នាយឧត្តមសេនីយ៍ អ៊ី ឈាន ចាកចេញមិនផុតពីខេត្តប៉ៃលិន គឺចប់ពីចៅហ្វាយខេត្ត មកជាប់ជាប្រធានក្រុមប្រឹក្សាខេត្ត

បន្ទាប់ពីបានដឹងថា ខ្លួនត្រូវដល់អាយុដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈនៃមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ខាងមុខ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/២១១ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នោះ ទើបឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៧៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ។ ទោះបីឯកឧត្តម អ៊ី ឈាន ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃពិតមែនក៏ដោយ ក៏ប៉ុន្តែឯកឧត្តមរូបនេះមិនមកអង្គុយនៅស្ងៀមអានកាសែតនោះទេ គឺបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្តប៉ៃលិន សម្រាប់អាណត្តិទី២យ៉ាងហំហាន ។
ទីបំផុត ឯកឧត្តម អ៊ី ឈាន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនអាណត្តិទី២ និងត្រូវបានប្រកាសទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៦៦០ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ។ មានន័យថា ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ថ្វីដ្បិតមិនបានធ្វើជាចៅហ្វាយខេត្តក៏ពិតមែន ក៏បានធ្វើជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យមើលការងាររបស់គណៈអភិបាលខេត្តប៉ៃលិនដែរ ពោលគឺឯកឧត្តមអតីតនិរសាមេដឹកនាំរបបខ្មែរក្រហមរូបនេះ ចាកចេញមិនផុតពីទឹកដីខេត្តប៉ៃលិន ដែលជាឈ្នាន់អំណាចរបស់ខ្លួនឡើយ ដោយចប់ពីចៅហ្វាយខេត្ត មកជាប់ជាប្រធានក្រុមប្រឹក្សាខេត្ត ។
មជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនបានលើកឡើងថា ថ្វីដ្បិតឯកឧត្តម កើត សុធា បានធ្វើជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនជំនួសឯកឧត្តម អ៊ី ឈាន ហើយឯកឧត្តម អ៊ី ឈាន បានធ្វើជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនក៏ដោយ ប៉ុន្តែឯកឧត្តម កើត សុធា ជាអតីតកូនចៅរបស់ឯកឧត្តម អ៊ី ឈាន ។ ដូច្នេះ អំណាចរបស់ឯកឧត្តម កើត សុធា "ហក់មិនរួច" នឹងអំណាចរបស់ឯកឧត្តម អ៊ី ឈាន នៅក្នុងទឹកដីខេត្តប៉ៃលិនឡើយ ។ ម្យ៉ាងទៀត ភរិយារបស់ឯកឧត្តម អ៊ី ឈាន គឺលោកជំទាវ បាន ស្រីមុំ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនផង ជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិនផង និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឯកជនឈ្មោះ Victoria.Y.Inc ស្រាប់ផងនោះ គឺគ្រួសាររបស់ឯកឧត្តម អ៊ី ឈាន នៅតែរក្សាបានខ្សែក្រវាត់អំណាចស្តេចត្រាញ់ក្នុងអាណាចក្រខេត្តប៉ៃលិនដដែល ទាំងក្នុងស្ថាប័នរដ្ឋ(វិស័យសាធារណៈ) ទាំងស្ថាប័នឯកជន(ក្រុមហ៊ុនរកស៊ីរបស់គ្រួសារនេះគ្មាននរណាហ៊ានប៉ះពាល់ទេ តែអាចប៉ះពាល់គាបសង្កត់លើក្រុមហ៊ុនដទៃបាន) ។
ឯកឧត្តម អ៊ី ឈាន ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៣៨០៤ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/១១៨៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩ ៕
Source from: www.dtn7.com