កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ឯកឧត្តម​ ជីវ​ កេង​ ក្លាយជា​ចៅក្រម​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ ?

កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ឯកឧត្តម​ ជីវ​ កេង​ ក្លាយជា​ចៅក្រម​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ ?

​កាល​នៅ​បម្រើ​ការងារ​ជា​ចៅក្រម​តុលាការ​កំពូល​ លោក​ ជីវ​ កេង​ មិន​ទាន់​ល្បីឈ្មោះ​នៅឡើយ​ទេ​ ។​ លុះ​មក​ដល់​ចុងឆ្នាំ​២០០៥​ លោក​ចៅក្រម​ ជីវ​ កេង​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​អតីត​តុលាការក្រុង​ភ្នំពេញ​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤១៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៥​ គឺ​លោក​ចៅក្រម​ ជីវ​ កេង​ ចាប់ផ្តើម​មានឱកាស​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ក្នុង​នាម​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ក៏​មិន​ទាន់​មាន​អំណាច​ខ្លាំង​នៅឡើយ​ដែរ​ និង​ម្យ៉ាង​មិន​ទាន់​មាន​ងារ​ត្រូវ​គេ​ហៅ​ថា​ "​ឯកឧត្តម​"​ ថែម​ទៀត​ផង​ ។​

​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រយៈពេល​ជិត​២​ឆ្នាំ​ លោក​ចៅក្រម​ ជីវ​ កេង​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ (​ក្រោម​រូបភាព​ចាត់តាំង​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៤០​ ចុះ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០០៧​ ប៉ុន្តែ​លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ "​លោក​ចៅក្រម​"​នៅឡើយ​ មិន​ទាន់​ត្រូវ​បាន​គេ​ហៅ​ថា​"​ឯកឧត្តម​"​ទេ​ គ្រាន់តែ​ចាប់ផ្តើម​មាន​អំណាច​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ហើយ​ ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ទោះបី​ឋិត​ក្រោម​រូបភាព​"​ចាត់តាំង​"​ក៏​ដោយ​ ។​

​ក្រោយមក​ លោក​ចៅក្រម​ ជីវ​ កេង​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤០៨/៣៧១​ ចុះ​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០០៨​ ពោល​គឺ​លោក​ចៅក្រម​ ជីវ​ កេង​ គេ​ចាប់ផ្តើម​ហៅ​ថា​ "​ឯកឧត្តម​"​ ហើយ​ ក្នុង​នាម​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ។​ តំណែង​ជាទី​ប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​របស់​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ត្រូវ​បាន​តែងតាំង​សា​ជា​ថ្មី​ទៀត​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៧១​ ចុះ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០០៩​ ។​

​តម​ក​ទៀត​ ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១០​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ហៅ​កាត់​ថា​ "​អ​.​ក​.​វ​"​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ ។​

​ការ​ទទួល​បាន​មុខ​តំណែង​ចំនួន​២​ចុង​ក្រោយ​នេះ​ (​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​ប្រធាន​ អ​.​ក​.​វ​)​ គឺ​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ក្តោប​ក្តាប់​បាន​នូវ​អំណាច​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​សឹងតែ​ចៅក្រម​រូប​ណា​ក៏​ដោយ​ ក៏​ត្រូវ​ញញើត​នឹង​អំណាច​របស់​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ដែរ​ ។​

​បច្ចុប្បន្ន​ ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ បន្ទាប់​ពី​កាន់កាប់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​តែងតាំង​តំណែង​ថ្មី​ជា​អនុប្រធាន​តុលាការ​កំពូល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ខណៈ​ដែល​តួនាទី​ និង​តំណែង​ដ៏​សំខាន់ៗ​មួយ​ចំនួន​ទៀត​របស់​ឯកឧត្តម​រូប​នេះ​ ដូច​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​រយៈពេល​ជិត​៧​ឆ្នាំ​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​…​នៅ​តែ​រក្សា​តាម​ជាប់​ខ្លួន​ដដែល​ ។​

​ដូច្នេះ​ កត្តា​ដែល​ធ្វើ​ឲ្យ​ឯកឧត្តម​ ជីវ​ កេង​ ក្លាយជា​ចៅក្រម​មានទ្រព្យ​សម្បត្តិ​មហាសាល​ និង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​នោះ​ គឺ​ ៖

​ក​/​ជាទី​ប្រឹក្សា​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ទើបត្រូវ​បាន​គេ​ហៅ​ថា​ "​ឯកឧត្តម​"​ តាំងពី​នៅ​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​ម្ល៉េះ​ ។​ លើស​ពី​នេះ​ ទំនងជា​សម្អាង​ថា​ខ្លួន​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ទើប​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ នា​ពេល​កន្លង​មក​បាន​ជិះ​រថយន្ត​ទំនើប​ម៉ាក​ Range​ Rover​ ពាក់​ស្លាក​លេខ​ រដ្ឋ​០៥.២-៩៥៩៥​ ជា​ប្រភេទ​យានយន្ត​សម្រាប់​ប្រើប្រាស់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​យ៉ាង​ហ៊ឺហា​ ភ្លេច​គិត​ខ្លួនឯង​ជា​ចៅក្រម​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ។​

​ខ​/​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ជា​ប្រធាន​ អ​.​ក​.​វ​ មាន​សិទ្ធិ​ពេញទី​ក្នុង​ការ​ត្រួតពិនិត្យ​តាមដាន​ និង​ដាក់​វិន័យ​ទៅ​លើ​បណ្តា​ចៅក្រម​ទាំងឡាយ​ក្នុង​ស្ថាប័ន​តុលាការ​ ។​

​គ​/​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ជា​ចៅក្រម​ជម្រះក្តី​ផង​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ រឹងរឹតតែ​ធ្វើ​ឲ្យ​បណ្តា​ចៅក្រម​ទាំងឡាយ​ក្នុង​ស្ថាប័ន​តុលាការ​ខ្លបខ្លាច​អំណាច​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ថែម​ទៀត​ ដ្បិត​ឯកឧត្តម​ចៅក្រម​រូប​នេះ​បាន​ពាក់អាវ​ក្នុង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​អាច​ចាត់ការ​ទៅ​លើ​ចៅក្រម​ណា​ដែល​មិន​ដង្ហែ​ខ្លួន​បាន​ ។​

​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ អាយុ​៦៣​ឆ្នាំ​ ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ (CUP)​ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​ និង​ទំនងជា​លែង​ឲ្យ​ចូល​និវត្តន៍​តែ​ម្តង​ចំនួន​២​ដង​រួច​មក​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ ឯកឧត្តម​ចៅក្រម​ បណ្ឌិត​(​ខាប់​)​ ជីវ​ កេង​ បាន​កាន់កាប់​មុខ​តំណែង​ និង​តួនាទី​ ភារកិច្ច​ ដ៏​ច្រើន​សំពីងសំពោង​ដូច​ខាងក្រោម​ ៖

១-​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤១៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៥)​ មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ មិន​ដែល​ផ្លាស់​ប្តូរ​ប៉ុស្តិ៍​ម្តងណា​សោះ​ ។​

២-​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្រោម​រូបភាព​ចាត់តាំង​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៤០​ ចុះ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០០៧)​ មាន​រយៈពេល​ជិត​៧​ឆ្នាំ​មក​ហើយ​ ។​

៣-​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ (​តែងតាំង​សា​ជា​ថ្មី​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៧១​ ចុះ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០០៩)​ ។​

៤-​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១០)​ ។​

៥-​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៦៩​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០០៩)​ ។​

៦-​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ (​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​៩១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០០៩)​ ។​

៧-​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ (​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២)​ ។​

៨-​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​៨៤៨​ (​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១២)​ ។​

​យោង​តាម​របាយការណ៍​លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ ដឹង​ឮ​ដោយ​មេទាហាន​ជា​ច្រើន​នាក់​ដែល​បាន​ធ្វើ​របាយការណ៍​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​រំលេច​ឲ្យ​ឃើញ​ដែរ​ថា​ ជន​ណា​ដែល​ស្និទ្ធស្នាល​ជាមួយ​ឯកឧត្តម​ ជីវ​ កេង​ គឺ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ ហើយ​បើ​មានរឿង​ក្តីក្តាំ​ប្តឹងផ្តល់​គ្នា​ នឹង​មិន​បរាជ័យ​ឡើយ​ ៕​

Chiv-Keng51 Chiv-Keng67Car-(5Chiv-Keng


Source from: www.dtn7.com

No comments:

Post a Comment