ករណីបាត់ទោចក្រយានយន្តគ្មានការទទួលខុសត្រូវនៅផ្សារទំនើប AEON Mall គឺជាកំហុសរបស់អ្នកម៉ៅការចំណតបន្តពីផ្សារ AEON Mall

រយៈពេលអស់ចំនួន២ថ្ងៃកន្លងទៅនេះ អតិថិជនរបស់ផ្សារទំនើបជប៉ុនដែលទើបនឹងបើកដំណើរការនៅព្រះរាជាណាចក្រកម្ពុជាឈ្មោះ AEON Mall និងប្រិយមិត្តអ្នកលេង Facebook ភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងហេតុការណ៍ដ៏គួរឲ្យសោកស្តាយមួយ ដែលម្ចាស់ទោចក្រយានយន្តមួយគ្រឿងម៉ាក Clik ពាក់ស្លាកលេខភ្នំពេញ 1AK-5321 បានបាត់នៅចំណតផ្សារទំនើប AEON Mall កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បែរជាចំណតផ្ញើទោចក្រយានយន្តនៅផ្សារទំនើប AEON Mall គ្មានការទទួលខុសត្រូវទៅវិញ ។
ករណីបាត់ទោចក្រយានយន្តនៅចំណតផ្សារទំនើប AEON Mall នោះ ត្រូវបានម្ចាស់យានយន្តដែលបាត់ និងជាអ្នកលេង Facebook ម្នាក់ផង បាន Post នៅក្នុង Timeline របស់ខ្លួនមាន Account ឈ្មោះ DenDen BadBoy ដោយបានចោទប្រកាន់ថា ផ្សារទំនើបរបស់ជប៉ុនឈ្មោះ AEON Mall មិនមានការទទួលខុសត្រូវចំពោះការបាត់បង់ទោចក្រយានយន្តរបស់ខ្លួន ហើយក៏បានធ្វើឲ្យបណ្តាប្រិយមិត្តអ្នកលេង Facebook សម្តែងនូវការខកចិត្ត និងខឹងសម្បាទៅលើអ្នកគ្រប់គ្រងផ្សារទំនើប AEON Mall ផងដែរ ។
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤នេះ ម្ចាស់ទោចក្រយានយន្តដែលបាត់នៅចំណតផ្សារទំនើប AEON Mall នោះ បាន Post នូវការបកស្រាយក្នុង Timeline របស់ខ្លួនវិញថា តាមការពិតការបាត់យានយន្តនេះ គឺមិនមានការពាក់ព័ន្ធដល់ផ្សារទំនើប AEON Mall នោះទេ ពីព្រោះអ្នកគ្រប់គ្រងផ្សារ AEON Mall បានជួលចំណតផ្ញើទោចក្រយានយន្តទៅឲ្យអ្នកម៉ៅការបន្ត ។ ដូច្នេះ រាល់ហេតុការណ៍កើតឡើងទាក់ទងនឹងករណីនេះ គឺជាការទទួលខុសត្រូវរបស់អ្នកម៉ៅការដែលជួលចំណតបន្តពីផ្សារ AEON Mall ប៉ុណ្ណោះ ។
ជាមួយនឹងការបកស្រាយឡើងវិញរបស់ម្ចាស់ទោចក្រយានយន្តដែលបានបាត់នៅចំណតផ្សារទំនើប AEON Mall នោះ ម្ចាស់យានយន្តរូបនេះក៏បានធ្វើការសូមអភ័យទោសពីសំណាក់អ្នកគ្រប់គ្រងផ្សារ AEON Mall ចំពោះការភ័ន្តច្រឡំរបស់ខ្លួន និងបានសំណូមពរចំពោះប្រិយមិត្ត Facebook ទាំងអស់ឈប់ចែកចាយ និងជួយលុបព័ត៌មានដែលមិនល្អ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ផ្សារទំនើប AEON Mall ដែលខ្លួនធ្លាប់បានចែកចាយព័ត៌មានមានការភ័ន្តច្រឡំនោះ ចាប់ពីពេលនេះតទៅ ។
សូមបញ្ជាក់ជូនថា ក្នុងខ្លឹមសារសំបុត្រផ្ញើទោចក្រយានយន្តនៅចំណតផ្សារទំនើប AEON Mall បានបញ្ជាក់ចំនួន៣ចំណុច គឺ ៖ -ហួសរយៈពេល១ថ្ងៃចាត់ទុកជាអសារបង់, -សូមថែរក្សាយានយន្ត និងសម្ភារៈដោយខ្លួនឯង និង-ក្នុងករណីបាត់សំបុត្រ ត្រូវបង់ប្រាក់១០.០០០រៀល ។ ខ្លឹមសារសំបុត្រផ្ញើទោចក្រយានយន្តនៅចំណតផ្សារទំនើប AEON Mall ដែលយកតម្លៃរហូតដល់ទៅ១.០០០រៀលពីអតិថិជននេះ ត្រូវបានគេរិះគន់ថា គ្មានការទទួលខុសត្រូវ ដ្បិតឲ្យម្ចាស់យានយន្តថែរក្សាដោយខ្លួនឯង ។
ទោះយ៉ាងណាក៏ដោយ អតិថិជនរបស់ផ្សារទំនើប AEON Mall បានសំណូមពរឲ្យអ្នកគ្រប់គ្រងផ្សារទំនើបនេះមេត្តាធ្វើការពិចារណា និងមានវិធានការទៅលើអ្នកម៉ៅការចំណតដែលជួលបន្តពីផ្សារទំនើប AEON Mall នោះផង ។ លើសពីនេះ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏គួរតែពិចារណា និងមានវិធានការទៅលើអ្នកម៉ៅការចំណតដែលជួលបន្តពីផ្សារទំនើប AEON Mall នោះឲ្យមានលក្ខណៈសមស្រប និងពោរពេញទៅដោយការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជនផង ៕
Source from: www.dtn7.com