នាយ​ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ ចាកចេញ​មិន​ផុត​ពី​ខេត្ត​ប៉ៃលិន​ គឺ​ចប់​ពី​ចៅហ្វាយខេត្ត​ មក​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​

នាយ​ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ ចាកចេញ​មិន​ផុត​ពី​ខេត្ត​ប៉ៃលិន​ គឺ​ចប់​ពី​ចៅហ្វាយខេត្ត​ មក​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​

​បន្ទាប់​ពី​បានដឹង​ថា​ ខ្លួន​ត្រូវ​ដល់​អាយុ​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​នៃ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៤​ខាង​មុខ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/២១១​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នោះ​ ទើប​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៧៤​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​ ទោះបី​ឯកឧត្តម​ អ៊ី​ ឈាន​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ពិតមែន​ក៏​ដោយ​ ក៏​ប៉ុន្តែ​ឯកឧត្តម​រូប​នេះ​មិន​មក​អង្គុយ​នៅ​ស្ងៀម​អាន​កាសែត​នោះ​ទេ​ គឺ​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ សម្រាប់​អាណត្តិ​ទី​២​យ៉ាង​ហំ​ហាន​ ។​

​ទីបំផុត​ ឯកឧត្តម​ អ៊ី​ ឈាន​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​អាណត្តិ​ទី​២​ និង​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៦៦០​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​ មាន​ន័យ​ថា​ ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ ថ្វី​ដ្បិត​មិន​បាន​ធ្វើ​ជា​ចៅហ្វាយខេត្ត​ក៏​ពិតមែន​ ក៏​បាន​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ ដើម្បី​ត្រួតពិនិត្យ​មើល​ការងារ​របស់​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ដែរ​ ពោល​គឺ​ឯកឧត្តម​អតីត​និ​រ​សា​មេដឹកនាំ​របប​ខ្មែរក្រហម​រូប​នេះ​ ចាកចេញ​មិន​ផុត​ពី​ទឹកដី​ខេត្ត​ប៉ៃលិន​ ដែល​ជា​ឈ្នាន់​អំណាច​របស់​ខ្លួន​ឡើយ​ ដោយ​ចប់​ពី​ចៅហ្វាយខេត្ត​ មក​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ។​

​មជ្ឈដ្ឋាន​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​ឯកឧត្តម​ កើត​ សុធា​ បាន​ធ្វើ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ជំនួស​ឯកឧត្តម​ អ៊ី​ ឈាន​ ហើយ​ឯកឧត្តម​ អ៊ី​ ឈាន​ បាន​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ក៏​ដោយ​ ប៉ុន្តែ​ឯកឧត្តម​ កើត​ សុធា​ ជា​អតីត​កូនចៅ​របស់​ឯកឧត្តម​ អ៊ី​ ឈាន​ ។​ ដូច្នេះ​ អំណាច​របស់​ឯកឧត្តម​ កើត​ សុធា​ "​ហក់​មិន​រួច​"​ នឹង​អំណាច​របស់​ឯកឧត្តម​ អ៊ី​ ឈាន​ នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​ឡើយ​ ។​ ម្យ៉ាងទៀត​ ភរិយា​របស់​ឯកឧត្តម​ អ៊ី​ ឈាន​ គឺ​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ផង​ ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​ផង​ និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ Victoria.Y.Inc​ ស្រាប់​ផង​នោះ​ គឺ​គ្រួសារ​របស់​ឯកឧត្តម​ អ៊ី​ ឈាន​ នៅ​តែ​រក្សា​បាន​ខ្សែក្រវាត់​អំណាច​ស្តេចត្រាញ់​ក្នុង​អាណាចក្រ​ខេត្ត​ប៉ៃលិន​ដដែល​ ទាំង​ក្នុង​ស្ថាប័នរដ្ឋ​(​វិស័យ​សាធារណៈ​)​ ទាំង​ស្ថាប័នឯកជន​(​ក្រុមហ៊ុន​រកស៊ី​របស់​គ្រួសារ​នេះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​ តែ​អាច​ប៉ះពាល់​គាបសង្កត់​លើ​ក្រុមហ៊ុន​ដទៃ​បាន​)​ ។​

​ឯកឧត្តម​ អ៊ី​ ឈាន​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៨០៤​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/១១៨៦​ ចុះ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០០៩​ ៕​

Y-Chhean-vs-Wife Y-Chhean-088


Source from: www.dtn7.com

No comments:

Post a Comment