តំណែង​អគ្គនាយក​ TVK​ របស់​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ “​ទៅ​ហើយ​មក​វិញ​”​ក៏​ព្រោះតែ​រដ្ឋមន្ត្រី​ឬ​ក៏​មន្ត្រី​ក្រោម​ឱវាទ​ ?

តំណែង​អគ្គនាយក​ TVK​ របស់​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ “​ទៅ​ហើយ​មក​វិញ​”​ក៏​ព្រោះតែ​រដ្ឋមន្ត្រី​ឬ​ក៏​មន្ត្រី​ក្រោម​ឱវាទ​ ?

​នៅ​ពេល​ដែល​បានដឹង​ថា​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ (​ទ​ទក​)​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដាក់​ពាក្យសុំ​លាលែង​ពីមុខ​តំណែង​កាលពី​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នោះ​ ធ្វើ​ឲ្យ​មានការ​ជជែក​វែកញែក​ផ្សេងៗ​ពី​គ្នា​ ដោយ​អ្នកខ្លះ​ថា​គឺជា​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​រឿង​ខក​ខានមិនបាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​ អំពី​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នា​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៤​ នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដូច​បាន​ប្រព្រឹត្ត​ជា​រៀង​រាល់​ឆ្នាំ​ និង​អ្នកខ្លះ​ទៀត​ថា​ ជា​ការ​វាស់​ស្ទង់​កម្រិត​ប្រជាប្រិយភាព​របស់​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ ក្នុង​ស្ថាប័ន​របស់​ខ្លួន​ ។​

​ប៉ុន្តែ​នៅ​ទីបំផុត​អ្វីៗ​មានការ​ប្រែប្រួល​ គឺ​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ បាន​វិល​ចូល​មក​កាន់​តំណែង​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​វិញ​ហើយ​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ខណៈ​ដែល​ឯកឧត្តម​រូប​នេះ​អះអាង​ថា​ មក​ធ្វើ​ការងារ​ក្នុង​នាម​ជា​បុគ្គលិក​ក្រសួង​ព័ត៌មាន​ ។​

​ប្រភព​ច្បាស់​ការណ៍​ពី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ធ្វើការ​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​បុគ្គលិក​ និយោជិត​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​រួច​មក​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ចេញ​លិខិតផ្លូវការ​មួយ​មិន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ លា​ឈ​បើ​ពីមុខ​តំណែង​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ឡើយ​ ហើយ​សម្រេច​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​ដដែល​តទៅ​ទៀត​ តាម​សំណើ​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​បុគ្គលិក​ និយោជិត​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ភាគច្រើន​ ។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ ក៏​បាន​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​ និង​ថ្នាក់ដឹកនាំ​មន្ត្រី​ បុគ្គលិក​ និយោជិត​ទូរទស្សន៍​ជាតិ​កម្ពុជា​ ដែល​បាន​គាំទ្រ​ឯកឧត្តម​ឲ្យ​បន្ត​កាន់​មុខ​តំណែង​ដដែល​ផង​ដែរ​ ។​

​ដូច្នេះ​ សំណួរ​ត្រូវ​ចោទសួរ​ថា​ មុខ​តំណែង​អគ្គនាយក​ TVK​ របស់​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ "​ទៅ​ហើយ​មក​វិញ​"​បែប​នេះ​ ក៏​ព្រោះតែ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ឬ​ក៏​ព្រោះតែ​ថ្នាក់ដឹកនាំ​មន្ត្រី​ បុគ្គលិក​ និយោជិត​ទូរទស្សន៍​ជាតិ​កម្ពុជា​ ឬ​ក៏​ព្រោះតែ​មូលហេតុ​អ្វី​ផ្សេង​ទៀត​ ?

​ទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​ធ្លាប់​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ផង​ដែរ​ថា​ មាន​ភាព​លម្អៀង​ច្រើន​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ប្រាសចាក​ពី​ឈ្មោះ​ជា​ទូរទស្សន៍​របស់​ជាតិ​កម្ពុជា​ទាំងមូល​ ។​

​ឯកឧត្តម​ កឹ​ម​ គុណ​វឌ្ឍន៍​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ (​ទ​ទក​)​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៤៧​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០០៩​ ។​ ឯក​ឧ​ត្ក​ម​រូប​នេះ​ក៏​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៥​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​ ដោយ​អនុក្រឹត្យ​រាជរដ្ឋាភិបាល​លេខ​៨៣៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១០​ ៕​

Kem-Gunvath-03


Source from: www.dtn7.com

No comments:

Post a Comment