​ក​ខ្លួនឯង​ចោល​ (Sic!)​ ។​

​ទោះ​យ៉ាងណា​ មន្ត្រីរាជការ​ និង​ប្រជារាស្ត្រ​នៅ​ខេត្តស្ទឹងត្រែង​ ព្រមទាំង​អ្នក​សារព័ត៌​មានបាន​និង​កំពុង​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ បន្ទាប់​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឡូយ​ សុ​ផាត​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​បរិហារ​រិះគន់​ចំៗ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​គណបក្ស​ប្រជាជន​កម្ពុជា​ ទាក់ទង​នឹង​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ និង​បទល្មើស​ព្រៃឈើ​គ្មាន​ការ​បង្ក្រាប​រួច​មក​ ស្រាប់តែ​ទូរស័ព្ទ​របស់​ឯកឧត្តម​អ្នកតំណាង​រាស្ត្រ​រូប​នេះ​ទំនាក់ទំនង​លែង​បាន​ "​ទូរស័ព្ទ​លែង​ចូល​"​ រហូត​ទល់​សព្វថ្ងៃ​ ។​ ជាមួយនឹង​ទូរស័ព្ទ​ដែល​ធ្លាប់​ប្រើប្រាស់​របស់​ឯកឧត្តម​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​ ឡូយ​ សុ​ផាត​ ទំនាក់ទំនង​លែង​បាន​នោះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ងឿងឆ្ងល់​ថា​ មក​ពី​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ទូរស័ព្ទ​អប​ទរ​សាទរ​ច្រើន​ពេក​ ?​ គេចវេះ​ពី​អ្នក​សារព័ត៌មាន​សម្ភាសន៍​សួរនាំ​ ?​ ឬ​មក​ពី​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ជា​ថ្នាក់ដឹកនាំ​គណបក្ស​"​ដាប់​"​រហូត​ដល់​ស្ពឹក​មុខ​ភ្លេច​បើក​ទូរស័ព្ទ​?

​អ្នកលេង​  Facebook​ មួយ​ចំនួន​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា​ ឯកឧត្តម​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង​ ឡូយ​ សុ​ផាត​ នឹង​ធ្វើការ​បើក​ទូរស័ព្ទ​ដើម្បី​ឲ្យ​ប្រជាជន​ជា​ម្ចាស់​ឆ្នោត​ និង​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ខេត្តស្ទឹងត្រែង​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ៕​

Loy-Sophat-21Loy-Sophat-Letter


Source from: www.dtn7.com

No comments:

Post a Comment