តំណែងអគ្គនាយក TVK របស់ឯកឧត្តម កឹម គុណវឌ្ឍន៍ “ទៅហើយមកវិញ”ក៏ព្រោះតែរដ្ឋមន្ត្រីឬក៏មន្ត្រីក្រោមឱវាទ ?

នៅពេលដែលបានដឹងថាឯកឧត្តម កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) មានឋានៈស្មើរដ្ឋលេខាធិការ ដាក់ពាក្យសុំលាលែងពីមុខតំណែងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនោះ ធ្វើឲ្យមានការជជែកវែកញែកផ្សេងៗពីគ្នា ដោយអ្នកខ្លះថាគឺជាការទទួលខុសត្រូវខ្ពស់ក្នុងរឿងខកខានមិនបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា អំពីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដូចបានប្រព្រឹត្តជារៀងរាល់ឆ្នាំ និងអ្នកខ្លះទៀតថា ជាការវាស់ស្ទង់កម្រិតប្រជាប្រិយភាពរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ ក្នុងស្ថាប័នរបស់ខ្លួន ។
ប៉ុន្តែនៅទីបំផុតអ្វីៗមានការប្រែប្រួល គឺឯកឧត្តម កឹម គុណវឌ្ឍន៍ បានវិលចូលមកកាន់តំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាវិញហើយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ខណៈដែលឯកឧត្តមរូបនេះអះអាងថា មកធ្វើការងារក្នុងនាមជាបុគ្គលិកក្រសួងព័ត៌មាន ។
ប្រភពច្បាស់ការណ៍ពីក្រសួងព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីធ្វើការប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក និយោជិតស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជារួចមក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតផ្លូវការមួយមិនអនុញ្ញាតឲ្យឯកឧត្តម កឹម គុណវឌ្ឍន៍ លាឈបើពីមុខតំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាឡើយ ហើយសម្រេចឲ្យនៅបន្តបម្រើការងារដដែលតទៅទៀត តាមសំណើរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក និយោជិតស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាភាគច្រើន ។ ជាមួយគ្នានេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ ក៏បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំមន្ត្រី បុគ្គលិក និយោជិតទូរទស្សន៍ជាតិកម្ពុជា ដែលបានគាំទ្រឯកឧត្តមឲ្យបន្តកាន់មុខតំណែងដដែលផងដែរ ។
ដូច្នេះ សំណួរត្រូវចោទសួរថា មុខតំណែងអគ្គនាយក TVK របស់ឯកឧត្តម កឹម គុណវឌ្ឍន៍ "ទៅហើយមកវិញ"បែបនេះ ក៏ព្រោះតែឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឬក៏ព្រោះតែថ្នាក់ដឹកនាំមន្ត្រី បុគ្គលិក និយោជិតទូរទស្សន៍ជាតិកម្ពុជា ឬក៏ព្រោះតែមូលហេតុអ្វីផ្សេងទៀត ?
ទូរទស្សន៍ជាតិកម្ពុជាក៏ធ្លាប់ត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ផងដែរថា មានភាពលម្អៀងច្រើនទៅរកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចប្រាសចាកពីឈ្មោះជាទូរទស្សន៍របស់ជាតិកម្ពុជាទាំងមូល ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៤៧ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៩ ។ ឯកឧត្កមរូបនេះក៏ត្រូវបានតែងតាំងផងដែរជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាអាណត្តិទី៥ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដោយអនុក្រឹត្យរាជរដ្ឋាភិបាលលេខ៨៣៧អនក្រ.តត ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១០ ៕
Source from: www.dtn7.com