បាញ់ប្លន់បីករណីក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញត្រឹមរយៈពេល៣០នាទី

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់ក្រុមចោរ ដែលបានបាញ់ប្លន់យកទោចក្រយានយន្តចំនួន៣ករណី ក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឹមរយៈពេលតែ៣០នាទីប៉ុណ្ណោះ ខណៈស្ទួនគ្នាទៅនឹងដំណើរការចាក់ភ្នាល់បាល់ទាត់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៤ (World Cup 2014) នៅប្រទេសប្រេស៊ីលយ៉ាងគគ្រឹកគគ្រេង ទោះបីមិនមានរូបភាពស្របច្បាប់ក៏ដោយ ។ សកម្មភាពប្លន់ប្រដាប់អាវុធដ៏គួរឲ្យចាប់អារម្មណ៍នោះ រួមមាន ៖
ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលព្រឹកនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចមហាវិថីព្រះមុនីរ៉េត កែងវិថីលេខ៣១៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយក្រុមចោរបានបាញ់ចំនួន៣គ្រាប់ប្លន់យកទោចក្រយានយន្តម៉ាក Honda Dream C125 អស់១គ្រឿង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមមិត្តភក្តិជនរងគ្រោះចំនួន៦នាក់ជិះទោចក្រយានយន្តចំនួន២គ្រឿង ក្នុងនោះមានម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១១ ពណ៌ព្រីងទុំ គ្មានពាក់ស្លាកលេខ១គ្រឿង និងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ១គ្រឿង ទើបតែចេញពីដាក់បញ្ចាំទូរស័ព្ទដៃនៅម្តុំកៅដាយ ធ្វើដំណើរតាមវិថីលេខ៣១៨ ឆ្ពោះមកមហាវិថីព្រះមុនីរ៉េត ។ ពេលមកដល់ចំណុចកើតហេតុ ទោចក្រយានយន្តស៊េរីឆ្នាំ២០១១ បានជិះជែងទៅមុន ស្រាប់តែជួបនឹងក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន៣នាក់ជិះទោចក្រយានយន្តចំនួន២គ្រឿង ម៉ាក Honda Dream C125 មួយគ្រឿង និងម៉ាក FZ មួយគ្រឿងទៀត ជិះដេញតាមរហូតដល់ស្តុបអាងទឹកអូឡាំពិក ក្រុមចោរបានបាញ់មួយគ្រាប់ ប្លន់យកទោចក្រយានយន្ត១គ្រឿងបានសម្រេច ដោយគ្មានអ្នករងរបួសទេ ។ បន្ទាប់មក ក្រុមមិត្តភក្តិជនរងគ្រោះដែលជិះទោចក្រយានយន្តតាមក្រោយដោយជួបហេតុការណ៍បែបនេះ ក៏ជិះបត់ត្រឡប់ថយក្រោយវិញ ត្រូវក្រុមចោរប្លន់បាញ់ចំនួន២គ្រាប់ទៀតជាការគំរាម រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ករណីទី២ ៖ កើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រ ឈានចូលព្រឹកនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចវិថីលេខ៣១០ ទល់មុខសាលារៀនចិនទួនហ្វា ក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយក្រុមចោរបានបាញ់ចំនួន២គ្រាប់ ប្លន់ទោចក្រយានយន្តមិនបានសម្រេច តែបានយកកាបូបលុយ ទូរស័ព្ទដៃ និងខ្សៃដៃ១ខ្សែ ។
ជនរងគ្រោះក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ មានឈ្មោះ ស្រីនី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជានារីទទួលភ្ញៀវ(អូតេស)នៅហាងខារ៉ាអូខេទីក្រុងមាស ។ មុនពេលកើតហេតុ ពេលចេញពីធ្វើការ នាងបានជូនមិត្តភក្តិស្រី២នាក់ត្រឡប់ទៅផ្ទះនៅអូរឫស្សី ដោយជិះទោចក្រយានយន្តមួយគ្រឿងម៉ាក Wave Alfa ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1I-5948 ធ្វើដំណើរតាមវិថីលេខ៣១០ ពីកើតទៅលិច ។ លុះមកដល់ស្តុបវិថីលេខ៣១០ កែងវិថីលេខ១៦៣ បានបត់ស្តាំឆ្ពោះតាមវិថីលេខ១៦៣ ក៏ត្រូវបានជនប្រដាប់អាវុធចំនួន៣នាក់ ជិះទោចក្រយានយន្ត២គ្រឿង ម៉ាក Scoopy មួយគ្រឿង និងម៉ាក SUZUKI NEX មួយគ្រឿងទៀតដេញតាមកៀរ ធ្វើឲ្យក្រុមនារីរងគ្រោះភ័យស្លន់ស្លោជិះរត់គេចរហូតដល់សាលារៀនចិនទួនហ្វា ទៅប៉ះនឹងទោចក្រយានយន្តរបស់សន្តិសុខមួយគ្រឿងធ្វើឲ្យដួល ត្រូវជនប្រដាប់អាវុធដកកាំភ្លើងភ្ជង់គំរាមប្លន់យកកាបូបលុយ និងខ្សៃដៃមួយគ្រឿង តែមិនបានយកទោចក្រយានយន្តទេ ដ្បិតក្នុងសភាពប្រថុចញ៉ុចពេក ខណៈភ្លាមៗនោះ សន្តិសុខបានស្រែកថាចោរៗ ក៏ត្រូវក្រុមប្រដាប់អាវុធជិះចេញទៅបាញ់ចំនួន២គ្រាប់ តែមិនមានអ្នករងរបួសទេ បានត្រឹមឲ្យនារីរងគ្រោះស្រែកទ្រហ៊ោយំ ។
ករណីទី៣ ៖ កើតឡើងនៅវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ចូលព្រឹកនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចមហាវិថីម៉ៅសេទុង មុខហាងលក់ផ្កាផល្លាហូម ឋិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយក្រុមចោរបានដេញកាប់ប្លន់យកទោចក្រយានយន្តមួយគ្រឿងម៉ាក Honda Dream C125 ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះបានជិះទោចក្រយានយន្តចំនួន៣គ្រឿង ក្នុងគោលបំណងទៅដាក់បញ្ចាំទូរស័ព្ទដៃនៅម្តុំកៅដាយ ដោយក្នុងនោះជនរងគ្រោះម្នាក់បានជិះទោចក្រយានយន្តមួយគ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១២ ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជួបក្រុមចោរមានគ្នាច្រើនជាងក្រុមជនរងគ្រោះ ប្រដាប់ដោយដាវគ្រប់ដៃ និងមានកាំភ្លើងផង បានជិះដេញតាមកាប់ប្លន់យកទោចក្រយានយន្ត តែដោយជនរងគ្រោះភ័យពេក ក៏ផ្តួលទោចក្រយានយន្តចោលនៅមុខហាងលក់ផ្កាផល្លាហូមរត់គេចខ្លួន ហើយក្រុមចោរបានលើកយកទោចក្រយានយន្តនោះទៅបាត់ ។
ខណៈនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកដែលកំពុងល្បាតបានប្រទះឃើញ និងដេញចាប់បានបក្ខពួកជនសង្ស័យចំនួន២នាក់ ជិះទោចក្រយានយន្តម៉ាក Honda Dream C125 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BV-1035 មួយគ្រឿង យកមកសាកសួរ រួមជាមួយជនរងគ្រោះផង ។
សូមប្រិយមិត្តអ្នកអានសាកល្បងពិចារណាឆ្លើយទៅមើល តើករណីប្លន់ប្រដាប់អាវុធទាំងអស់នេះអាចមានការពាក់ព័ន្ធនឹងល្បែងចាក់ភ្នាល់បាល់ទាត់ និងល្បែងផ្សេងៗទៀតដែរឬទេ ? ៕
Source from: www.dtn7.com