ករណី​បាត់​ទោចក្រយានយន្ត​គ្មាន​ការ​ទទួលខុសត្រូវ​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ គឺជា​កំហុស​របស់​អ្នកម៉ៅការ​ចំណត​បន្ត​ពី​ផ្សារ​ AEON​ Mall

ករណី​បាត់​ទោចក្រយានយន្ត​គ្មាន​ការ​ទទួលខុសត្រូវ​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ គឺជា​កំហុស​របស់​អ្នកម៉ៅការ​ចំណត​បន្ត​ពី​ផ្សារ​ AEON​ Mall

​រយៈពេល​អស់​ចំនួន​២​ថ្ងៃ​កន្លង​ទៅ​នេះ​ អតិថិជន​របស់​ផ្សារ​ទំនើប​ជប៉ុន​ដែល​ទើបនឹង​បើក​ដំណើរការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឈ្មោះ​ AEON​ Mall​ និង​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ​ ដែល​ម្ចាស់​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Clik​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AK-5321​ បាន​បាត់​នៅ​ចំណត​ផ្សារ​ទំនើប​ AEON​ Mall​ កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ បែរជា​ចំណត​ផ្ញើ​ទោចក្រយានយន្ត​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ គ្មាន​ការ​ទទួលខុសត្រូវ​ទៅ​វិញ​ ។​

​ករណី​បាត់​ទោចក្រយានយន្ត​នៅ​ចំណត​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ ត្រូវ​បាន​ម្ចាស់​យានយន្ត​ដែល​បាត់​ និង​ជា​អ្នកលេង​ Facebook​ ម្នាក់​ផង​ បាន​ Post​ នៅ​ក្នុង​ Timeline​ របស់​ខ្លួន​មាន​ Account​ ឈ្មោះ​ DenDen​ BadBoy​ ដោយ​បាន​ចោទប្រកាន់​ថា​ ផ្សារ​ទំនើប​របស់​ជប៉ុន​ឈ្មោះ​ AEON​ Mall​ មិន​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់​ទោចក្រយានយន្ត​របស់​ខ្លួន​ ហើយ​ក៏​បាន​​ធ្វើ​ឲ្យបណ្តាប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ សម្តែង​នូវ​ការ​ខកចិត្ត​ និង​ខឹងសម្បា​ទៅ​លើ​អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​ AEON​ Mall​ ផង​ដែរ​ ។​

​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ម្ចាស់​ទោចក្រយានយន្ត​ដែល​បាត់​នៅ​ចំណត​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ បាន​ Post​ នូវ​ការ​បកស្រាយ​ក្នុង​ Timeline​ របស់​ខ្លួន​វិញ​ថា​ តាម​ការ​ពិត​ការ​បាត់​យានយន្ត​នេះ​ គឺ​មិន​មានការ​ពាក់ព័ន្ធ​ដល់​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ទេ​ ពីព្រោះ​អ្នកគ្រប់គ្រង​ផ្សារ​ AEON​ Mall​ បាន​ជួល​ចំណត​ផ្ញើ​ទោចក្រយានយន្ត​ទៅ​ឲ្យ​អ្នកម៉ៅការ​បន្ត​ ។​ ដូច្នេះ​ រាល់​ហេតុការណ៍​កើតឡើង​ទាក់ទង​នឹង​ករណី​នេះ​ គឺជា​ការ​ទទួលខុសត្រូវ​របស់​អ្នកម៉ៅការ​ដែល​ជួល​ចំណត​បន្ត​ពី​ផ្សារ​ AEON​ Mall​ ប៉ុណ្ណោះ​ ។​

​ជាមួយនឹង​ការ​បកស្រាយ​ឡើង​វិញ​របស់​ម្ចាស់​ទោចក្រយានយន្ត​ដែល​បាន​បាត់​នៅ​ចំណត​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ ម្ចាស់​យានយន្ត​រូប​នេះ​ក៏​បាន​ធ្វើការ​សូម​អភ័យទោស​ពី​សំណាក់​អ្នកគ្រប់គ្រង​ផ្សារ​ AEON​ Mall​ ចំពោះ​ការ​ភ័ន្ត​ច្រឡំ​របស់​ខ្លួន​ និង​បាន​សំណូមពរ​ចំពោះ​ប្រិ​យ​មិត្ត​ Facebook​ ទាំងអស់​ឈប់​ចែកចាយ​ និង​ជួយ​លុប​ព័ត៌មាន​ដែល​មិនល្អ​ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ផ្សារ​ទំនើប​ AEON​ Mall​ ដែល​ខ្លួន​ធ្លាប់​បាន​ចែកចាយ​ព័ត៌មាន​មានការ​ភ័ន្ត​ច្រឡំ​នោះ​ ចាប់ពី​ពេល​នេះ​តទៅ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្នុង​ខ្លឹមសារ​សំបុត្រ​ផ្ញើ​ទោចក្រយានយន្ត​នៅ​ចំណត​ផ្សារ​ទំនើប​ AEON​ Mall​ បាន​បញ្ជាក់​ចំនួន​៣​ចំណុច​ គឺ​ ៖​ -​ហួស​រយៈពេល​១​ថ្ងៃ​ចាត់ទុកជា​អសារ​បង់​,​ -​សូម​ថែរក្សា​យានយន្ត​ និង​សម្ភារៈ​ដោយ​ខ្លួនឯង​ និង​-​ក្នុង​ករណី​បាត់​សំបុត្រ​ ត្រូវ​បង់ប្រាក់​១០.០០០​រៀល​ ។​ ខ្លឹមសារ​សំបុត្រ​ផ្ញើ​ទោចក្រយានយន្ត​នៅ​ចំណត​ផ្សារ​ទំនើប​ AEON​ Mall​ ដែល​យក​តម្លៃ​រហូត​ដល់​ទៅ​១.០០០​រៀល​ពី​អតិថិជន​នេះ​ ត្រូវ​បាន​គេ​រិះគន់​ថា​ គ្មាន​ការ​ទទួលខុសត្រូវ​ ដ្បិត​ឲ្យ​ម្ចាស់​យានយន្ត​ថែរក្សា​ដោយ​ខ្លួនឯង​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ អតិថិជន​របស់​ផ្សារ​ទំនើប​ AEON​ Mall​ បាន​សំណូមពរ​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​នេះ​មេត្តា​ធ្វើការ​ពិចារណា​ និង​មាន​វិធានការ​ទៅ​លើ​អ្នកម៉ៅការ​ចំណត​ដែល​ជួល​បន្ត​ពី​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ផង​ ។​ លើស​ពី​នេះ​ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ក៏​គួរតែ​ពិចារណា​ និង​មាន​វិធានការ​ទៅ​លើ​អ្នកម៉ៅការ​ចំណត​ដែល​ជួល​បន្ត​ពី​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ឲ្យ​មាន​លក្ខណៈ​សម​ស្រប​ និង​ពោរពេញ​ទៅ​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អតិថិជន​ផង​ ៕​

AEON-Mall-23 AEON-Mall-4 AEON-Mall


Source from: www.dtn7.com

No comments:

Post a Comment