ភាគីម្ខាងក្នុងរឿងក្តីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅភូមិក្រសាំងរលើង សង្កាត់-ក្រុង-ខេត្តសៀមរាបស្នើសុំតុលាការចេញដីការក្សាការពារ

ដីធ្លីមួយកន្លែងទំហំ១៧២.៤៩០ម៉ែត្រក្រឡា ឋិតនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានធ្លាក់ក្នុងស្ថានភាពមានទំនាស់រ៉ាំរ៉ៃរវាងប្រជាជនចំនួន៧គ្រួសារ និង៩គ្រួសារ ចាប់តាំងពីអំឡុងឆ្នាំ២០០២-២០០៣មកម្ល៉េះ ដែលក្រុមប្រជាជន៩គ្រួសារមានឯកសារបញ្ជាក់អំពីការកាន់កាប់ប្រើប្រាស់ដីទំនាស់ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន (បង្កាន់ដៃទទួលពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី) រីឯប្រជាជន៧គ្រួសារវិញគ្មានឯកសារបញ្ជាក់អំពីការកាន់កាប់ប្រើប្រាស់ដីធ្លីឡើយ ។ ប៉ុន្តែតាមការបំផុសបំផុលរបស់មេខ្យល់ ធ្វើឲ្យក្រុមប្រជាជន៧គ្រួសារក៏បានបែងភាគក្លាយជា១១១គ្រួសារ ដើម្បីប្តឹងយកប្រៀបឈ្មះទៅលើភាគីប្រជាជន៩គ្រួសារតាមវិធីដណ្តើមចូលកាន់កាប់ដីជាមុន ដាក់ពាក្យបណ្តឹងជាក្រោយ ។
ខណៈដែលគណៈកម្មការសុរិយោដីខេត្តសៀមរាប កំពុងដោះស្រាយទំនាស់ដីធ្លីនេះតាមស្មារតីលិខិតលេខ១១៩៩សជណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រីមិនទាន់បានចប់សព្វគ្រប់នោះ ស្រាប់តែលេចចេញក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច(ហៅកាត់ក្រសួងអធិការកិច្ច) ដោះស្រាយជាសមត្ថកិច្ចទៅវិញ(របាយការណ៍របស់ក្រុមប្រតិភូអធិការកិច្ចចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៦) ។ តមក ដោយយោងតាមរបាយការណ៍ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៦ របស់លោកជំទាវ ម៉ែន សំអន អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងទទួលបានចំណារឯកភាពយល់ព្រមចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៦ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី នាំឲ្យរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាជន១១១គ្រួសារបានកាន់កាប់ស្របច្បាប់ តាមស្មារតីលិខិតលេខ១០៤៥សជណ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ចំណុចដែលគួរឲ្យកត់សម្គាល់ក្នុងសំណុំរឿងទំនាស់ដីធ្លីនេះ គឺនៅត្រង់ថា នៅមុនពេលរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាជន១១១គ្រួសារនោះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦ លោក យូ សិរីវុឌ្ឍ (បច្ចុប្បន្នគេស្គាល់ថាជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៩៧០៣ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ធ្លាប់កាន់កាប់មុខតំណែងជាជំនួយការបុរសខ្លាំងនាអាណត្តិទី៤ ជានាយករងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាមនុស្សស្និទ្ធនឹងលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាកូនប្រុសបុរសខ្លាំង) បានចុះកិច្ចសន្យាទិញដីទំនាស់ពីក្រុមប្រជាជន១១១គ្រួសារ (មានតំណាងចំនួន៦នាក់) ក្នុងតម្លៃ២០ម៉ឺនដុល្លារអាមេរិករួចបាត់ទៅហើយ ។
ទោះបីប្រជាជន១១១គ្រួសារបានចុះកិច្ចសន្យាលក់ដីទំនាស់ឲ្យទៅឈ្មោះ យូ សិរីវុឌ្ឍ ក៏ដោយ ក៏ការពិតជាក់ស្តែងក្រុមប្រជាជន១១១គ្រួសារនេះ តាមរយៈតំណាងរបស់ខ្លួនបានលក់ដីទំនាស់ឲ្យទៅក្រុមគ្រួសារ"ត្រកូលសេង" រួមមានឈ្មោះ សេង ចាយ, សេង ញ៉ក់ និងឈ្មោះ សេង លាង (ឈ្មោះ សេង ញ៉ក់ និងឈ្មោះ សេង លាង ត្រូវជាកូនរបស់ឈ្មោះ សេង ចាយ ហើយឈ្មោះ សេង ញ៉ក់ បានក្លាយជាកូនប្រសាប្រុសរបស់ឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន LYP Group) ដោយអ្នកទិញទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៧១០០៩០៥-០៥៤០, លេខ១៧១០០៩០៥-០៥៤១ និងលេខ១៧១០០៩០៥-០៥៤២ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ។ មានន័យថា ឈ្មោះ យូ សិរីវុឌ្ឍ និងគូកន គឺជា"ឈ្មួញកណ្តាល" បានចំណេញប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដ្បិតចុះកិច្ចសន្យាទិញដីទំនាស់ពីប្រជាជនក្នុងតម្លៃតែ២០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែជាក់ស្តែងយកដីដដែលលក់ឲ្យទៅក្រុមគ្រួសារត្រកូលសេង បានទឹកប្រាក់ខ្ទង់លានដុល្លារ ។
សំណុំរឿងទំនាស់ដីធ្លីខាងលើមិនទាន់ចប់នៅឡើយទេ គឺកំពុងឋិតនៅក្នុងសមត្ថកិច្ចរបស់ស្ថាប័នតុលាការសាលាដំបូងខេត្តសៀមរាប (សំណុំរឿងរដ្ឋប្បវេណីលេខ០១ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៩)ផង និងឋិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផង ។
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ក្រុមប្រជាជន៩គ្រួសារជាដើមចោទ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ស្នើសុំឲ្យតុលាការចេញដីកាសម្រេចរក្សាការពារហាមឃាត់ក្រុមគ្រួសារ(ត្រកូលសេង)ជាសហចុងចម្លើយមិនឲ្យលក់ ដូរ ផ្ទេរសិទ្ធិ ជួល បញ្ចាំ ធ្វើអំណោយឲ្យអ្នកដទៃ និងឈូសឆាយ សាងសង់សំណង់ការ្យផ្សេងៗលើទីតាំងដីទំនាស់ជាបណ្តោះអាសន្ន រង់ចាំសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់សម្រេចលើបណ្តឹងអង្គសេចក្តីបានចប់សព្វគ្រប់ជាស្ថាពរ បង្កើតបានជាសំណុំរឿងរក្សាការពារលេខ៤២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តសៀមរាប ដែលមានលោក ចែ សុង ជាចៅក្រមទទួលបន្ទុក ។
បច្ចុប្បន្ន សាលាដំបូងខេត្តសៀមរាបកំពុងដំណើរការនីតិវិធីដោះស្រាយលើពាក្យបណ្តឹងសុំដីកាសម្រេចរក្សាការពាររបស់តំណាងក្រុមប្រជាជន៩គ្រួសារនោះហើយ ប៉ុន្តែគេមិនទាន់អាចដឹងបានថា តើលោកចៅក្រម ចែ សុង ហ៊ានប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនចេញដីកាសម្រេចរក្សាការពារលើទីតាំងដីទំនាស់ ពាក់ព័ន្ធនឹងមនុស្សមានប្រាក់ និងមានអំណាច ឬយ៉ាងណានោះទេ ដ្បិតលោកមេធាវី ហែម វុន អត្តលេខ១៩៩ ជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមគ្រួសារ"ត្រកូលសេង"បានជំទាស់ក្នុងរឿងនេះ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យបានលើកឡើងថា ក្នុងសំណុំរឿងទំនាស់ដីធ្លីដើម្បីធានាផលប្រយោជន៍ច្បាប់ និងការពារដល់ផលប្រយោជន៍ស្របច្បាប់របស់គូភាគីក្នុងរឿងក្តីដែលមិនមានការប៉ះពាល់ដល់សំណុំរឿងអង្គសេចក្តីនោះ គឺតុលាការអាចចេញដីកាសម្រេចរក្សាការពារបណ្តោះអាសន្នបាន ៕
Source from: www.dtn7.com
No comments:
Post a Comment